ភ្នំពេញ៖អ្នកតាមដានសង្គមបង្ហាញក្តីបារម្ភស្របពេលមើលឃើញថាមនុស្សរត់តាមបរិបទសង្គមកំឡុងពេលបច្ចេកវិទ្យាកាន់តែវិវត្តន៍ខ្លួន។ ពាក់ព័ន្ធបញ្ហានេះ ដើម្បីធ្វើឱ្យបា្រកដថាគម្លាតរបស់យុវជន និងឌីជីថល នៅមិនឆ្ងាយគ្នា អ្នកតាមដានសង្គមទាំងនោះស្នើឱ្យមានការតម្រង់ទិសឱ្យបានគ្រប់គ្រាន់ តាមរយៈការបញ្ជ្រាបការយល់ដឹង។
ទិន្នន័យបង្ហាញពីចំនួនយុវជនកើតក្នុងសម័យឌីជីថលក្នុងតំបន់អាស៊ាន។ រូបភាព៖ @Seasia State
អ្នកតាមដានសង្គមមើលឃើញគុណសម្បត្តិ និងគុណវិបត្តិដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែមទៅលើយុវជនក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើប។ ការស្នើរឱ្យមានការតម្រង់ទិសនេះ បន្ទាប់ពីអ្នកតាមដានសង្គមមួយចំនួនមើលឃើញពីការសិក្សាស្រាវរបស់ Seasia State ដែលផ្អែកលើទិន្នន័យUNDP ប្រចាំប្រទេសកម្ពុជាដែលបង្ហាញថា កម្ពុជាមានប្រជាជនប្រមាណ ៦០%បានកើតក្នុងសម័យបច្ចេកវិទ្យាទំនើប ឬហៅថា Gen.z។ ចំនួននេះជាតួលេខភាគរយច្រើនជាងគេក្នុងបណ្តាប្រទេសអាស៊ីទាំង១០ ដែលធ្វើឱ្យកម្ពុជាឈរលើលេខរៀងទី១។
ជុំវិញបញ្ហានេះ លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានរៀបរាប់ពីគុណប្រយោជន៍នៃចំនួនយុវជនដែលបានកើតក្នុងសម័យបច្ចេកវិទ្យាទំនើបមួយនេះ។ លើសពីការផ្តល់ឥទ្ធិពលវិជ្ជមាន ដល់យុវជនឱ្យមានចំណេះដឹងទូលំទូលាយ និងអាចចាប់យកឱកាសទាំងនេះដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាធនធានសម្រាប់ប្រទេស ក៏ប៉ុន្តែ លោក យ៉ង គឹមអេង សម្តែងក្តីបារម្ភពាក់ព័ន្ធនឹងគម្លាតរវាងយុវជន និងឌីជីថលផងដែរ។
«ជាមួយគ្នានោះដែរ ប្រសិនបើយើងមានមនុស្សច្រើនកើតក្នុងសម័យឌីជីថលនោះក៏ពិតមែន ប៉ុន្តែយើងអត់បានតម្រងទិសពួកគេឱ្យបាញ់ឆ្ពោះទៅរកឌីជីថល យើងអត់បានធ្វើឱ្យពួកគេក្លាយជាធនធានដ៏សំខាន់សម្រាប់បម្រើសង្គមជាតិក្នុងសម័យឌីជីថលនេះ នោះគឺយើងនឹងខាតបង់បាទ។»
ស្រដៀងគ្នានេះដែរ លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា និងជាអ្នកតាមដានបញ្ហាសង្គមមួយរូបផង យល់ឃើញថាការបញ្ជ្រាបខ្លួនរបស់យុវជនកម្ពុជាក្នុងសម័យឌីជីថលនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ។ មិនមានលក្ខណៈល្អប្រសើរ ដ្បិតថាការយល់ដឹងរបស់មនុស្សហាក់នៅមានកម្រិត ស្របពេលដែលបច្ចេកវិទ្យាកាន់តែទំនើប និងបំប្លែងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងអ្នកតាមដានសង្គមរូបនេះ មើលឃើញពីឥទ្ធិពលអវិជ្ជមានមួយចំនួនដែលទាមទារឱ្យយុវជនប្រុងប្រយ័ត្ន ក្នុងការរស់នៅក្នុងបរិបទឌីជីថល។
