ក្រសួងសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី១១ ខែមីនានេះបានអះអាងថាខ្លួនបានចាប់ផ្ដើមនីតិវិធីព្យួរអាជ្ញាបណ្ណរបស់គ្រូពេទ្យកម្មសិក្សា ៤៩០០នាក់ ដែលបានលាឈប់ និងមិនព្រមត្រឡប់ចូលធ្វើការវិញ ដើម្បីបង្ហាញការប្រឆាំងជំទាស់ទៅនឹងការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលរបស់លោកប្រធានាធិបតី យូន ស៊ុកយុល។
ក្រុមគ្រូពេទ្យកម្មសិក្ស ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើកូដកម្មតាំងតែថ្ងៃទី២០ ខែកុម្ភៈមកម្ល៉េះ ក្រោយរដ្ឋាភិបាលរបស់លោក យូន ដាក់ចេញផែនការបង្កើនចំនួននិស្សិត ចូលរៀនសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យ ខណៈប្រជាជនមានវ័យចំណាស់កើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែ ក្រុមគ្រូពេទ្យកម្មសិក្សាយល់ថាការបង្កើន ចំនួនគ្រូពេទ្យនេះមិនមែនជាដំណោះស្រាយនោះទេ តែផ្ទុយទៅវិញវាអាចនឹងធ្វើឱ្យធ្លាក់ចុះគុណភាពគ្រូពេទ្យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក Chun Byung-wang ជាប្រធាននាយកដ្ឋានគោលនយោបាយសុខាភិបាល និងវេជ្ជសាស្ត្រ នៃក្រសួងសុខាភិបាលកូរ៉េខាងត្បូង ថ្លែងទៅកាន់អ្នកសារព័ត៌មានថាខាងក្រសួងបានបញ្ជូនការជូនដំណឹងរដ្ឋបាលជាជំហានដំបូងពីការព្យួរអាជ្ញាបណ្ណ ទៅកាន់ក្រុមគ្រូពេទ្យកម្មសិក្សារាប់ពាន់នាក់ បន្ទាប់ពីពួកគេមិនព្រមធ្វើតាម ការបង្គាប់ឱ្យត្រឡប់ទៅធ្វើការនៅតាមមន្ទីរពេទ្យរបស់ពួកគេវិញ។ លោក Chun បានគូសបញ្ជាក់ទៀតថាគិតត្រឹមថ្ងៃទី៨ ខែមីនា ការជូនដំណឹងត្រូវបានបញ្ជូនទៅកាន់ គ្រូពេទ្យកម្មសិក្ស ៤៩០០នាក់ ហើយលោកក៏បានអំពាវនាវឱ្យគ្រូពេទ្យទាំងនោះត្រឡប់មកធ្វើការវិញដែរ ដើម្បីចៀសវាងការព្យួរអាជ្ញាបណ្ណពេទ្យ និងការដាក់ពិន័យ តាមផ្លូវច្បាប់។
លោកប្រធាននាយកដ្ឋានគោលនយោបាយសុខាភិបាល បានបន្ថែមថារដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមិនបោះចោលផែនការរបស់ខ្លួនឡើយ តែទ្វារសម្រាប់កិច្ចចរចានៅតែបើកចំហ ហើយរដ្ឋាភិបាលនឹងពិនិត្យ ក៏ដូចជាស្ដាប់គ្រប់មតិយោបល់របស់ក្រុមគ្រូពេទ្យ ជុំវិញការធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាល៕