លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ រូបភាព៖ ហេសប៊ុកលោក គីម រិទ្ធី។
ភ្នំពេញ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចេញមុខសន្យាចំពោះមុខពលរដ្ឋរាប់រយនាក់ថារដ្ឋបាលខេត្តនឹងធ្វើប្លង់រឹងជូនពលរដ្ឋទាំងនោះ ដោយការកាត់ឆ្វៀលដីជាង ១ពាន់ហិកតា ជូនប្រជាពលរដ្ឋ១៤៣គ្រួសារ ដែលរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ជាតំបន់ដែលជាប់ទៅនឹងទីតាំងក្រុមហ៊ុន សីលា ដាម៉ិច។
ថ្មីៗនេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារចេញមុខសន្យាចំពោះមុខប្រជាពលរដ្ឋថានឹងឆ្វៀលដីជាង១ពាន់ហិកតា និងធ្វើប្លង់រឹងជូនពលរដ្ឋជាង១៥០គ្រួសារដែលរស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ជាប់ទីតាំងក្រុមហ៊ុន សីលា ដាម៉ិច ជម្លោះដីធ្លីដ៏រុំារ៉ៃ។ ការលើកឡើងបែបនេះ បន្ទាប់ពីផ្ទុះការភ្ញាក់ផ្អើលពីសំណាក់មហាជនពាក់ព័ន្ធនឹងវិវាទដីធ្លីដែលអាជ្ញាធរ រួមទាំងរដ្ឋបាលព្រៃឈើខេត្តព្រះវិហារចុះបង្គ្រាប ដោយមានការចាប់ខ្លួន និងបណ្តេញពលរដ្ឋចេញពីតំបន់ដីសម្បទានសេដ្ឋកិច្ចដែលស្ថិតនៅ ឃុំស្រយ៉ង់ និងឃុំភូមិត្បែងពីរ ស្រុកគូលែន ក្រោមហេតុផលពលរដ្ឋចូលទន្ទ្រានដីរដ្ឋខុសច្បាប់។
ដោយបារម្ភខ្លាចពលរដ្ឋដែលមិនទាន់មានប្លង់រឹងសម្រាប់ដីធ្លីដែលពលរដ្ឋកំពុងអាស្រ័យផលនៅក្បែរតំបន់មានជម្លោះមានបញ្ហា បានជំរុញឱ្យអភិបាលខេត្តព្រះវិហារគិតគូរធ្វើប្លង់ចំពោះពលរដ្ឋអាស្រ័យផលដីធ្លីស្របច្បាប់។
«ផ្ទះ និងដីលំនៅឋាន ដីចម្ការ ប្រហែលជា១ពាន់ហិកតា អ៊ីចឹងខ្ញុំសូមដាក់បទបញ្ជាឱ្យប្រធានមន្ទីរៀបចំក្រុមការងារ ដីធ្វើប្លង់ដីវាស់ជូនប្រជាជន១ពាន់ហិកតាហ្នឹងតែម្តងបាទ។»
បើទោះជាបែបនេះក្តី អភិបាលខេត្តព្រះវិហាររូបនេះអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យបញ្ឈប់សកម្មភាពទន្ទ្រានដីធ្លីខុសច្បាប់ ហើយងាកត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ។លើសពីនេះចំពោះពលរដ្ឋនៅតែបន្តសកម្មភាពបែបនេះតទៅទៀត រដ្ឋបាលខេត្តនឹងអនុវត្តទៅតាមវិធានការច្បាប់ ហើយក៏នឹងបន្តបង្ក្រាបសកម្មភាពខុសច្បាប់ នៅទីតាំងមួយចំនួនទៀតផងដែរ។
យ៉ាងណាមិញចំពោះការយល់ព្រមកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនេះ ស្របពេលដែលពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច ចំនួន ២៥នាក់ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួននៅពន្ធនាគារ និង៤នាក់ទៀតដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមហេតុផលមិនទាន់គ្រប់អាយុ និងចាស់ជរា៕