en     km
en     km

អត្តពលិកនារីអន្ដរជាតិជាង២៧០នាក់រត់ប្រណាំងនៅខេត្តសៀមរាបដើម្បីពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យកីឡា

Share

ខេត្តសៀមរាប៖ អត្ដពលិកប្រមាណ២៧០នាក់ សុទ្ធសឹងតែជាស្ដ្រីមកពីប្រទេសដែលនិយាយភាសាបារាំង បានចូលរួមក្នុងព្រឹត្តិកាណ៍រត់ប្រណាំនៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។

កីឡាការិនីអន្ដរជាតិទាំងនោះ បានរត់ប្រកួតប្រជែងតាមពាក្យស្លោកថា ការរត់ឆ្លងកាត់ឧបសគ្គ ដែលមានគោលដៅសំខាន់ ដើម្បីបង្ហាញពីភាពអំណត់អត់ធ្មត់ ការខិតខំប្រឹងប្រែង និងឆន្ទៈដ៏អស្ចារ្យរបស់ស្ត្រី។ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងឆ្លងកាត់ ឧបសគ្គនេះ ជាប្រភេទកីឡាដ៏មានប្រជាប្រិយភាពមួយរបស់ពិភពលោក ក្នុងគោលដៅពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីក្នុងវិស័យកីឡា និងបានបង្ហាញពីភាពក្លាហាន ការតស៊ូអត់ធ្មត់របស់អត្តពលិកនារី។

អភិបាលរងខេត្តរូបនេះ បញ្ជាក់បន្ថែមថា ការប្រកួតកីឡារបស់អត្តពលិកនារី គឺជាសកម្មភាពមួយដែលបានជួយផ្សព្វផ្សាយលើកកម្ពស់ និងគាំទ្រស្ត្រីឱ្យពួកគាត់កាន់តែរឹងមាំ និងហ៊ានបញ្ចេញពីសមត្ថភាព ភាពក្លាហានដែលខ្លួនមានដូចជាបុរសដែរ។ យ៉ាងណា សម្រាប់កម្ពុជា ព្រឹត្តិការណ៍កីឡារត់ប្រណាំងរបស់អត្តពលិកនារីនេះ ក៏បានចូលរួមលើកស្ទួយ និងឆ្លុះបញ្ចាំងពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ប្រពៃណីនិងផ្សព្វផ្សាយពីសក្តានុពលគៅលដៅទេសចរណ៍របស់កម្ពុជា ជាពិសេសខេត្តសៀមរាបដែលមានប្រាង្គប្រាសាទក្បូរក្បាច់ទៅកាន់ពិភពលោកផងដែរ។

កីឡាការិនីដែលចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងនេះ ត្រូវធ្វើសកម្មភាពប្រកួតប្រជែងលើវិញ្ញាសាមួយចំនួនដូចជា ការសិក្សាស្រាវជ្រាវ ការអនុវត្តផ្ទាល់លើវិញ្ញាសាផ្សេងៗអំពីដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តខ្មែរ ដែលបុព្វបុរសបានបន្សល់ទុកដល់សព្វថ្ងៃ និងសកម្មភាពសប្បុរសធម៌នានា។ នេះបើតាមការបញ្ជាក់ពីក្រសួងទេសចរណ៍។ ក្រសួងអះអាងថា លើសពីការប្រើប្រាស់រាងកាយ និងការផ្សងព្រេង ព្រឹត្តិការណ៍រត់ប្រណាំងរបស់ស្ដ្រីអត្តពលិក ក៏បានដើរតួជាអ្នកបំផុសគំនិតដល់ស្ត្រីទូទាំងពិភពលោក ឱ្យមើលឃើញថា កីឡា និងការផ្សងព្រេងបានឆ្លងផុតព្រំដែនយេនឌ័រ ហើយរាល់ឧបសគ្គដែលបានឆ្លងកាត់គឺជាការបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍផ្ទាល់ខ្លួន។

គួរជម្រាបថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងដែលមានអត្តពលិកជានារីនេះ គឺជាការរៀបចំឡើងលើកទី៤ ហើយ ខណៈការរៀបចំដំបូងតាំងពីឆ្នាំ២០០១។ ព្រឹត្តិការណ៍នេះដែលបង្កើតឡើងដោយ ក្រុមហ៊ុនZBO និងក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា៕

Share

Image
Image
Image