en     km
en     km

អាជ្ញាធរខេត្តភូកេតប្រទេសថៃដកហូតសិទ្ធិគ្រប់គ្រងមូលដ្ឋានដំរីពីជនជាតិស្វីសម្នាក់

Share

អាជ្ញាធរខេត្តភូកេតប្រទេសថៃនឹងគ្រោងដកហូតអាជ្ញាប័ណ្ណមូលនិធិដំរីរបស់បុរសជនជាតិស្វីសម្នាក់ ដែលធ្លាប់បានគេចោទប្រកាន់ទាក់ទង ករណីប្រើហិង្សាទាត់លើស្ត្រីជនជាតិថៃកាលពីពេលកន្លងទៅ។ ជាងនេះអាជ្ញាធរក៏បានលុបចោលអាជ្ញាប័ណ្ណសិទ្ធិប្រើកាំភ្លើងរបស់បុរសជនជាតិស្វីលរូបនេះទៀតផង។
កញ្ញា សៃ ចន្ធី រាយការណ៍៖


លោក Sophon Suwannarat អភិបាលខេត្តភូកេត បាននិយាយកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤នេះថា ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យលើមូលនិធិសត្វដំរីបៃតងរបស់ Urs Fehr ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងខុសច្បាប់ហើយអាជ្ញាប័ណ្ណរបស់លោកនឹងត្រូវបានដកហូត។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤។


ទន្ទឹមគ្នានេះ លោកអភិបាលខេត្តបានមានប្រសាសន៍ទៀតថា មានអង្គការដែលផ្តល់ប្រាក់ ឬអង្គការសប្បុរសធម៌មួយ បានប្រើនិមិត្តសញ្ញាដូចគ្នាទៅនឹងនិមិត្តសញ្ញាឧទ្យានជម្រកដំរីបៃតងរបស់លោក Fehr ហើយអាជ្ញាធរខេត្តភូកេតបានស្នើឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធមកបំភ្លឺអំពីប្រតិបត្តិការនៃជម្រកសត្វដំរី និងមូលនិធិដំរីនេះផងដែរ។
យ៉ាងណាមិញ ឧទ្យានជម្រកដំរីបៃតងគឺមានដំរីសរុបចំនួន ១៤ ក្បាល ហើយដំរីចំនួន ១៣ក្បាលផ្សេងទៀតជាដំរីជួលពីកន្លែងផ្សេង។ យោងតាមគេហទំព័ររបស់លោក Fehr បានសរសេរថា ឧទ្យាននេះគ្របដណ្តប់លើផ្ទៃដី ៤០០០០ ម៉ែត្រការ៉េ និងនៅជិតឆ្នេរ Surin ក្នុងស្រុក ថាឡាង ប្រទេសថៃ។


សូមជម្រាបថា លោក Fehr ហៅ David អាយុ ៤៥ ឆ្នាំនេះ ត្រូវបានដោះលែងជាបណ្ដោះអាសន្នបន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទបំពានលើរាងកាយលោកស្រី វេជ្ជបណ្ឌិត Thandao Chandam អាយុ ២៦ឆ្នាំ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ។
ក្នុងនោះដែរ អាជ្ញាធរថៃបានដកហូតអាជ្ញាប័ណ្ណសម្រាប់ប្រើកាំភ្លើងខ្លី និងដកកាំភ្លើងពីលោក Fehr រួចហើយ ទោះបីកាំភ្លើងនេះបានចុះបញ្ជីជាកម្មសិទ្ធិរបស់មូលនិធិដំរីខាងលើក៏ដោយ។


គួរបញ្ជាក់ផងដែរថា អង្គការដែលមានឈ្មោះដើមថា Green Elephant ហើយក្រោយមកត្រូវបានប្តូរឈ្មោះទៅជា Green Elephant Wildlife បង្កើតឡើងក្នុងគោលបំណងជួយ និងព្យាបាលដំរីដែលរងរបួស៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង