ក្នុងទំនាក់ទំនងជាមួយកម្ពុជា, ប្រទេសជប៉ុនបានផ្ដល់ថវិកា១៥៤លានដុល្លា សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ស្របពេលសង្គមកម្ពុជានៅតែបន្ដរិះគន់លើវិស័យសុខាភិបាលក្នុងស្រុកថាមានភាពអន់ថយផ្នែកក្រមសីលធម៌របស់គ្រូពេទ្យ កង្វះឧបរករណ៍បច្ចេកទេសទំនើបជាដើម។អ្នកតាមដានការអភិវឌ្ឍន៍សង្គមយល់ថា ការកែលម្អវិស័យសុខាភិបាលមិនត្រឹមតែកសាងអគារមន្ទីរពេទ្យនោះទេ តែត្រូវពង្រឹងជំនាញទន់គ្រូពេទ្យផងដែរ។
លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖
នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ជប៉ុនបានផ្ដល់ថវិកាប្រាក់យ៉េន ក្នុងទំហំទឹកប្រាក់ ២១.១០៤លានយ៉េន ឬស្មើ១៥៤លានដុល្លា ដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ការផ្ដល់ថវិការនេះ ត្រូវបានក្រសួងការបរទេសបញ្ជាក់ថា ជាការប្ដេជ្ញាចិត្តរបស់ជប៉ុនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកាលពីឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ”។
នៅថ្ងៃទី១៣ ខែមីនា ដែរសម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងក្នុងជំនួបជាមួយលោក កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនថា ក្នុងរយៈពេល៦ខែដែលសម្ដេចកាន់តំណែងជានាយករដ្ឋមន្ដ្រី កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលរួមគ្នាជាច្រើន មានការសម្ពោធផ្លូវជាតិលេខ៥ ការសម្ពោធស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការជំរុញវិនិយោគពីប្រទេសជប៉ុនមកកម្ពុជាជាដើម។
យ៉ាងណាវិស័យសុខាភិបាលកម្ពុជានៅតែរងការរិះគន់ពីប្រជាពលរដ្ឋដដែល ថាមិនទាន់មានភាពល្អប្រសើរនៅឡើយ។ ប្រជាពលរដ្ឋខ្លះដែលមានជីវភាពប្រសើរបានចេញទៅព្យាបាលនៅក្រៅប្រទេស ដោយសំអាងថា ពេទ្យក្នុងស្រុកមានភាពអន់ថយផ្នែកសីលធម៌ កង្វះឧបរករណ៍បច្ចេកទេសទំនើប សមត្ថភាពគ្រូពេទ្យនៅមានកម្រិត និងតម្រូវឱ្យបង់លុយមុនព្យាបាលជាដើម។
បែបនេះក្ដីក្នុងថ្ងៃដដែល ពេលចុះទៅសម្ពោធមន្ទីរពេទ្យថ្មី “តេជោសែនកោះធំ” ក្នុងស្រុកកោះធំ ខេត្តកណ្ដាល សម្ដេច ហ៊ុន ម៉ាណែត បានតបនឹងការរិះគន់នេះ ដោយជំរុញឱ្យក្រសួងសុខាភិបាលពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ និងបំពាក់ឧបករណ៍បរិក្ខារទំនើបតាមមន្ទីរពេទ្យ ដើម្បីធានាមិនឱ្យប្រជាពលរដ្ឋចេញទៅព្យាបាលនៅក្រៅប្រទេស។
សម្ដេចបានលើកឡើងថា កាលពីគ្រូពេទ្យកូរ៉េមកព្យាបាលភ្នែកដល់ប្រជាពលរដ្ឋកម្ពុជា នៅមន្ទីរពេទ្យអង្គឌួង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងនោះបានសរសើរសមត្ថភាពគ្រូពេទ្យខ្មែរ ថាមានជំនាញ មានទឹកដៃល្អ តែកង្វះឧបករណ៍ទំនើប ឬមានដែរតែមិនមែនជាផលិតផលទំនើបចុងក្រោយ។
សម្ដេចបានអះអាងដែរថា អ្នកទៅព្យាបាលនៅក្រៅស្រុកមានចំនួនតិចជាងអ្នកព្យាបាលនៅមន្ទីរពេទ្យក្នុងស្រុក តែការដែលចេញទៅព្យាបាលនៅក្រៅប្រទេសគឺជាជម្រើសរបស់ប្រជាពលរដ្ឋ។
លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានលើកឡើងថា ការជួយរបស់ម្ចាស់ជំនួយជារឿងសំខាន់ តែយើងក៏ត្រូវជួយខ្លួនឯងដែរ ដោយពង្រឹងសមត្ថភាព ក្រមសីលធម៌ក្រុមគ្រូពេទ្យ និងយកបញ្ហាការព្យាបាលជាអាទិភាពចម្បងមុនយកបញ្ហាលុយជារឿងសំខាន់។ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាពរូបនេះបន្ដថា ប្រមុខដឹកនាំ មន្ដ្រីរដ្ឋាភិបាលក៏គួរទៅព្យាបាលនៅពេទ្យរដ្ឋឱ្យបានញឹកញាប់ដែរ ក្នុងតាមដាន និងផ្ដល់យោបល់ ដើម្បីកែលកម្អវិស័យសុខាភិបាល។
លោក យ៉ង គឹមអេង សម្លឹងឃើញថាបើកែលម្អវិស័យសុខាភិបាលលើចំណុចខាងលើបាន នោះនឹងនាំឱ្យវិស័យសុខាភិបាលកម្ពុជាដើរបានលឿនមិនចាញ់ប្រទេសជិតខាងទេ តែផ្ទុយមកវិញ បើមិនកែលម្អចំណុចទាំងនេះទេ វិស័យសុខាភិបាលនៅតែដាច់ឆ្ងាយពីប្រទេសក្នុងតំបន់ដដែល៕