en     km
en     km

ការស្ទង់មតិ៖ សេរីភាពមូលដ្ឋានថ្នាក់ដឹកនាំនៃអង្គការសង្គមស៊ីវិល និងសហជីព មានភាពប្រសើរជាងមុន

Share

ភ្នំពេញ៖ ការស្ទង់មតិដែលចេញដោយអង្គការសិទ្ធិមនុស្សចំនួន៣ បង្ហាញថាក្នុងរយៈពេល ៨ឆ្នាំ ដោយរាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ បង្ហាញថា ក្នុងឆ្នាំ២០២៣ សេរីភាពមូលដ្ឋានដែលថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពទទួលបានមានលក្ខណៈល្អប្រសើរជាងឆ្នាំកន្លងៗទៅ។

(រូបភាពតំណាងសហជីព) សកម្មភាពបញ្ចេញសេរីភាពរបស់កម្មករ កម្មការនីរោងចក្រ Y&W ក្នុងការទាមទារដំណោះស្រាយ។ 

របាយការណ៍នៃការស្ទង់មតិដែលរៀបចំឡើងដោយក្រុមអង្គការ ធ្វើការលើវិស័យសិទ្ធិមនុស្សចំនួន៣រួមមាន មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) សមាគមសិទ្ធិមនុស្ស​អាដហុក និង SOLIDARITY CENTER បង្ហាញឱ្យឃើញថា ការអភិវឌ្ឍវិជ្ជមាននៃសិទ្ធិសេរីភាពមូលដ្ឋានមកដល់ឆ្នាំ២០២៣ ដោយគិតតាំងពីឆ្នាំ២០១៦ មានការអភិវឌ្ឍវិជ្ជមាន។ វិជ្ជមានព្រោះថា ការឆ្លើយតបរបស់ថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពថា ក្នុង​ឆ្នាំ២​០២៣ ការ​តាម​ឃ្លាំមើលដ៏រឹតដ្បិត​របស់​រដ្ឋាភិបាលថយ​ចុះ​ចំនួន ៦​ភាគរយ ពោលពី៦៤​ភាគរយ​ក្នុង​ឆ្នាំ​២០២២ មក​នៅ​៥៨​ភាគរយ​ក្នុង​ឆ្នាំ​២០២៣។

ខ្លឹមសារនៃរបាយការណ៍ឱ្យដឹងបន្ថែមថា ទន្ទឹមនឹងការឃ្លាំមើលពីសំណាក់រដ្ឋាភិបាលទៅលើសង្គមស៊ីវិលធ្លាក់ចុះ ក្នុង​នោះបណ្តាអ្នកដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព ​១៥០​នាក់ មើលឃើញថាខ្លួនត្រូវបាន​រដ្ឋាភិបាល​ទទួលស្គាល់ជាដៃគូរអភិវឌ្ឍន៍ស្របច្បាប់មានការកើនឡើងក្នុងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំកន្លង។

បើក្រឡេកទៅមើលការភ័យខ្លាចពីសុវត្ថិភាពក្នុងការបញញចេញទស្សនៈតាមរយៈប្រព័ន្ធផ្សព្វផ្សាយវិញក៏ផ្តល់នូវលទ្ធផលវិជ្ជមានផងដែរ ពោលមានលក្ខណៈប្រសើរឡើងនៅឆ្នាំ២០២៣ដូចគ្នា។ ចំណុចនេះបង្កឱ្យអ្នកចងក្រងរបាយការណ៍សម្តែងការភ្ញាក់ផ្អើល ខណៈដែលខ្លួនឃើញថា ​អារម្មណ៍ដែលថ្នាក់​ដឹកនាំ​អង្គការ​សង្គមស៊ីវិល និង​សហជីព​មិន​មាន​សុវត្ថិភាព​ក្នុង​ការ​បញ្ចេញ​មតិយោបល់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយនោះមានការថយចុះ ១៦ភាគរយ។ ​នេះជាភាគរយតិចបំផុត​ចាប់​តាំង​ពីការ​ចាប់​ផ្ដើម​កត់​ត្រារ​បស់​គម្រោង​ក្នុង​ឆ្នាំ​២០១៦មក។

បើទោះបីជាការស្ទង់មតិទាំងនេះរកឃើញនូវភាពវិជ្ជមាននូវចំណុចមួយចំនួនបែបនេះក្តី ក៏ប៉ុន្តែគេនៅតែមើលឃើញថាមានភាពអវិជ្ជមានដែលនៅតែបន្តកើតមាន ហើយទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមផងដែរ។​ក្នុងនោះពាក់ព័ន្ធទៅនឹងសិទ្ធិមួយចំនួនដែលសង្គមស៊ីវិលគួរត្រូវបានលើកទឹកចិត្តឱ្យមានវត្តមាន ដោយតម្រូវឱ្យមានការ​ជជែក​ពិភាក្សា​ តែពួកគេបែរជាគ្មានវត្តមានចូលរួមទៅវិញ។ ជាក់ស្តែងអង្គការ​សង្គម​ស៊ីវិល​នៅ​តែត្រូវ​បាន​ផាត់​ចេញ​ពី​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​ការតាក់​តែង​ច្បាប់ការ​ធ្វើវិសោធនកម្មច្បាប់​បោះឆ្នោត​ដែល​បាន​អនុម័ត​ក្នុងខែ​កក្កដា ​ឆ្នាំ២០២៣ ដោយគ្មាន​ការ​ពិភាក្សា៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង