ចៅក្រមសាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។
សេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សូមជម្រាបថាកន្លងមក អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកត្រូវបានប្រជាពលរដ្ឋចោទថា បានបោកលុយរាប់រយលានដុល្លារក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់។ ប្រជាពលរដ្ឋជាច្រើននាក់ បានចាញ់បោកអ្នកស្រីដោយខ្លះខ្ចីលុយពីធនាគារដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។ ប្រធានក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍រូបនេះ ក៏ធ្លាប់បានយកឈ្មោះសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថាបាននៅពីក្រោយខ្នងក្រុមហ៊ុននេះដែរ។
អ្នកស្រី ឡេង ចាន់ណា ប្រធានក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍
ក៏ប៉ុន្តែ កាលពីថ្ងៃទី២១ ខែកុម្ភៈកន្លងទៅ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសចក្តីបំភ្លឺមួយដោយប្រកាសថា សម្តេច ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុនប៊ី្រលានស៊ីធីវើលដ៍ របស់ឧកញ៉ាឡេង ចាន់ណា ដូចការលើកឡើងខាងលើនោះទេ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ជនជាប់ចោទ ឡេង ចាន់ណា និងបក្ខពួកទាំង២នាក់ជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