គ្រាប់ស្វាយចន្ទីនៅតែបន្តធ្លាក់ចុះខ្លាំង ពិសេសនៅខេត្តរតនគិរី ដែលបណ្តាលឲ្យប្រជាកសិករពិបាកបន្តដាំ ព្រោះខំធ្វើហើយ ដល់ពេលប្រមូលផល ទូទាត់ទៅស្ទើតែមិនរួចថ្លៃដើម។ ដោយជួបបញ្ហាបែបនេះ ប្រជាកសិករជនជាតិដើមភាគតិចនៅខេត្តរតនគិរីម្នាក់ បានលើកឡើងថា«មិនមែនក្រដោយសារមិនធ្វើទេ តែក្រដោយសារធ្វើ» ខណៈតម្លៃស្វាយចន្ទីនៅរតនគិរី១គីឡូ ត្រឹមតែ៣៦០០៛។ ទោះយ៉ាងករណីធ្លាក់ថ្លៃនេះ ត្រូវបានអ្នកជំនាញពាក់ព័ន្ធពន្យល់ថា មិនមែនកើតមានតែនៅកម្ពុជានោះទេ។
កញ្ញា ងិន ស៊ាងលីម រាយការណ៍៖
ប្រជាកសិករជនជាតិភាគតិចព្រៅម្នាក់នៅក្រុងបានលុង ខេត្តរតនគិរី គឺលោក វ៉ុន សុង បានបង្ហោះសារមួយនៅក្នុងគណនីរបស់ខ្លួនឈ្មោះថា «រា ហ៊ូ» ដោយបានត្អូញត្អែរអំពីតម្លៃស្វាយចន្ទីនៅក្នុងទីផ្សារ ក្នុងសំណេរដើមថា «តើអោយរាស្ដ្ររំពឹងអ្វី ជីថ្នាំថ្លៃ តែតម្លៃផលិតផលថោក អ្នកដែលអង្គុយយោលជើងស្រែកក្ដែងៗក្នុងម៉ាស៊ីនត្រជាក់មិនដែលយល់អារម្មណ៍អ្នកធ្វើនោះទេ? មិនមែនក្រដោយសារមិនធ្វើទេ តែក្រដោយសារធ្វើ។ ខេត្តរតនគិរី តម្លៃចន្ទី ៣៦០០៛ ក្នុង១គីឡូ ចុះខេត្តអ្នកវិញ?» ក្នុងនោះ ក៏មានការជជែកគ្នាពីតម្លៃស្វាយចន្ទីតាមខេត្តមួយៗផងដែរ។ ការបង្ហោះនេះ បន្ទាប់ពីស្វាយចន្ទីនៅខេត្តរតនគិរីចុះថ្លៃខ្លាំង ខណៈក្រសួងពាណិជ្ជកម្ម មន្ទីរពាណិជ្ជកម្មខេត្តរតនគិរី បានចេញសន្ទស្សន៍តម្លៃទំនិញចំនួន២៧មុខនៅលើទីផ្សារក្នុងនៅខេត្តរតនគិរី កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដែលស្វាយចន្ទីធម្មតាក្នុង១គីឡូ៣៨៥០៛។ ទោះជាយ៉ាងនេះក្តី ប្រភពខាងលើបានប្រាប់វិទ្យុស្ត្រីឲ្យដឹងថា ដ្បិតនៅក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មដាក់តម្លៃក្នុង១គីឡូ ៣៨៥០៛បែបនេះក៏ពិតមែន ប៉ុន្តែឈ្មួញទិញតាមស្រុកមិនតម្លៃនោះឡើយ បានតែ៣៥០០៛ ឬ៣៦០០៛ប៉ុណ្ណោះ គឺឡើងចុះក្នុងតម្លៃនេះរាល់ថ្ងៃ។
«ការបង្ហោះមន្ទីរពាណិជ្ជកម្មខេត្តហ្នឹងគេដាក់ថា ៣៨៥០៛ហេ!បង តែយើងលក់ ឈ្មួញមកទិញតាមស្រុក មិនដល់ហ្នឹងហេ!បង ត្រឹម៣៥០០៛ ៣៦០០៛ប៉ុណ្ណឹងបង។»
លោកបានបន្ថែមថា រាល់ឆ្នាំមិនធ្លាក់ថ្លៃដល់ថ្នាក់ហ្នឹងទេ តែឆ្នាំនេះហាក់ធ្លាក់ថ្លៃខ្លាំង រកតែប្រាក់ផ្គត់ផ្គង់ទៅលើថ្នាំ និងកូនឈ្នួលសឹងតែរួចដើមផង។ ដោយឡែកបើអ្នកម៉ៅចំការចន្ទីវិញ ប្រាកដណាស់ថាទប់មិនជាប់នូវការចំណាយនោះទេ ពិសេសគឺប្រាក់សម្រាប់បង់ធនាគារ។ លោកបន្តថា ចំពោះលោកផ្ទាល់បើវាឡើងថ្លៃ លោកនឹងនៅបន្តដាំ តែបើវានៅតែតម្លៃប៉ុណ្ណឹង ឬធ្លាក់ថ្លៃទៀត លោកមិនមានទឹកចិត្តនឹងបន្តទៀតទេ លោកអាចនឹងកាប់ដើមចន្ទីចោលហើយរកដំណាំផ្សេងទៀតដាំវិញ។
«រាល់ឆ្នាំវាអត់ដែលធ្លាក់ថ្លៃដល់ថ្នាក់ហ្នឹងទេ ដើមឆ្នាំហ៎! មានតែឆ្នាំហ្នឹងធ្លាក់ថ្លៃមែនទែនហ្មង រកតែផ្គត់ផ្គង់លុយអឺ!!! ជួលគេបាញ់ថ្នាំ ជួលគេកាត់ស្មៅ ជួលគេរើសវាអត់ចង់ថ្លៃដើមផងបងនិយាយរួម។ បើថាអ្នកម៉ៅទៀត ដឹងតែមិនរួចទេ ដឹងតែជំពាក់ធនាគាវ័ណ្ឌកសងមិនរួចទេបងអើយ។ បើវានៅថ្លៃប្រហែលជាខ្ញុំអាចនៅបន្តទុកវាអ៊ីចឹងហាស់ណាស់!! តែបើធ្លាក់ថ្លៃខ្ញុំអាចដាំដំណាំអីផ្សេង កាប់ចោលអ៊ីចឹងទៅ ត្រៀមចិត្ត ត្រៀមកាយ ដាំអីផ្សេងហា!បង។»
កសិករជនជាតិដើមភាគតិចព្រៅរូបនេះ បានបង្ហាញអារម្មណ៍ចំពោះមជ្ឃដ្ឋានខាងក្រៅដែរថា ពុំមែនកសិករក្រព្រោះខ្ជិលមិនធ្វើ ឬទុកដីទំនេរចោលនោះទេ តែក្រព្រោះខំធ្វើ ដោយសារតែធ្វើហើយគ្មានទីផ្សារ ហើយពេលខ្លះដោយសារតែតម្លៃស្ទើតែមិនរួចថ្លៃដើមនេះតែម្តង។
«បើយើងទុកដីនៅទំនេរគេថាខ្ជិល បើមិនដាំនេះ ដាំនោះ ពេលដាំហើយ ប្រមូលផលហើយ កត្តាដែលអន់ចិត្តបំផុតហ្នឹង គឺកត្តាទីផ្សារហ្នឹងហ្មងបង»
សូមរំឭកថា នៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤នេះ សង្កេតឃើញថា មានតែខេត្តរតនគិរីមួយទេដែលធ្លាក់ថ្លៃខ្លាំង ខណៈខេត្តផ្សេងទៀតដូចជាមណ្ឌលគិរី និងស្ទឹងត្រែងតម្លៃចន្ទីនៅថ្លៃគ្រាន់បើ សម្រាប់ចន្ទីធម្មតាអាចបាន១គីឡូបាន៤០០០៛ ទៅ ៤៥០០៛ បើចន្ទីពូជបានក្នុង១គីឡូ ៤៨០០៛ ទៅ៥០០០៛ នេះបើតាមការលើកឡើងរបស់កសិករជនជាតិដើមភាគតិចព្រៅខាងលើ។
ជុំវិញបញ្ហាទាំងនេះ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំកម្ពុជា និងជាអនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ពីមូលហេតុចំនួន ៣ ដែលបណ្តាលឲ្យចង្វាក់តម្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះចុះថ្លៃខ្លាំង ដោយថាបញ្ហា ពុំមែនមានតែប្រទេសកម្ពុជានោះទេ គឺប៉ះជុំវិញពិភពលោក ជាពិសេសបណ្តាប្រទេសដែលផលិតស្វាយចន្ទីដូចជាប្រទេសកម្ពុជា វៀតណាម និងអាហ្រ្វិចជាដើម ។
