en     km
en     km

ពលរដ្ឋបឹងតាមោក ដង្ហែញត្តិថ្វាយព្រះមហាក្សត្រ សុំព្រះរាជអន្តរាគមន៍

Share

ពលរដ្ឋបឹងតាមោក ដង្ហែញត្តិថ្វាយព្រះមហាក្សត្រ នៅថ្ងៃទី១៨ មីនា ២០២៤ (ប្រភពពីអង្គការមាតាធម្មជាតិ)

ក្រុមប្រជាសហគមន៍បឹងតាមោក ដែលភាគច្រើនជាស្ត្រី និងកុមារ តំណាងឱ្យពលរដ្ឋ១១២គ្រួសារ នៅតំបន់បឹងតាមោក បានដង្ហែញត្តិដាក់ថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ឱ្យពួកគេអាចបន្តរស់នៅលើផ្ទះ និងដីដែលគេធ្លាប់អាស្រ័យផល។ ការដាក់ញត្តិថ្វាយព្រះមហាក្សត្រនេះ បន្ទាប់ពីពួកគេសុំអន្តរាគមន៍ពីស្ថាប័នរដ្ឋជាច្រើន តែមិនទទួលបានលទ្ធផល។

 

បន្ទាប់ពីការតស៊ូមតិ និងតវ៉ាសុំអន្តរាគមន៍ពីស្ថាប័នរដ្ឋជាច្រើនអស់រយៈពេល៥ឆ្នាំមិនទទួលបានលទ្ធផលប្រសើរ នៅពេលាម៉ោង ២:០០នាទី រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមប្រជាសហគមន៍សំរោងត្បូងដែលរស់នៅក្បែរ និងអាស្រ័យផលលើផ្ទៃបឹងតាមោក បានបន្តដង្ហែញត្តិ ថ្វាយព្រះមហាក្សត្រនៅមុខព្រះបរមរាជរាំង ដើម្បីស្នើសុំ ព្រះរាជអន្តរាគមន៍ រកដំណោះស្រាយលើបញ្ហារបស់ពួកគេដែលតវ៉ារ៉ាំរ៉ៃ អស់រយៈពេលជាច្រើនឆ្នាំ។​

ក្នុងការដង្ហែញត្តិនេះ ក្រុមប្រជាសហគមន៍ ដែលភាគច្រើនជាស្ត្រី និងកុមារ មានគ្នាប្រមាណ៥០នាក់ ខ្លះកាន់ឧគ្ឃោសនសព្ទខ្លះកាន់ព្រះឆាយាល័ក្ខណ៍ (រូបថត) សម្តេចព្រះមហាក្សត្រិយ នរោត្តម មុនិនាថ សីហនុ និងព្រះមហាក្សត្រ បានស្រែកតាមដងផ្លូវបន្ទរតាមគ្នាថា៖

«បឹងតាមោកជាផ្ទះខ្ញុំ។ បឹងតាមោកជាជីវិតខ្ញុំ។ សូមគោរពសិទ្ធិពួកយើង។ សូមផ្ដល់ដីឱ្យយើងវិញ។ ផ្ដល់ផ្ទះឱ្យយើងវិញ។ បញ្ឈប់ការអភិវឌ្ឍ នៅលើទឹកដីរបស់រដ្ឋ ពួកយើងត្រូវការយុត្តិធម៌។ ពួកយើងត្រូវការដំណោះស្រាយ។ ផ្ដល់ដំណោះស្រាយឱ្យពួកយើង។ ពួកយើងត្រូវការសិទ្ធិ។ សិទ្ធិខ្ញុំ សហគមន៍ខ្ញុំ (ខ្ញុំត្រូវការ)លំនៅដ្ឋានសមរម្យ។ កុំដេញពួកខ្ញុំចេញអី»

រដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ឱ្យទៅក្រុមហ៊ុន និងបុគ្គលឯកជន។ ចំណែកសហគមន៍សំរោងត្បូងនឹងអាចត្រូវបណ្តេញចេញពីលំនៅឋានទាំងបង្ខំ។ បញ្ហានេះហើយដែលរុញច្រានឱ្យមានការតវ៉ា។ ករណីក្ដីក្តាំរ៉ាំរ៉ៃនៃប្រជាសហគមន៍បឹងតាមោកនេះ ក្រុមសង្គមស៊ីវិលដែលរួមមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានចំនួន ៣៨ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយដោយសម្ដែងការព្រួយបារម្ភចំពោះសន្តិសុខ និងសុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង។

ទិដ្ឋភាពពលរដ្ឋបឹងតាមោកតវ៉ា ជាមួយអាជ្ញាធរខណ្ឌព្រែកព្នៅ ឆ្នាំ២០២៣

សង្គមស៊ីវិលទាំងនោះ ចាត់ទុកថា ការបណ្តេញពលរដ្ឋដោយបង្ខំ និងការកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនទៅឱ្យក្រុមហ៊ុន និងបុគ្គលឯកជន ជាការអនុវត្តស្តង់ដាពីរខុសគ្នាដែលបង្កើតចេញជាអំពើអយុត្តិធម៌សង្គម។ ក្រុម​សង្គមស៊ីវិលយល់ថា ការធ្វើបែបនេះនាំឱ្យសហគមន៍មានការឈឺចាប់ បាត់បង់មុខរបរ សេដ្ឋកិច្ចធ្លាក់ចុះ ជំពាក់បំណុល ធ្វើចំណាកស្រុក ឬ ព្រាត់ប្រាសគ្រួសារជាដើម។

ចាប់តាំងពីឆ្នាំ២០១៩ សហគមន៍បានស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថាប័នជាតិនានាដូចជា សា​លា​សង្កាត់សំរោងត្បូង សាលាខណ្ឌព្រែកព្នៅ សាលារាជធានីភ្នំពេញ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ព្រឹទ្ធ​សភា ឬក្រសួងរៀបចំដែនដីជាដើម។ ប៉ុន្តែហាក់ដូចជាគ្មានដំណោះស្រាយ និងបានអូសបន្លាយពេលកាន់តែយូរ។

ក្នុងញត្តិដាក់ថ្វាយព្រះមហាក្សត្រនៅថ្ងៃទី១៨ ខែមីនានេះ ក្រុមប្រជាសហគមន៍បឹងតាមោក បានរៀបរាប់ថា ពួកគេបានស្វែងរកអន្តរាគមន៍​ គ្រប់ស្ថាប័នអស់ហើយ ប៉ុន្តែមិនមានស្ថាប័នណាមួយមានឆន្ទៈដោះស្រាយឱ្យប្រជានុរាស្ត្រសោះឡើយ។ ហេតុនេះ ពួកគេអះអាងថា គ្មានជម្រើសអ្វីក្រៅពីទូលថ្វាយព្រះករុណា ព្រះមហាក្សត្រ ឱ្យជួយអន្តរាគមន៍ ដើម្បីឱ្យពួកគេអាចរស់នៅលើទឹកដីរបស់ខ្លួនឡើយ។

ស្ត្រីវ័យប្រហែល៧០ឆ្នាំម្នាក់ ក្នុងសម្លៀកបំពាក់ខោខ្មៅ អាវផ្កា និងមានពាក់ពួកបង់កក្រមា ដែលបានចូលរួមដង្ហែញត្តិនៅមុខព្រះបរមរាជវាំងនេះ បានលើកឡើងថា៖

«នៅសល់តែព្រះមហាក្សត្រមួយហ្នឹងទៀតទេ។ ខ្ញុំចង់សុំគាត់ ឱ្យគាត់អាណិតៗ ដល់ប្រជាជនខ្មែរ រស់នៅលើទឹកដីខ្មែរមិនបាន។ ខ្ញុំចង់ឱ្យគាត់(អនុញ្ញាត)ឱ្យពួកយើងរស់នៅឱ្យមានសិទ្ធិគ្រប់គ្រាន់។ ទឹកដីខ្លួនឯងរស់នៅមិនបានតើអ្នកណាមិនឈឺចាប់? ស្រឡាញ់ណាស់ស្ដេចព្រះមហាក្សត្រ ហើយគាត់តែងនិយាយថា ដីកន្លែងហ្នឹងគឺគាត់ផ្ដល់ឱ្យកូនចៅរស់នៅ គាត់អត់ឱ្យទៅណាទេ នៅកន្លែងបឹងតាមោកហ្នឹង។ ដល់ឥលូវគេមករំលោភបំពាន។ រំលោភបំពានចង់បណ្ដេញពួកខ្ញុំចេញ ពួកខ្ញុំត្រូវតែតស៊ូៗ ដល់ជីវិតចុងក្រោយ អត់ចេញទៅណាទេ។»

ទោះយ៉ាងណា ការដាក់ញត្តិរបស់ប្រជាសហគមន៍បឹងតាមោកនេះ មិនត្រូវបានមន្ត្រីព្រះបរមរាជវាំងទទួលឡើយ។ អ្នកស្រី សឿន ស្រីសុទ្ធ តំណាងសហគមន៍សំរោងត្បូងបឹងតាមោក បានប្រាប់វិទ្យុស្ត្រីក្នុងពេលដាក់ញត្តិនៅព្រះបរមរាជវាំងនេះថា៖

«ឥលូវពួកគាត់អត់ទទួលញត្តិពួកខ្ញុំទេ ថាព្រះមហាក្សត្រអត់មានសិទ្ធិដោះស្រាយ ដីធ្លីពួកខ្ញុំទេ តែពួកខាងខណ្ឌតេ(ទូរសព្ទ)មកកាក់ហើយ ពួកអាជ្ញាធរខណ្ឌព្រែកព្នៅបានតេមកកាក់ហើយ។»

ជុំវិញវិវាទប្រជាសហគមន៍បឹងតាងមោកនេះ តាំងពីឆ្នាំ២០២១ ដល់២០២៣ មានសមាជិកចំនួន ១៨នាក់ កំពុងរងបណ្តឹងពីតុលាការ ក្រោមបទចោទប្រើអំពើហិង្សាដោយចេតនា និង​ប្រឆាំងមន្រ្តីរាជការសាធារណៈដែលអាចទទួលទោសធ្ងន់។ ក្នុងឆ្នាំ២០២៣មានសមាជិ​ក​ម្នាក់បានរត់គេចខ្លួន ព្រោះព្រួយបារម្ភពីបញ្ហាសុវត្ថិភាពដោយសារតែបានចេញមុខការពារដីធ្លីផ្ទះសម្បែង និងសិទិ្ធលំនៅឋានរបស់ពួកគេ។ ក្រៅពីសម្តែងការព្រួយបារម្ភ ក្រុមអង្គការសង្គមស៊ីវិលខាងលើបានអំពាវនាវឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងលើប្រជាសហគមន៍សំរោងត្បូង និងស្នើឱ្យផ្ដល់ការកាន់កាប់ដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋដែលរស់នៅទីនោះ និងស្នើសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់លើអ្នកតំណាងសហគមន៍ទាំង ១៨នាក់ផងដែរ៕

Share

Image
Image
Image