en     km
en     km

ក្រសួង​បរិស្ថាន​ឱ្យ​អាជ្ញាធរ​ឈប់ពាក់ព័ន្ធ សកម្មភាព​រុករាន​ដី​ក្នុង​តំបន់​ការពារ​ធ្វើ​កម្មសិទ្ធិ

Share

សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់

ក្រសួង​បរិស្ថានបានណែនាំ ​ឱ្យសមត្ថកិច្ច​ពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់ ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ការណែនាំបែបនេះធ្វើឡើងក្រោយពី សកម្មភាព ឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ កំពុងកើតមាន។ ជុំវិញចំណាត់ការនេះត្រូវបានសកម្មជនបរិស្ថាន រម្លឹកថា បើរឹតបន្តឹងតែអ្នកតូច​ រួចកាត់ដីចែកអ្នកធំដដែល​ៗ​ គឺវាគ្មានន័យនោះទេ។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្នុងរយៈពេលចុងក្រោយនេះ មានសកម្មភាពកាប់គាស់ រុករាន ឆ្ការដុត ឬការឈូសឆាយដីព្រៃក្នុងតំបន់ការពារធម្មជាតិធ្វើជាកម្មសិទ្ធិ បំពាននឹងបទប្បញ្ញត្តិច្បាប់ជាធរមាន និងបន្ត បានប្រើប្រាស់ដីដែលកំពុងស្ថិតក្នុងដំណើរការនីតិវិធីរបស់ស្ថាប័នតុលាការ។ ​នេះបើតាមសេចក្ដី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន ចុះ​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ២០២៤ ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត។

ដើម្បីបន្តពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រងដីរដ្ឋ និងធនធានព្រៃឈើនៅតាមតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធបញ្ឈប់ជាបន្ទាន់​រាល់​ការ​ចុះហត្ថលេខា​លើ​ឯកសារ​ស្នើសុំ​កាន់កាប់ប្រើប្រាស់ដីធ្លី លិខិតទិញលក់ លិខិតផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន បានណែនាំ បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬ រុករាន ឬ ឆ្ការដុត ឬ ឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិថា គឺជាបទល្មើសធនធានធម្មជាតិ ដែលនឹងត្រូវផ្តន្ទាទោសតាមបទប្បញ្ញត្តិច្បាប់ជាធរមាន។ ចំណែកសមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស។

សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់

ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​អំពើ​កាប់​គាស់ ឬ​ឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​ធ្វើ​កម្មសិទ្ធិ ត្រូវ​ផ្ដន្ទាទោស​តាម​បទប្បញ្ញត្តិ​ច្បាប់។ ចំណែក​បុគ្គល​ដែល​រំលោភ​យក​ដី​តំបន់​ការពារ​ធម្មជាតិ ត្រូវ​ប្រគល់​ដី​ដែល​ខ្លួន​បាន​កាន់កាប់​ទាំងនោះ ទៅ​កាន់​សមត្ថកិច្ច ឬ​ក្រសួង​បរិស្ថានវិញ ដោយ​ស្ម័គ្រចិត្ត និង​ឥត​លក្ខខណ្ឌ។

ការបង្ហាញចំណាត់ការបែបនេះ ពីក្រសួងបរិស្ថានធ្វើឡើងស្របពេល សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់ ចំនួន១០ក្រុម ដែលមានកម្លាំងសរុប៧៨៩នាក់ បានចុះអន្តរគមន៍ ឃ្លុំដីទំហំចំនួនជិត៤ពាន់ ហិកតា និងបានឃុំខ្លួនពលរដ្ឋ១នាក់ ដែលចាត់ទុកជាជនសង្ស័យ ទៅសាលាដំបូងខេត្តពោធិ៍សាត់ និងបានអប់រំមនុស្សមួយចំនួនថែមទៀត។ ប្រតិបត្តិការចុះបង្ក្រាបដោយមានទាំងកងកម្លាំងអាវុធហត្ថនេះ ធ្វើឡើង ចាប់ពីថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៤។

លោក សាន់ ម៉ាឡា សកម្មជនបរិស្ថាន តែងលើឡើងថា ការកាប់បំផ្លាញព្រៃឈើកើតមានឡើងដោយសារមន្រ្ដីពាក់ពន្ធ័ និងរដ្ឋាភិបាលខ្វះឆន្ទៈក្នុងការការពារព្រៃឈើ។ ជុំវិញចំណាត់ការគ្រប់គ្រងដីរដ្ឋខាងលើរបស់ក្រសួងបរិស្ថាននេះ ត្រូវបានលោក ម៉ាឡា យល់ថា៖ « ខ្ញុំសង្ឃឹមថាការរឹត(បន្ដឹង)អ្នកតូចនេះហើយ​ ក៏នឹងលែងមានការកាត់(ដី)ចែកអ្នកធំដែរ។ បើរឹត(បន្ដឹង)តែអ្នកតូច​ រួចកាត់ចែកអ្នកធំដដែល​ៗ​ គឺវាគ្មានន័យនោះទេ។»

សមត្ថកិច្ចចម្រុះបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តពោធិ៍សាត់

​បណ្ដាញ​សហគមន៍​ព្រៃឡង់ ចេញ​ផ្សាយ ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផេក​ផ្លូវការ​របស់ខ្លួន​កន្លងមក​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​បន្ត​រក​ឃើញ​បទល្មើស​ខុស​ច្បាប់ ដោយ​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ចំនួន ៣​ទីតាំង ដូចជា​នៅ​ចំណុច​អូរអាស្រង់ ទំហំ ១៥​ហិកតា នៅ​ចំណុច​ភ្នំ​ចំបក់ក្អែក​ខាងជើង​អូរគោល ទំហំ ៥​ហិកតា និង​ចំណុច​ជ្រាប់ព្រាល ទំហំ ១៥​ហិកតា៕

Share

Image
Image
Image