Photo of HAL Tejas from Wikipedia
យន្ដហោះចម្បាំងផលិតក្នុងស្រុកមួយគ្រឿងរបស់កងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីទី១២ ខែមីនា នៅរដ្ឋ Rajasthan ស្ថិតនៅភាគខាងលិច នៃប្រទេស។ នេះជាគ្រោះថ្នាក់ធ្លាក់ផ្ទុះ លើកដំបូងបំផុតចាប់តាំងពីយន្ដហោះចម្បាំងមួយនេះត្រូវបានដាក់ឱ្យប្រើ កាលពីជាង៨ឆ្នាំមុន។ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ពីឡុតដែលបើកយន្ដហោះចម្បាំង Tejas នេះ បានលោតឆត្រយោងចេញយន្ដហោះដោយសុវត្ថិភាព តែមិនទាន់ មានការបញ្ជាក់លម្អិតពីមូលហេតុបណ្ដាលឱ្យយន្ដហោះចម្បាំងនេះធ្លាក់នោះទេ។ នេះបើតាម កងទ័ពអាកាសឥណ្ឌាបានឱ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ។ Tejas ឬមានន័យថាអណ្ដាតភ្លើង ក្នុងភាសាសំស្ត្រឹត គឺជាប្រភេទយន្ដហោះចម្បាំង ធុនស្រាលដែលត្រូវបានដាក់ឱ្យកងទ័ពអាកាសឥណ្ឌាប្រើប្រាស់កាលពីឆ្នាំ២០១៦ ហើយវាគឺជាយន្ដហោះចម្បាំងផលិតក្នុងស្រុក តាមមហិច្ឆតារបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី ដែលចង់ឃើញឥណ្ឌាលែងពឹងផ្អែកលើការនាំចូលអាវុធពីបរទេស។
Tejas aircraft meets with an accident in Rajasthan’s Jaisalmer on Tuesday.(HT Photo)
រដ្ឋាភិបាលឥណ្ឌា កាលពីឆ្នាំ២០២១ បានផ្ដល់កិច្ចសន្យាមានទំហំទឹកប្រាក់ ៦ពាន់លានដុល្លារ សម្រាប់ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ Hindustan Aeronautics Limited ផលិតយន្ដហោះចម្បាំង Tejas ចំនួន ៨៣គ្រឿង៕