en     km
en     km

មន្ដ្រីនាំពាក្យក្រសួងកសិកម្មរួមគ្នាបកស្រាយជុំវិញស្វាយចន្ទីធ្លាក់ថ្លៃអំឡុងពេលទទួលផល

Share

ដោយសារតម្លៃស្វាយចន្ទី មានការធ្លាក់ថ្ងៃ អំឡុងពេលដំណាំមួយនេះដល់រដូវកាលប្រមូល មន្ដ្រីនាំពាក្យ២រូបនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរួមគ្នាបកស្រាយនូវបញ្ហាដែលកសិករកំពុងជួបប្រទេះ។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កញ្ញា អ៊ឹម រចនា មន្ដ្រីនាំពាក្យនៃក្រសួងកសិកម្ម បានលើកឡើងពីដំណាំស្វាយចន្ទីលើហ្វេសប៊ុកកញ្ញា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ថា តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីលក់បានថ្លៃខុសគ្នាទៅតាមទំហំ គុណភាព សំណើម និងប្រភេទពូជស្វាយចន្ទី។ កញ្ញាបញ្ជាក់ថា គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផលនាដើមរដូវ និងចំណេញតិចនៅពេលដែលការប្រមូលផលធ្វើឡើងព្រមៗគ្នាទាំងនៅកម្ពុជា និងនៅប្រទេសដែលនិយមទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។
ខណៈដែលតម្លៃស្វាយចន្ទីមានការធ្លាក់ថ្លៃ មន្ដ្រីនាំពាក្យជាស្ដ្រីរូបនេះបានឱ្យកសិករ ចងក្រងសហគមន៍កសិកម្មទំនើប។ កញ្ញាអះអាងថានេះ ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗ។
ចំណែក លោក ឃឹម ហ្វីណង់ មន្ដ្រីនាំពាក្យរងនៃក្រសួងកសិកម្ម បានលើកឡើងលើហ្វេសប៊ុកលោកនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ដែរថា «សហគមន៍កសិកម្មទំនើប» គឺជាជម្រើសល្អបំផុតដែលអាចការពារ ប្រជាកសិករ ពីហានិភ័យនៃទីផ្សារ ការប្រែប្រួលអាកាសធាតុ ការខ្វះខាតដើមទុន និងការខ្វះខាតបច្ចេកទេសដែលធ្វើឱ្យថ្លៃដើមផលិតខ្ពស់ គុណភាពមិនអាចប្រកួតប្រជែងជាមួយទីផ្សារបាន។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

លោក ឃឹម ហ្វីណង់ រំលេចថា ជម្រើសល្អបំផុតមួយ សម្រាប់អ្នកដែលទន់ខ្សោយ និងដឹងខ្លួនថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ងាយរងហានិភ័យពីការប្រែប្រួលអាកាសធាតុ មានថ្លៃដើមផលិតខ្ពស់ និងតែងទទួលបានទិន្នផលទាប គឺការពិចារណារួមគ្នាចងក្រងជា«សហគមន៍កសិកម្មទំនើប» ដើម្បីការពារពួកគេពីហានិភ័យទាំងនេះ។
ផ្អែកតាមលោក ឃឹម ហ្វីណង់ ដដែល សហគមន៍កសិកម្មទំនើបនឹងធ្វើឱ្យកសិករតូចៗ អាចមានសមត្ថភាពប្រកួតប្រជែង និងទទួលបានប្រាក់ចំណេញល្អ ដូចម្ចាស់ចម្ការធំៗបាន ព្រមទាំងអាចជួយដោះស្រាយនូវរាល់បញ្ហាដែលបានលើកឡើងខាងលើ ដោយសារកត្តាមួយចំនួន ដូចជា៖ ការទទួលបានទុនកម្ចីការប្រាក់ទាប ដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំ។ ការគាំទ្របច្ចេកទេសផលិតកម្មរួមគ្នាក្នុងស្តង់ដាតែមួយ ដែលធានាបាននូវគុណភាពខ្ពស់ ទិន្នផលល្អ ថ្លៃដើមទាប។ ការធានាតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ដោយផ្អែកលើកិច្ចសន្យាកសិកម្ម និងផែនការអាជីកម្មរឹងមាំ។ ការគ្រប់គ្រងច្បាស់លាស់ ប្រកបដោយតម្លាភាព និងក្រឹត្យក្រមវិជ្ជាជីវៈខ្ពស់ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ក្រោមគោលការណ៍«សហគមន៍ជោគវាសនាតែមួយ»ដ៏រឹងមាំ។


យ៉ាងណា តាមបទពិសោធនៃឆ្នាំកន្លងមក តម្លៃស្វាយចន្ទីអាចនឹងបន្តធ្លាក់ចុះបន្ថែមទៀតរហូតដល់ផុតខែឧសភា បន្ទាប់មកវានឹងហក់ឡើងល្អជាធម្មតា។ នេះបើតាមការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ដដែល៕

Share

Image
Image
Image