«ទន្ទឹមនិងគុណសម្បត្តិនៃឌីជីថលសម្រាប់ជីវិតមនុស្សក្នុងសម័យទំនើប ប៉ុន្តែវាក៏នាំមកនូវបណ្តាសាមួយសម្រាប់ល្បែងអបាយមុខ ដូចជាហ្គេមតាមអនឡាញអីជាដើមបាទ។»
ដើម្បីធានាថាយុវជនអាចសម្របខ្លួនឱ្យទាន់ទៅនឹងសម័យឌីជីថល និងចេះទាញយកប្រយោជន៍ពីការវិវត្តន៍នៃបច្ចេកវិទ្យា អ្នកធ្វើការសង្គមទាំងនេះ ចង់ឃើញមានការតម្រង់ទិស និងយកចិត្តទុកដាក់បន្ថែមពីសំណាក់ភាគីពាក់ព័ន្ធ។
ចំពោះ លោក យ៉ង គឹមអេង ស្នើឱ្យស្ថាប័នដែលផ្តោតសំខាន់ក្នុងការបណ្តុះបណ្តាលចំណេះដឹងពាក់ព័ន្ធទៅនឹងការយល់ដឹងពីឌីជីថល ពង្រីកឱ្យបានទូលាយក្នុងការធានាថាពលរដ្ឋគ្រប់រូបមានសមត្ថភាពគ្រប់គ្រាន់ ស្គាល់ពីឌីជីថល។
«កម្ពុជាដែលបានរៀបចំយុទ្ធសាស្រ្តអ្វីទៅជាពាក់ព័ន្ធរឿងឌីជីថលនេះខ្ញុំថាជារឿងល្អ ប៉ុន្តែយើងត្រូវផ្តោទៅរកការជម្រុញធនធានមនុស្សផ្សារភ្ជាប់ជាមួយឌីជីថលនេះខ្ញុំគិតថាជារឿងប្រសើរមួយសម្រាប់សង្គមកម្ពុជាបាទ។»
ចំណែកឯ លោក សន ជ័យ វិញ លោកចង់ឃើញយុវជនខ្លួនឯងគួរមានការសិក្សាស្វែងយល់បន្ថែមពីបច្ចេកវិទ្យាឱ្យបានច្រើន។ បន្ថែមពីនេះ លោកស្នើរឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសង្គមស៊ីវិល រដ្ឋាភិបាល ធ្វើយ៉ាងណាបើកវេទិកា និងឱកាសផ្សេងៗផ្តល់ឱ្យយុវជនអាចពង្រឹងចំណេះដឹង និងភ្ជាប់ខ្លួនឱ្យទាន់ទៅនឹងសម័យឌីជីថល។
«ការប្រឹងប្រែងបាទ វាជាចំណេះដឹងប្រសិនបើមនុស្សមិនមានការប្រឹងប្រែងទេក៏អាចនឹងជួបឧបសគ្គ ប៉ុន្តែការផ្តល់ឱកាសមួយទៀតយើងឃើហើយថា យុវជនក៏ដូចជាមនុស្សមួយចំនួនអ្នកដែលត្រូវរៀនសូត្របែបឌីជីថលហ្នឹង ប្រសិនបើគ្នាគ្មានលទ្ធភាពក្នុងការប្រើប្រាស់ឧបករណ៍សម្ភារៈ មួយចំនួនដែលជាលក្ខខ័ណ្ឌតម្រូវនៃការភ្ជាប់ទៅនឹងឌីជីថលហាស៎បាទ។»
ទិន្ន័យរបស់ Seasia State ឱ្យដឹងថា ក្រុមមនុស្សដែលកើតក្នុងយុគសម័យឌីជីថល ឬហៅថា Gen.Z ជាក្រុមមនុស្សដែលកើតក្នុងចន្លោះឆ្នាំ១៩៩៧ ដល់ដើមឆ្នាំ២០១២។ ពួកគេត្រូវបានអ្នកជំនាញហៅម្យ៉ាងទៀតថាជាជនជាតិដើមឌីជីថល ព្រោះថាពួកគេក៏ជាក្រុមមានទំនោរយ៉ាងជិតស្អិតជាមួយនឹងបច្ចេកវិទ្យា រួមផ្សំនឹងមានគំនិតច្នៃប្រឌិតចេះបង្កើតនូវអ្វីដែលថ្មីៗផង៕