អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានទៅទស្សនា Bangkok temple នៅថ្ងៃព្រហស្បតិ៍នេះ ដែលជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីលោកត្រូវបានដោះលែងពីការជាប់ឃុំ ជុំវិញបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច។
ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៤ ថា បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅខាងមុខទីសក្ការបូជានេះ បានផ្តិតយករូបភាពរបស់ លោក ថាក់ស៊ីន ពាក់អាវយឺតពណ៌ខៀវ និងទៅធ្វើការបន់ស្រន់ចាប់តាំងពីម៉ោង ៥ព្រឹក។ បន្ទាប់មកនៅថ្ងៃដដែលនេះ លោក ថាក់ស៊ីន ធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងទីក្រុងឈៀងម៉ៃ ដើម្បីជួបក្រុមគ្រួសារសាច់ញាតិ និងអ្នកគាំទ្ររបស់លោក។ លោក ថាក់ស៊ីន ត្រូវបានអមដំណើរដោយកូនស្រីពៅរបស់លោក គឺអ្នកស្រី Paetongtarn ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាប្រធានគណបក្សភឿថៃ រួមទាំងស្វាមី។
លោក ថាក់ស៊ីន ជាអ្នកនយោបាយវ័យ៧៤ឆ្នាំ បានវិលត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយភ្លាមៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ក្រោមបទចោទប្រកាន់តាំងពីសម័យលោកកាន់អំណាច។ ក្រោយមក ការកាត់ទោសលើលោក ថាក់ស៊ីន ត្រូវបានបន្ថយមកនៅត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រ Maha Vajiralongkorn។ រដ្ឋាភិបាលថៃ កាលពីខែកុម្ភៈបានប្រកាសថា លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែងមុនពេលកំណត់ ក្រោយមហេតុផលអាយុ និងសុខភាពរបស់លោក៕