សហរដ្ឋអាមេរិកបានគាំទ្រដល់ទឹកបឹងទន្លេសាប និងទន្លេមេគង្គរបស់កម្ពុជា ក្រោយពិភាក្សាជាមួយក្រសួងធនធានទឹក អំពីការកែលម្អការគ្រប់គ្រងទឹក និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមការបញ្ជាក់របស់លោក W.Partrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងបណ្ដាញសង្គម X។ ការគាំទ្រនេះ បន្ទាប់ពីក្រសួងធនធានទឹកស្នើឱ្យភាគីអាមេរិកផ្ដល់កិច្ចសហការលើវិស័យនេះ ដើម្បីកាត់បន្ថយការខាតបង់សេដ្ឋកិច្ច ពេលជួបគ្រោះមហន្ដរាយធម្មជាតិណាមួយ។ សង្គមស៊ីវិលយល់ថា បើមានការចូលរួមពីដៃគូពាក់ព័ន្ធ នឹងជួយដោះស្រាយបញ្ហាបាននាពេលខាងមុខ។
លោក ឡាក់ ច័ន្ទតារាជូននូវសេចក្ដីរាយការណ៍៖
នៅក្នុងជំនួបរវាងរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ អាមេរិកថានឹងជួយគាំទ្រដល់បឹង ទន្លេ របស់កម្ពុជា ដើម្បីរក្សានិរន្ដរភាព ខណៈទឹកជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។
លោក W. Partrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាបានលើកឡើងក្នុងបណ្ដាញសង្គម X ថា ក្នុងជំនួបនោះលោកបានពិភាក្សាជាមួយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អំពីការកែលម្អការគ្រប់គ្រងទឹក និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
ចំណែកហ្វេសប៊ុកក្រសួងធនធានទឹកបញ្ជាក់ថា លោករដ្ឋមន្ត្រីបានស្នើសុំឱ្យភាគីអាមេរិកផ្តល់នូវកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម ជាពិសេសការព្យាករណ៍អាកាសធាតុ និងការជូនដំណឹងជាមុនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ឱ្យត្រៀមលក្ខណៈប្រុងប្រយ័ត្ន ដើម្បីឈានទៅកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ផ្នែកសេដ្ឋកិច្ច និងជួយបណ្តុះបណ្តាលដល់មន្ត្រីនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ លើវិស័យឧតុនិយម និងជលសាស្ត្រ។ តាមប្រភពពីក្រសួងដដែលថា លោកPatrick បានទទួលយកសំណើទាំងអស់នេះទៅពិភាក្សា។
កាលពីពេលកន្លងទៅ រដ្ឋបាលតាមខេត្តមួយចំនួន បានប្រកាសឱ្យប្រជាពលរដ្ឋផ្អាកការបង្កបង្កើនផលស្រូវរដូវប្រាំង ព្រោះកង្វះទឹកស្រោចស្រព។ អ្នកជំនាញកសិកម្មបានឱ្យអាជ្ញាធរមូលដ្ឋានរកដំណោះស្រាយភ្លាមៗចំពោះបញ្ហាកើតមាន ដោយការបុកអណ្ដូទឹក ឬអាងស្ដុកទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ ចំពោះការចូលរួមពីភាគីអាមេរិកលើវិស័យធនធានទឹកនេះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា យល់ថានឹងអាចដោះស្រាយបញ្ហាដែលកំពុងជួបប្រទះបាន តែនៅពេលអនាគតមិនមែនឥលូវនេះទេ ព្រោះការអភិវឌ្ឃន៍ត្រូវការសិក្សាពីផលប៉ះពាល់ជាមុនសិន។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារូបនេះរំពឹងថាក្រសួងធនធានទឹកគួរតែស្នើ និងរៀបចំផែនការទៅកាន់រដ្ឋាភិបាល និងរដ្ឋសភាជាតិ ដើម្បីអនុម័តថវិកាជាតិក្នុងការប្រើប្រាស់ការស្ដារធនធានទឹកដោយខ្លួនឯង។
យ៉ាងណា ក្រសួងធនធានទឹកអះអាងថា នឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសុវត្ថិភាពទឹក ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញដល់កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាពិសេសបម្រើឱ្យការងារបង្កបង្កើនផល និងប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ។
ជាមួយគ្នា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងដាក់ផែនការក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធស្រោចស្រពផ្សេងៗ ដោយព្យាករណ៍ក្នុងរយៈពេល១០ឆ្នាំទៀត នឹងអាចផលិតកសិផលគុណនឹង២ ឬ៣ដងនៃកសិផលបច្ចុប្បន្ន៕