« ឃើញថា ទី១ គឺដោយសារវិបត្តិសេដ្ឋកិច្ចសាកលហ្នឹងឯងដែលធ្វើឲ្យការប្រើប្រាស់មានការថមថយ ហើយអ្នកកំណតើតម្លៃចុងក្រោយ មិនមែនប្រទេសវៀតណាមឬប្រទេសកម្ពុជានោះទេ គឺអ្នកប្រើប្រាស់ចុងក្រោយ។ អ្នកប្រើប្រាស់ចុងក្រោយ មានដូចជាខាងបណ្តាលប្រទេសអឺរ៉ុប អាមេរិកជាដើម។ល។ នឹងគឺជាអ្នកកំណត់តម្លៃទីផ្សារពិតប្រាកដរបស់ចន្ទី។ អ៊ីចឹងបើសិនណាថាខាងហ្នុងគេទម្លាក់តម្លៃហើយប្រទេសអ្នកផលិត អ្នកកែច្នៃក៏ពិបាកដែរ ហើយបញ្ហាទី២ គឺខ្ញុំមើលឃើញថាជាបញ្ហាសាកលដែលការផ្គត់ផ្គង់នៃស្វាយចន្ទីហ្នឹងនៅជុំវិញពិភពលោកមានការលើស មានន័យថាការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក៏មិនមែនលើសច្រើនណាស់ណានោះដែរ អ៊ីចឹងវាធ្វើឲ្យប៉ះពាល់ដល់តម្លៃ ហើយ!! ចំណុចទី៣ខ្ញុំមើលឃើញថា ស្វាយចន្ទីក្នុងឆ្នាំនេះ អឺ!! គុណភាព ដោយសារតែមានវិបត្តិ អឺ!! ការប្រែប្រួលអាកាសធាតុ ជាពិសេស បាតុភូតអ៊ែលណាណូនេះ វាធ្វើឲ្យចន្ទីរបស់យើងស្ពៀត ហើយធ្វើឲ្យភសគរយសាច់ធ្លាក់ចុះ អ៊ីចឹងអ្នកធ្វើឲ្យអ្នកកែច្នៃគិតផ្តោតទៅលើភាគរយសាច់ហ្នឹងដែរ។»
ទទឹមនឹងនេះ កសិករ លោក វ៉ុន សុង បានស្នើឱ្យថ្នាក់ដឹងនាំខេត្ត មន្ទីកសិកម្ម និងពាណិជ្ជកម្ម រួមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ជួយគិតគូរប្រជាពលរដ្ឋឲ្យមានទីផ្សារឡើងវិញដូចឆ្នាំមុនៗផង កុំធ្លាក់ថ្លៃខ្លាំងពេក កសិករទប់ទល់នឹងការចំណាយមិនរួចនោះទេ ព្រោះតម្លៃទំនិញផ្សេងៗក៏ឡើងថ្លៃដែរ។
«ខ្ញុំចង់គិតថាឲ្យថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមន្ទីពាក់ព័ន្ធកសិកម្មក៏ដោយ ពាណិជ្ជកម្មក៏ដោយ ឲ្យជួយប្រជាពលរដ្ឋឲ្យមានទីផ្សារឡើងវិញដូចឆ្នាំមុនហា!បង។ កុំឲ្យវាធ្លាក់ចុះដល់ថ្នាក់ហ្នឹងពេក វាមិនអាចទប់ទល់សេដ្ឋកិច្ចក្នុងខេត្តបានហា!បង។ ឥឡូវគិតថាផលិតផលកសិកម្មក្នុងស្រុកយើងធ្លាក់តម្លៃទីផ្សាអស់ហើយ អ៊ីចឹងយើងមិនអាចផ្គត់ផ្គង់ជីវភាពនិងការផ្តោះប្តូរទំនិញៗក៏ឡើងថ្លៃ ហើយដល់ពេលផលិតកសិកម្មក្នុងស្រុកវាធ្លាក់ថ្លៃអ៊ីចឹងវាអាចប៉ះដល់ជីវភាពប្រជាពលរដ្ឋហ្នឹងបង។»
ឆ្លើយតបនឹងក្ដីកង្វល់នេះ លោកអ្នកជំនាញលោក កុកធាន ក៏បានស្នើរឲ្យប្រជាពលរដ្ឋកុំគិតពីបរិមាណនៃផ្ទៃដីដាំដុះ ត្រូវផ្តោតលើគុណភាព និងទិន្នផលបានច្រើន ក្នុង១ហិកតា ដើម្បីកាត់បន្ថយថ្លៃដើម។
យ៉ាងណាមិញ អ្នកជំនាញដំណាំចន្ទីរូបនេះក៏បានពន្យល់ថា ជាក់ស្តែងនៅប្រទេសវៀតណាមមានរោងចក្រច្រើនដែលបានបិទទ្វា ព្រោះការកែច្នៃរបស់ពួកគេមិនបានចំណេញ ដោយសារតែបញ្ហាវិបត្តិសេដ្ឋកិច្ច រោងចក្រជាច្រើនបានដកលុយទៅវិនិយោគវិស័យផ្សេងៗនិងពុំអាចដកលុយមកវិញបាន ទើបរោងចក្រមួយចំនួនទាំងក្នុងនិងក្រៅប្រទេសខ្វះទុនបង្វិល ដូច្នេះហើយទើបពួកគេទិញតែបង្គ្រប់ក្នុងការប្រើប្រាស់ប៉ុណ្ណោះ។ ទទឹមនឹងនេះ លោកក៏បានលើកឡើងពីដំណោះស្រាយមួយចំនួនផងដែរ។
«មិនថានៅស្រុកខ្មែរឬក៏នៅស្រុកគេទេ គឺខ្វះទន់បង្វិល កាលណាគាត់ទិញសម្រាប់តែមួយគ្រប់ក្នុងការកែច្នៃរយៈពេលខ្លី។ អ៊ីចឹងគាត់អត់អាចមានលុយស្តុកទុកដូចពីមុនរយៈពេលវែងទេ អ៊ីចឹងហើយបានសមាគមន៍យើងអំពាវនាវឲ្យប្រជាកសិករ លោកហាលទុកទៅ ដើម្បីឲ្យបានតម្លៃប្រសើរជាងនេះ។ នៅពេលណាយើងហាលទុក ក្នុងរយៈពេល២ ៣ខែក្រោយមក យើងនឹងបានតម្លៃប្រសើរជាងនេះ នៅពេលណាគេ អ្នកកែច្នៃគេៗកែច្នៃអ្វីដែលគេទិញក្នុងរដូវកាលប្រមូលផលរួចហើយ គេប្រមូលបានលុយគេទិញក្នុងដំណាក់កាលមួយទៀត អ៊ីចឹងយើងអាចបានថ្លៃ។»
គួររំលឹកថា ចំពោះបញ្ហាគ្រាប់ស្វាយចន្ទីនេះ កញ្ញា អ៊ឹម រចនា មន្ដ្រីនាំពាក្យនៃក្រសួងកសិកម្ម បានលើកឡើងពីដំណាំស្វាយចន្ទីលើហ្វេសប៊ុករបស់កញ្ញា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ថា តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីលក់បានថ្លៃខុសគ្នាទៅតាមទំហំ គុណភាព សំណើម និងប្រភេទពូជស្វាយចន្ទី។ កញ្ញា បញ្ជាក់ថា គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផលនាដើមរដូវ និងតែងតែចំណេញតិចនៅពេលដែលការប្រមូលផលធ្វើឡើងព្រមៗគ្នាទាំងនៅកម្ពុជា និងនៅប្រទេសដែលនិយមទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។ ខណៈដែលតម្លៃស្វាយចន្ទីមានការធ្លាក់ថ្លៃ ទាំងកញ្ញា អ៊ឹម រចនា និង អ្នកនាំពាក្យម្នាក់ទៀតរបស់ក្រសួងកសិកម្ម គឺលោក ឃឹម ហ្វីណង់ មន្ដ្រីអះអាងដូចគ្នាថា ជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគេពីហានិភ័យទាំងនេះ។
យ៉ាងណាមិញ លោក ឃឹម ហ្វីណង់ ឱ្យដឹងថាតាមបទពិសោធនៃឆ្នាំកន្លងមក តម្លៃស្វាយចន្ទីអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតា៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