en     km
en     km

ឯកអគ្គរដ្ឋទូតថ្មីអាមេរិក៖ពេលទទួលបានការតែងតាំងជាផ្លូវការលោក​នឹង​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

Share

បន្ទាប់ពីទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា លោក Nominee Robert Forden សន្យាថានឹងជំរុញការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ក្រោយសម្លឹងឃើញថាកម្ពុជាបានដើរថយក្រោយនូវគោលការណ៍ទាំងនេះ។ នេះបើយោងតាមលិខិតរបស់លោក ពេលប្រាប់ទៅ​គណៈកម្មាធិការ​ទំនាក់ទំនង​កិច្ចការបរទេស​ព្រឹទ្ធសភា​អាមេរិក ដែលចេញផ្សាយលើហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

លោក Nominee Robert Forden ត្រូវបានតែតាំងជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា បន្ទាប់ពីលោកប្រធានាធិបតិតេយ្យ Jo Biden និងរដ្ឋមន្ដ្រីការបរទេសអាមេរិក លោក Antoni Blinken បានផ្ដល់ទំនុកចិត្តដល់លោក។

ក្នុងលិខិតដែលស្ថានទូតអាមេរិកចេញផ្សាយកាលពីសប្ដាហ៍មុនបញ្ជាក់ថា លោក Robert Forden បានសន្យានឹងជំរុញការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។ ឯកអគ្គរដ្ឋទូតថ្មីរូបនេះ សម្លឹងមើលឃើញថា ប្រទេស​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ពី​លទ្ធិប្រជាធិបតេយ្យ និងមាន​ការ​ធ្លាក់​ចុះ​នូវការគោរព​សិទ្ធិ​មនុស្ស។

លោកបានលើកឡើងក្នុងលិខិតដដែលថា អាមេរិក និងកម្ពុជា មានកិច្ចជាច្រើនទៀតដែលត្រូវធ្វើរួមគ្នាក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ រួមមានការកាត់ទោសពីបទ «ក្បត់ជាតិ» របស់ប្រធានអតីតគណបក្សសង្គ្រោះ លោក កឹម សុខា និង​ការ​ចាប់​ឃុំ​ខ្លួន​កញ្ញា សេង ធារី ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​កញ្ញា  ឈឹម ស៊ីថរ ប្រធាន​សហជីពជាដើម។

ផ្អែកតាមលិខិតដដែល លោក Robert Forden រំពឹងថាមេដឹកនាំថ្មីរបស់កម្ពុជានឹងផ្តល់ឱកាស ដើម្បីពង្រឹងកេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ ដោយចូលរួមកែលម្អគោលជំហរ និងស្តារលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ពិតប្រាកដ ព្រមទាំងបញ្ចប់ការកាត់ទោសក្រោមហេតុផលនយោបាយ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យបើកដំណើរការឡើងវិញដោយគ្មានការជ្រៀតជ្រែក។ លោកអះអាងថា បើ​សិនទទួលបានការតែងតាំងជាផ្លូវការ ​ លោក​នឹង​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស​ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ព្រោះនោះចំណុចស្នូលនៃការងាររបស់លោក។

វិទ្យុស្ដ្រីមិនទាន់ទទួលបានការឆ្លើយតបពីលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិកម្ពុជា តាមប្រព័ន្ធតេឡេក្រាមនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ។

យ៉ាងណា លោកឯកអគ្គរដ្ឋទូតអាមេរិកថ្មី ក៏រម្លឹកឡើងដែរ ពីក្ដីបារម្ភរបស់សហរដ្ឋអាមេរិកចំពោះ មូលដ្ឋានទ័ពជើងទឹករាម ដោយសហរដ្ឋ​អាមេរិកថា​នឹង​បន្ត​គាំទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង ​ដើម្បី​រក្សា ​និង​អភិរក្ស អធិបតេយ្យភាពរបស់កម្ពុជា។ នេះបើយោងតាមលិខិតរបស់លោក  Robert Forden ដដែល។

សូមជម្រាបថា បច្ចុប្បន្ន លោក Nominee Robert Forden ជាសមាជិកនៃផ្នែកកិច្ចការបរទេសជាន់ខ្ពស់មានឋានៈជាទីប្រឹក្សាយោបល់ របស់រដ្ឋមន្ដ្រី។ លោកកំពុងបំពេញតួនាទីនៅការិយាល័យកិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក។ លោកធ្លាប់បានមកបំពេញកិច្ចការនៅកន្លែងចម្រុះដូចជាប្រទេសចិន តៃវ៉ាន់ វៀតណាម និងអ៊ីស្រាអែលផងដែរ៕

 

 

Share

ព័ត៌មានទាក់ទង

Image