en     km
en     km

យុវតីរងគ្រោះត្រូវមេខ្យល់បោកទៅលក់នៅចិន ដង្ហើយរកការសង្រ្គោះ

Share

យុវតី រងគ្រោះ ប្រភពហ្វេសប៊ុក

ករណីយុវតីម្នាក់ ដែលត្រូវបានគេបោកយកទៅលក់នៅចិន ហើយត្រូវបង្ខាំងក្នុងបន្ទប់៦ខែដើម្បីទៅយកប្ដីចិន ហើយប្រកាសតាមបណ្តាញសង្គមសុំអន្តរាគមន៍មកកម្ពុជាវិញ។ ពេលនេះក្រុមការងារក្រសួងពាក់ព័ន្ធកំពុងដុតដៃដុតជើងក្នុងការស្វែងរកអន្តរាគមន៍ ហើយយុវតីរងគ្រោះត្រូវបានដល់ទីសុវត្ថិភាព ១០០ភាគរយហើយ។  លោក គីម ចាន់ចាវ រាយការណ៍

 

យុវតីរងគ្រោះ ដែលអះអាងថាខ្លួនត្រូវបានមេខ្យល់បោកយកមកលក់នៅប្រទេសចិន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី០៩ មីនា ឆ្នាំ២០២៤ រៀបរាប់អំពីទុក្ខសោករបស់ខ្លួនឲ្យមហាជនបានដឹង និងសុំកិច្ចអន្តរាគមន៍ដើម្បីជួយសង្គ្រោះនាង។

យុវតីរងគ្រោះបានលើកឡើងថា ខ្លួនចាញ់បោកគេ ហើយមេខ្យល់យកមកលក់នៅឯប្រទេសចិន។ យុវតីរូបនេះ បានប្រថុយបង្ហោះវីដេអូបកស្រាយពីទុកលំបាករបស់ខ្លួន ទោះបីជាត្រូវមេខ្យល់គំរាមមិនឱ្យប្រាប់អ្នកផ្សេងក្ដី។ ក្នុងវីដេអូនោះ យុវតីរងគ្រោះអះអាងថាមេខ្យល់ថាយកមកធ្វើការប៉ុន្តែគេយកមកលក់ហើយគេយកទៅឱ្យមានប្ដីចិន ដោយគេចាប់ឃុំ៦ ខែហើយគេចាក់សោពីក្រៅទៀត។ ក្នុងសារអំពាវនាវដល់សម្តេច ហ៊ុន សែន ឱ្យជួយអន្តរាគកមន៍ យុវតីរូបនេះ ឱ្យដឹងថា ខ្លួនពិតជាពិបាកណាស់រស់នៅដូចអ្នកជាប់គុកអញ្ចឹងគេធ្វើបាប និង ចាប់ឃុំដូចសត្វធាតុ និងមិនមានសិរីភាពឡើយ។

«គេថាយកខ្ញុំមកធ្វើការ ប៉ុន្តែឥលូវហ្នឹងគេយក ខ្ញុំមកលក់ ហើយគេចាប់ខ្ញុំយកឃុំក្នុងបន្ទប់៥-ខែហើយ គេអត់ដែលឱ្យខ្ញុំដើរ ចេញទៅក្រៅទេ គេចាក់សោពីក្រៅទៀត។ សូមសម្ដេចតា​ សម្តេចយាយ សម្តេចហ៊ុន សែន ជួយកូនចៅទៅវិញផង។ ខ្ញុំទើបតែអាយុ១៦(ឆ្នាំ)ទេ ខ្ញុំអ្នកខេត្តត្បូងឃ្មុំ។ ហើយមេខ្យល់តែងតែតេមកគំរាមខ្ញុំថា កុំឱ្យខ្ញុំគិតធ្វើអីផ្ដេសផ្ដាស ឬក៏គិតចង់រត់ ប្រយ័ត្នគេធ្វើបាបខ្ញុំ ឬមួយក៏ប្រយ័ត្នមានរឿងជាមួយគេ។ ខ្ញុំធ្វើ ខ្ញុំថតវីដេអូហ្នឹង ភ័យខ្លាចមែនទែន ខ្លាចផុសទៅគេឃើញ គេនឹងមកធ្វើបាបខ្ញុំទៀត»។

លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១១ ខែមីនាថា លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជូនដំណឹងនេះទៅកាន់ក្រសួងការបរទេសកម្ពុជា និងបានទំនាក់ទំនងទៅកាន់ហ្វេសប៊ុករបស់នាររីរងគ្រោះសុំលេខទូរស័ព្ទ ដើម្បីផ្តល់ជូនទៅក្រសួងការបរទេសនិងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន ដោយស្ថានទូតបានសហការនិងទាក់ទងជាមួយអាជ្ញាធរនិងសមត្ថកិច្ចចិនជួយអន្តរាគមន៍ចំពោះករណីនេះ។ លោកអះអាងថា ក្រុមការងារក្រសួងមហាផ្ទៃកំពុងដុតដៃដុតជើង ក្នុងការទំនាក់ទំនងទៅតាម ហ្វេសប៊ុករបស់យុវតីរងគ្រោះ ហើយសុំលេខទូរសព្ទរបស់នាង ដើម្បីផ្ដល់ជូនក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសចិនដើម្បីមានមូលដ្ឋាន។ ក្រៅពីនេះ ក៏បានស្នើសុំទីតាំងដែលយុវតីរងគ្រោះត្រូវបានគេ បង្ខាំងមិនឱ្យចេញផងដែរ។ ហើយរហូតដល់ពេលនេះ ក្រុមការងារបាននាំយុវតីរងគ្រោះដល់ទីតាំងសុវត្ថិភាពហើយ។

«ហើយប្អូនស្រីក៏បានទំនាក់ទំនងជាមួយជំនួយការឯកឧត្តម ស សុខា បាន ហើយប្អូនស្រីបាន ហើយបានផ្ដល់លេខទូរសព្ទ និងថតទីតាំងជុំវិញកន្លែងដែលគេបង្ខាំងប្អូននោះ។ ហើយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងជាប្រធានគណកម្មាធិការប្រឆាំងអំពើជួញដូរមនុស្សក៏បាន យកព័ត៌មានទាំងអស់នេះ ជូនទៅកាន់ក្រសួងការបរទេស ក្រសួងការបរទេសក៏បាន ផ្ដល់ព័ត៌មាននេះបន្ថែមទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសចិន ហើយក្នុងនោះក៏ឃើញថាស្ថានទូត ក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅប្រទេសចិន បានធ្វើការយ៉ាងដុតដៃដុតជើង សហការជាមួយសមត្ថកិច្ចអាជ្ញាធររបស់ចិន។ រហូតដល់ថ្មើរល្ងាច ឃើញថា សមត្ថកិច្ចអាជ្ញាធរចិន បានចូលទៅដល់ទីតាំង កន្លែងដែលបង្ខាំងប្អូនស្រីនោះ ហើយយកប្អូនស្រីនោះ មកកាន់ការិយាល័យដោយសុវត្ថិភាព។ ហើយបច្ចុប្បន្ន គឺកំពុងធ្វើកិច្ចការងារនេះ  ស្ថានទូត ក៏ដូចជាអគ្គកុងស៊ុល…..»

លោក ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

 

ចំណែកលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ប្រាប់វិទញយថា ក្រោយពីទទួលបានព័ត៌មាន ករណីស្ត្រីរងគ្រោះ ដែលចាញ់បោកមេខ្យល់ខាងលើនេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជូនករណីនេះទៅស្ថានទូតកម្ពុជានៅប៉េកាំងដើម្បីពិនិត្យដោះស្រាយរួចហើយ។

លោក បញ្ជាក់ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី១១ ខែមីនានេះថា

«ស្រ្តីរងគ្រោះត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជានៅសៀងហៃទាក់ទងជាមួយអាជ្ញាធរនគរបាលចិនជួយសង្រ្គោះរួចហើយ នៅថ្ងៃទី ១០ មីនា ២០២៤ ហើយកំពុងបំពេញបែបបទនៅការិយាល័យនគរបាលចិននៅខេត្តជឺជាំង ។»

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា

ការអន្តរគមន៍នេះធ្វើឡើងតាមការអំពាវនាវ។ នារីរងគ្រោះបានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា នាងមានអាយុ១៦ឆ្នាំ ជាអ្នកខេត្តត្បូងឃ្មុំ បានចាញ់បោកមេខ្យល់យកមកលក់នៅចិន និងបង្ខាំងទុកមិនឱ្យចេញក្រៅ រស់នៅដូចអ្នកជាប់ឃុំ និងត្រូវបានគេធ្វើបាប។ ជាងនេះទៀត នាងក៏បានទទូចដល់ថ្នាក់ដឹកនាំកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធជួយសង្រ្គោះនាង ព្រោះនាងចង់ត្រឡប់មកកាន់កម្ពុជាវិញ ដោយសង្ឃឹមថាថ្នាក់ដឹកនាំនឹងមិនព្រងើយកណ្ដោយឡើយ៕

ត្ថបទខ្លីសរសេរដោយ កញ្ញា សៃ ចន្ធី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង

Image