en     km
en     km

ក្រុមនិស្សិតភាគច្រើនជាស្ត្រីចំណាយពេលឈប់សម្រាក៨មីនា ធ្វើកម្មវិធីអប់រំកុមារ និងសប្បុរសធម៌

Share

ក្រុមនិស្សិតមកពីបណ្ដាសាកលវិទ្យាល័យផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដែលភាគច្រើនសុទ្ធសឹងជាស្ត្រី បានប្រើពេលនៃការឈប់សម្រាករបស់ពួកគេកាលពីអំឡុងថ្ងៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ដើម្បីបង្កើតកម្មវិធីសប្បុរសធម៌ និងរៀបចំកម្មវិធីបង្ហាត់បង្រៀនរយះពេលខ្លីដល់ក្មេងៗនៅសាលាបង្រៀនក្មេងក្រីក្រ នៃផ្ទះសំរាម ជាពិសេសនាំមកជាមួយសម្ភារៈសិក្សានិងគ្រឿងបរិភោគផ្សេងៗក្រោមខ្លឹមសារ «ចូលរួមទាំងអស់គ្នា ដើម្បីស្នាមញញឹមកុមារ» ។

កញ្ញា សៃ ចន្ធី រាយការណ៍៖

ការប្រើពេលវេលានៃថ្ងៃឈប់សម្រាករបស់ក្រុមនិស្សិតដែលមមកពីបណ្ដាសាកលក្នុងរាជធានីភ្នំពេញ ដើម្បីធ្វើកម្មវិធីសប្បុរសធម៌គឺធ្វើឡើងនៅកន្លែងអប់រំមួយកន្លែងឈ្មោះថា សាលាបង្រៀនក្មេងក្រីក្រ នៃផ្ទះសំរាម ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរ រាជធានីភ្នំពេញ។ ចំពោះការចូលរួមរបស់ក្រុមនិស្សិតមានប្រមាណជាង៤០ នាក់ ប៉ុន្តែភាគច្រើនមានស្ត្រីច្រើនជាងបុរស។

កម្មវិធីដែលធ្វើឡើង នៅសាលាបង្រៀនក្មេងក្រីក្រនៃផ្ទះសំរាមនេះ មានសិស្សប្រមាណជាង៣០ នាក់ មកសិក្សារៀនសូត្រពីលោកគ្រូអ្នកគ្រូដែលស្ម័គ្រចិត្ត ហើយក្មេងៗទាំងនោះសុទ្ធតែជាក្មេងដែលរស់នៅក្នុងគ្រួសារមានជីវភាពខ្វះខាត ដែលរស់នៅក្បែរទីតាំងនៃផ្ទះសំរាមផងដែរ។

ក្នុងឱកាសនៃការរៀបចំកម្មវិធីសប្បរសធម៌នេះ  កញ្ញា សេង ឈុនឡេង ជានិស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាពិធីការនីក្នុងកម្មវិធី បានបង្ហាញពីគោលបំណងនៃការការបង្កើតកម្មវិធីនេះ ដោយកញ្ញានិយាយថា«ក្នុងគោលបំណងរបស់ពួកខ្ញុំដែលមកធ្វើសប្បរសធម៌មួយនេះ គឺទី១ ចង់ឱ្យក្មេងៗគាត់មានក្ដីសង្ឃឹមមួយថា ទោះពួកគាត់អត់មានលុយ ពួកគាត់ខ្វះខាតក៏ពួកគាត់អាចទទួលបាននូវការសិក្សាដូចគេដូចឯងដែរ។»

មូយវិញទៀត កញ្ញា ឈុនឡេង បានបន្តថា ចំពោះការឧបត្ថមរបស់ក្មេងៗទាំងនេះ គឺទទួលបានការឧបត្ថមពីម្ចាស់ជំនួយផ្សេងៗ និងពីក្រុមយុវជន និស្សិតជាច្រើន ដែលអាចធ្វើឱ្យក្មេងៗមានអារម្មណ៍ថា បើទោះជាពួកគេមិនមានលុយ ក៏ពួកគេអាចរៀនសូត្រ អាចរៀននៅសាលា និងទទួលបានចណេះដឹងដូចគ្នា ។ ទាំងអស់នេះហើយគឺជាស្នាមញញឹមរបស់ក្មេងៗដែលពួកគេទទួលបានការសិក្សារៀនសូត្រ ទោះមិនមានថវិកាក្ដី។

