en     km
en     km

យុវជនសំរាម៖ ដល់ពេលទុកដាក់សំរាមត្រឹមត្រូវហើយដើម្បីសោភណ្ឌភាព និងមុខមាត់ប្រទេសជាតិ

Share

ដល់ពេលទុកដាក់សំរាមត្រឹមត្រូវ ដើម្បីសោភណ្ឌភាព និងមុខមាត់ប្រទេសជាតិ គឺជាការលើកឡើងមួយរបស់ក្រុមយុវជនសំរាម ខណៈរាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងបរិស្ថាន តាមរយៈយុទ្ធសាស្ដ្រចក្រារបស់ក្រសួងបរិស្ថាន។ ក្រៅពីក្រុមយុវជន និងរាជរដ្ឋាភិបាល ក៏មានវិស័យឯកជនចូលរួមផងដែរ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ក្នុងវីដេអូខ្លីមួយដែលក្រុមយុវជនសំរាម បានធ្វើការសម្អាតប្លាស្ទិកនៅតាមទីកន្លែងជាច្រើន មានដូចជាតាមដងផ្លូវ ទីសាធារណៈ រមណីយដ្ឋានទេសចរណ៍ តាមឆ្នេរសមុទ្រ និងព្រៃភ្នំជាដើម បានរំលេចនូវសកម្មភាពការចូលរួមរបស់យុវជន ទាំងស្រី និងប្រុស រួមទាំងមានជនបរទេសផងដែរ។

យុវជនសំរាមបានចោទជាសំណួរថា អ្នកមានអារម្មណ៍ដូចម្ដេចនៅពេលបានឃើញវីដេអូសកម្មភាពរើសសំរាមដែលក្រុមខ្លួនបានផលិត ជាពិសេសមានភ្ញៀវជាតិ និងអន្ដរជាតិនាំគ្នារើសសំរាមបែបនេះ? តើគេនឹងគិតបែបណាមកលើប្រទេសកម្ពុជា? យុវជនសំរាមបានលើកឡើងថា ដល់ពេលហើយ ដែលត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីសោភណ្ឌភាព និងមុខមាត់ប្រទេសជាតិ។

ក្នុងការសម្អាតសំរាមប្លាស្ទិកនេះ ក្រសួងបរិស្ថានបានអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»តាំងពីថ្ងៃទី១​ខែកញ្ញា ឆ្នាំ២០២៤។ គិតមកដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មានរាជធានី-ខេត្ត ចំនួន ១៣ហើយ បានចូលរួមក្នុងយុទ្ធនាការសម្អាតប្លាស្ទិកនៅតាមសាលារៀន រោងចក្រ និងទីសាធារណៈនានា។ រាជធានី-ខេត្ត ចំនួន ១៣រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងខេត្តរតនគីរី។

លោក សាន តារាវីដ ប្រធានក្រុមយុវជនសំរាម បានប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីតាមតេឡេក្រាមនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះថា បន្ទាប់ពីក្រសួងបានអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមក លោក ឃើញប្រជាជនយើងមានការយល់ដឹងច្រើនជាងមុនអំពីការទុកដាក់សំរាមនេះ។

អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុនក្រដាសអនាម័យ MG PACIFIC COMPANY LIMITED លោក តាំង សុបិនបានលើកឡើងថា ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងបរិស្ថាន ក្រុមហ៊ុនលោកបានកែប្រែខ្សែសង្វាក់ផលិតកម្ម មួយចំនួនតាមរយៈការប្តូររបៀបវេចខ្ចប់ថ្មីដោយដកថង់រុំស្រោបក្រដាសបង្គន់ប្រភេទកងបន្ទប់ទឹកចេញ រួចជំនួសមកដាក់ក្នុងប្រអប់ជ័រថ្លាថ្មីវិញ។

ការណ៍នេះនាំឱ្យការប្រើប្រាស់ថង់ប្លាស្ទិករុំក្រដាសអនាម័យត្រូវបានកាត់បន្ថយ។ ចំណែកអ្នកប្រើប្រាស់ក្រដាសអនាម័យក៏បានចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដោយប្រយោលផងដែរ ពេលជ្រើសរើសយកសេវាកម្មនេះ។ ពិសេសមានការដូរជូនដល់ទីតាំងអតិថិជនផ្ទាល់ មិនថា សាលារៀន ផ្ទះអតិថិន មន្ទីរពេទ្យ និងរោងចក្រនោះទេ តាមរយៈក្រុមការងារក្រុមហ៊ុនMG។

សូមជម្រាបថាការចូលរួមបរិស្ថាន និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកមិនអាចធ្វើទៅបានដោយម្នាក់ឯងនោះទេ ត្រូវការការចូលរួមពីគ្រប់ភាគី មិនថារាជរដ្ឋាភិបាល វិស័យ​ឯកជន សង្គមស៊ីវិល និងប្រជាពលរដ្ឋផងដែរ៕

Share

Image
Image
Image