en     km
en     km

ក្រសួងការងារអះអាងថាស្ដ្រីមានផ្ទៃពោះនៅរោងចក្រY&Wនូវទទួលបានប.ស.សធម្មតា ទោះរោងចក្រក្ស័យធន

Share

នៅក្នុងសេចក្ដីបញ្ជាក់របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញផ្សាយនៅរាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អត្ថប្រយោជន៍ ប.ស.ស រួមមានផ្នែកថែទាំសុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ ដល់ស្ដ្រីកម្មករនិយោជិត នៅតែអាចទទួលបាន និងប្រើប្រាស់ប.ស.ស បានធម្មតា រហូតដល់៣ខែ។

ការបញ្ជាក់របស់ក្រសួងការងារធ្វើឡើងបន្ទាប់ពីមានបុគ្គលចំនួន៥នាក់ បានផ្ដល់ព័ត៌មានទៅកាន់កម្មករនិយាជិតថា អាចបាត់បង់អត្ថប្រយោជន៍របបសន្ដិសុខសង្គម ជាហេតុនាំឱ្យកម្មករប្រមាណជិត៣០០នាក់មានការព្រួយបារម្ភ។

ដើម្បីបញ្ជៀសការយល់ច្រលំ ឬការផ្ដល់ព័ត៌មានមិនពិតទៅកាន់កម្មករនិយោជិត ក្រសួងការអះអាងថា ក្រសួង និងអាជ្ញាធរដែនដីកំពុងតែប្រចាំការនៅតាមរោចក្រ ហើយកំពុងស្វែងរកនីតិវិធីផ្សេងៗដើម្បីផ្ដល់អាទិភាពការពារអត្ថប្រយោជន៍ដល់កម្មករនិយោជិតមុនភាគីផ្សេងទៀត។

កាលពីអំឡុងពេលតវ៉ា នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ តំណាងកម្មករបានឱ្យដឹងថា កម្មការិនីរោចក្រ Y&W មានផ្ទៃពោះសរុបជិត៥០០នាក់ ក្នុងចំណោមកម្មករសរុបជិត៤០០០នាក់ បានបារម្ភគ្មានប្រាក់សម្រាលកូន និងទទូចឱ្យក្រសួងការងារពន្លឿន នីតិវិធីដោះស្រាយ។

ជាការឆ្លើយតប ក្រសួងការងារបានបង្កើតជម្រើស២ ដោយទី១ ដោះស្រាយតាមច្បាប់ក្ស័យធន តែនីតិវិធីនេះប្រើរយៈពេលយូរ និងទី២ ដោះស្រាយតាមការស្នើសុំដីការសម្រេចរក្សាការពារ ដើម្បីរឹបអូសទ្រព្យសម្បត្តិទាំងអស់របស់រោងចក្រលក់ឡៃឡុង សម្រាប់ទូទាត់ប្រាក់ឈ្នួលដល់បុគ្គលិក។

កាលពីថ្ងៃទី១១ ខែមីនា ក្រសួងការងារបានស្នើសុំដីកាសម្រេចរក្សាការពារទៅសាលាដំបូងក្រុងភ្នំពេញ ហើយនៅថ្ងៃទី១២ ខែមីនា សាលាដំបូងបានចេញដីការសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់រោងចក្រ Y&Wជាបណ្ដោះអាស្ននផងដែរ៕

Share

Image
Image
Image