លើសពីនេះ កញ្ញា បានបន្ថែមថា«ក្រៅពីធ្វើនូវមូលនិធិសប្បុរសធម៌នេះហើយ គឺពួកខ្ញុំអត់ចង់បានរំពឹងអីពីក្មេងៗវិញទេ គឺខ្ញុំចង់ឱ្យក្មេងៗប្រឹងប្រែងរៀនសូត្រ ហើយទទួលបានចំណេះដឹងដើម្បីពួកគាត់មានគោលដៅទៅអនាគតរបស់គាត់ ហើយក៏ដូចជាត្រឡប់មកជួយសង្គមទាំងអស់គ្នាវិញ។»

ចំណែក កញ្ញា ពៅ ភនិតា ក៏ជានិស្សិតឆ្នាំទី៣ មកពីសាកលវិទ្យាល័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា ដោយសារអ្នកបង្កើតកម្មវិធីសប្បុរសនេះសុទ្ធតែជានិស្សិត គឺត្រូវរៀបចំផែនការ និងត្រូវមានអ្នកដឹកនាំម្នាក់ ជាអ្នកស្រាវជ្រាវនៅតាមបណ្ដាញសង្គម និងជាអ្នកបង្កើតកម្មវិធី។ បន្ទាប់ពីបានរកឃើញសាលាបង្រៀនក្មេងក្រីក្រនេះហើយក៏បានសម្រេចចិត្តជ្រើសសាលានេះជាគោលដៅសម្រាប់ធ្វើកម្មវិធីសប្បរសធម៌ ដោយប្រើរយះពេលនៃការរៀបចំចំនួនពីរសប្ដាហ៍។ យ៉ាងណាមិញ កញ្ញា បញ្ជាក់ថា «ក្នុងការបង្កើតដើម្បីសប្បុរសធម៌នេះ យើងបានជាថវិកាតិចតួច បានជាអង្ករ សម្រាប់ផ្គត់ផ្គង់ឱ្យកុមារដែលនៅសាលានេះបានហូបចុក ព្រោះសាលានេះបង្រៀនសិស្សដោយមិនគិតថវិកាទេ ចឹងខាងសាលាត្រូវផ្គត់ផ្គង់ទាំងអាហារ ទាំងសម្ភារៈ ក៏ដូចជាកន្លែងស្នាក់នៅអីចឹងទៅ។»

កញ្ញា ភនិតា បាននិយាយថា បើទោះបីជាបានផ្ដល់នៅសម្ភារៈតិចតួចក្ដី តែដើម្បីស្នាមញញឹមកុមារកញ្ញា​ និងក្រុមនិស្សិតក៏នៅតែប្រឹងប្រែងរៀបចំតាមដែរអាចធ្វើបាន។«តាមពិតទៅសម្ភារៈយើងមានមិនច្រើនទេ ប៉ុន្តែអ្វីដែរសំខាន់គឺទឹកចិត្តរបស់ពួកយើងដែលផ្ដើមឡើងមក ដើម្បីចង់ឃើញកុមារមានស្នាមញញឹម មានរបស់គ្រប់គ្រាន់ មានអាហារហូបចុកសម្រាប់ការសិក្សាតទៅមុខរបស់គាត់។»

សូមជម្រាបថា កម្មវិធីសប្បរសធម៌ដែលធ្វើឡើងដោយមាននិស្សិតចូលរួមគឺដើម្បីបង្ហាញពីក្ដីស្រលាញ់ និងការលើកទឹកទៅកាន់ក្មេងៗក្រីក្រឱ្យមានកម្លាំងចិត្តខិតខំសិក្សារៀនសូត្រ ដើម្បីមានអនាគតល្អ និងអាចជួយសង្គមជាតិឱ្យកាន់តែរីកចម្រើនផងដែរ៕

អត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

Image
Image
Image