en     km
en     km

សហព័ន្ធខ្មែរក្រោមប្រកាសធ្វើបាតុកម្មពិភលោកទាមទារឱ្យអាជ្ញាធរវៀតណាមដោះលែងសកម្មជនខ្មែរក្រោម

Share

សកម្មភាពរបស់សហព័ន្ធខ្មែរក្រោមធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក។ រូបភាព៖ @Voice of Khmer Krom 

ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​​ក្រោម​នឹង​ធ្វើ​បាតុកម្ម​ជុំវិញ​ពិភពលោកលើកទី២ ក្នុងគោលបំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​ វៀត​ណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន ៤​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ។ សកម្មជនខ្មែរក្រោមទាំង៤រូបដែលសហព័ន្ធខ្មែរក្រោមទទូចឱ្យមានការដោះលែងនោះរួមមាន លោក ​ យ័ញ មិញក្វាង លោកស្រី​ ឌិញ ធី វិន លោក ថាច់ កឿង និងលោក តោ ហ្វាង ថឿង។

ដើមហេតុដែលបង្កឱ្យកើតមានមហាបាតុកម្មលើកទី២ ក្រោយតុលាការប្រទេសវៀតណាមកាត់ទោសឱ្យសកម្មជនដែលតែងតែសម្តែងសកម្មភាពពាក់ព័ន្ធនឹងតស៊ូទាមទារ ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិសេរីភាព​របស់ពល​រដ្ឋ ចំនួន៤រូបនេះ ឱ្យជាប់ពន្ធធនាគារ។

លើសពីនេះ ព្រះអង្គ​ វេន រតនា យឿង សមាជិកសហព័ន្ធខ្មែរក្រោមនៅសហរដ្ឋអាមេរិក ឱ្យដឹងបន្ថែមគោលបំណងចម្បងមួយទៀតនោះគឺ ដើម្បីជំរុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរក្រោម ក្នុងការទាមទារសិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង ក្នុងនាមខ្មែរក្រោមជាម្ចាស់ស្រុកជនជាតិដើម ។

បាតុកម្មនេះសហព័ន្ធខ្មែរក្រោមនឹងបង្កើតឡើងជាបន្តបន្ទាប់តាមបណ្តាប្រទេសសេរីដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ។ ក្នុងនោះសហព័ន្ធខ្មែរកម្ពុជាក្រោមចេញសេចក្តីប្រកាសដោយភ្ជាប់ជាមួយលិខិតអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះផងដែរនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដែលនឹងប្រព្រឹត្តិទៅនៅមុខស្ថានអគ្គកុងស៊ុលវៀត​ណាមប្រចាំទីក្រុង San Francisco សហរដ្ឋអាមេរិក។

ពាក់ព័ន្ធករណីនេះ លោក ស៊ឺន ជុំជួន អគ្គលេខាធិការ សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ឱ្យដឹងថាថ្មីៗនេះមានពលរដ្ឋខ្មែរក្រោមដែលរស់នៅក្រៅប្រទេសបានសម្រេចធ្វើបាតុកម្មពិភពលោកលើកទី២នេះនៅមុខបណ្តាស្ថានទូត ឬកុងស៊ុលនៅប្រទេសមួយចំនួនរួចខ្លះៗហើយដែរ។ ដោយឡែកលោកថា ចំពោះប្រទេសកម្ពុជាពលរដ្ឋខ្មែរក្រោមមិនទាន់មានផែនការក្នុងការបង្កើតឱ្យមានព្រឹត្តិការណ៍នេះឡើយ។

«សម្រាប់នៅកម្ពុជាយើងអត់មានផែនការនៅឡើយទេទាក់ទងទៅនឹងការធ្វើបាតុកម្ម យើងគ្រាន់តែធ្វើការអន្តរាគមន៍ទៅតាមបណ្តាញទូតនានាដែលពាក់ព័ន្ធទៅនឹងវៀតណាមហា៎ណាស់ ហ្នឹងហើយអ៊ីចឹងផែនការនៃការធ្វើបាតុកម្មគឺយើងនៅមិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ។»

យ៉ាងមិញជុំវិញបាតុកម្មពិភពលោកនេះ នៅកំឡុងឆ្នាំ២០២៣ សហព័ន្ធខ្មែរក្រោមបានបង្កើតឡើងរួចម្តងដែរ។ ករណីជំរុញឱ្យពលរដ្ឋខែ្មរក្រោមបង្កើតបាតុកម្មពិភពលោកលើកទី១នៅឆ្នាំ២០២៣នោះ ក្រោមហេតុផលស្រដៀងគ្នាដូចទៅនឹងបាតុកម្មពិភពលោកលើកទី២នេះដែរ ដោយកាល​ពី​ថ្ងៃទី​៣១ កក្កដា ឆ្នាំ២០២៣ សកម្មជនខ្មែរក្រោម៩នាក់ត្រូវបានអាជ្ញាធរ​វៀតណាម​គំរាមកំហែង និងឃាត់ខ្លួន ​ ក្រោម​បទ​ចោទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ បំពាន​លើ​ផលប្រយោជន៍​របស់​រដ្ឋ និង​សិទ្ធិ​សេរីភាព​ស្របច្បាប់ នៃ​អង្គការ​ចាត់តាំង និង​បុគ្គល​របស់​ប្រទេស​វៀតណាម»៕

Share

ព័ត៌មានទាក់ទង

Image