en     km
en     km

ហ្វារពន្លឺសិល្បៈបញ្ចូលក្បាច់រាំបរទេសក្នុងចង្វាក់រាំម៉ាឌីហ្សុនបន្ថែមភាពប្លែកថ្មីទាក់ភ្នែកអ្នកទស្សនា

Share

រូបភាពដោយ៖ Oyen Rodriguez 

 

ភ្នំពេញ៖ ហ្វារពន្លឺសិល្បៈបានបង្ហាញផ្ទាំងទស្សនីយភាពប្លែកថ្មីមួយទៀតហើយ ដោយកាលពីរាត្រីថ្ងៃទី១-២ ខែមីនាកន្លងទៅនេះ ក្រុមអ្នកសិល្បករបានបញ្ចេញក្បាច់រាំបែបកូនកាត់មួយគឺ ការបង្ហាញក្បាច់រាំបរទេសក្នុងចង្វាក់រាំម៉ាឌីហ្សុន។ ទស្សនិកជនដែលបានចូលរួមទស្សនានៅរោងមហោស្រពនៃសាលាអន្តរជាតិកាណាដា (CIS)ក្នុងរាជធានីភ្នំពេញនៅរាត្រីនោះ បាន កោតសរសើរនូវគំនិតច្នៃប្រឌិតនេះ និងថាការសម្តែងនេះបានបង្ហាញនូវការចូលរួមដោយមិនទុកនរណាម្នាក់ចោល ដ្បិតអ្នកសិល្បករមានទាំងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ ចង់ជ្រាបច្បាស់សូមនាង កញ្ញា លោក លោកស្រី អញ្ជើញស្តាប់ការអត្ថាធិប្បាយរបស់កញ្ញា កែវ សុជាតា ដូចតទៅ៖

 

ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិជាច្រើននាក់ ឈរតម្រង់ជួរចាំចុះហត្ថលេខា និងចាំយកសន្លឹកពណ៌ ឬ sticker ដើម្បីងាយស្រួលស្គាល់ទីតាំងកន្លែងអង្គុយរៀងៗខ្លួននៅក្នុងសាលសម្តែងនៃរោងមហោស្រពនៃសាលាអន្តរជាតិកាណាដា (CIS) ។ ឯអ្នកខ្លះទៀត ឈរត្រៀបត្រានៅខាងមុខបរិវេណនៃទ្វារអគាររបស់សាលាអន្តរជាតិកាណាដា (CIS) ចាំចូលទៅខាងក្នុង។ ចំណែកភ្ញៀវដទៃទៀត ឈរឬអង្គុយជជែកពិភាក្សាគ្នាពីនេះពីនោះ។ ភ្ញៀវមួយចំនួនដែលបានអញ្ជើញចូលរួម បាននាំកូនតូចៗរបស់ពួកគេមកជាមួយផងដែរ ដើម្បីស្វែងយល់ពីសិល្បៈវប្បធម៌របស់ខ្មែរ ពិសេសក្បាច់រាំដែលច្របាច់បញ្ចូលជាមួយនឹងវប្បធម៌របស់លោកខាងលិច។

នៅត្រឹមម៉ោង ៧និង៣០នាទី ទ្វារមហោស្រពសាលាអន្តរជាតិកាណាដា បានបើកអនុញ្ញាតឱ្យភ្ញៀវដើរចូលទៅខាងក្នុង និងត្រៀមខ្លួនចាំមើលការសម្តែងរបស់សិល្បករដែលដឹងនាំដោយក្រុមហ្វារពន្លឺសិល្បៈ រួមជាមួយលោក Michael Laub និងអ្នកគ្រូបង្ហាត់ការរាំ អ្នកនាង ខេន វ៉ាន់ធី។ រាត្រី Madison No​w បង្វែរបរិយាកាសនៅក្នុងសាលឱ្យមានសភាពស្ងៀមស្ងាត់ អន្ទះសារចង់ដឹងរឿងរ៉ាវជាបន្តបន្ទាប់ រំភើបជាមួយនឹងក្បាច់រាំដែលជាការច្នៃប្រឌិតប្លែកភ្នែក ពិសេសទស្សនិកជនជាច្រើនទះដៃនៅខាងចុងនៃការសម្តែង ដ្បិតទស្សនីយភាពដែលពួកគេបានឆ្លងកាត់មុននេះពោរពេញទៅដោយអត្ថន័យខ្លឹមសារ និងមានភាពពិសេសខុសពីការសម្តែងដទៃ។

រូបភាពដោយ៖ Oyen Rodriguez 

 

លោក Collin Graphler ជាសិល្បករមួយរូបដែលចូលចិត្តតន្រ្តីជួនកាលក៏លេងកម្សាន្តអារម្មណ៍ និងជាបម្រើការម្នាក់នៅក្នុងមជ្ឈមណ្ឌលបុប្ជាណាផងនោះ បានបង្ហាញអារម្មណ៍រីករាយជាមួយការសម្តែងនាល្ងាចថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤ ដែលជាទស្សនីយភាពពោរពេញភាពចម្រុះនៃក្បាច់រាំ។ ក្នុងនាមជាសិល្បករជនជាតិបរទេសម្នាក់ដែលតែងធ្វើការជាមួយសិល្បករ ឬអ្នករាំគ្រប់សម័យកាលក្នុងកម្ពុជា លោកសង្ឃឹមថា ទស្សនីយភាពបែបនេះនឹងសាយភាយទៅដល់អ្នកទស្សនិកជនដទៃទៀតនៅគ្រប់ទិសទីតាមដែលអាចធ្វើទៅបាន ហើយទាំងនេះគឺត្រូវការការសហការពីមនុស្សគ្រប់រូបដែលធ្វើការនៅក្នុងហ្វារពន្លឺសិល្បៈ និងសិល្បករដទៃទៀត រួមមាន អ្នកដឹកនាំ អ្នករាំ គ្រូបង្ហាត់រាំ និងត​ន្រ្តីករជាដើម។

រូបភាពដោយ៖ កញ្ញា កែវ សុជាតា

 

លោក Collin Graphler៖ «[កម្មវិធី Madison No​w នៃរាត្រីនេះ] ជាការសម្តែងដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាទីបំផុត ដោយសារកម្មវិធីយប់នេះពោរពេញ​ទៅ​ដោយ​ការ​ភ្ញាក់​ផ្អើល ហើយ​វាពិតជា​សប្បាយ​រីករាយជាខ្លាំង។ រឿង​មួយ​ដែល​គួរឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​នោះ ​គឺ​ភាព​ផ្ទុយ​គ្នា [និងការរួមបញ្ចូលគ្នា]រវាងក្បាច់រាំម៉ាឌីហ្សុនទៅ​ក្នុង​របាំ​បុរាណ[ខ្មែរ]។»។

ស្រ្តីម្នាក់ទៀតពាក់ក្រម៉ាបង់កពណ៌ខៀវឈរញញឹមនៅក្បែរលោក Collin បង្ហាញចំណាប់អារម្មណ៍ដែលថា អ្នកស្រីពិតជាសប្បាយរីករាយនៅក្នុងរាត្រីនេះដោយសារការសម្តែងបានអង្រួនបេះដូង និងឆក់យកអារម្មណ៍របស់អ្នកស្រីមួយរំពេចក្រោយសិល្បករចេញមករាំនៅលើឆាក។ អ្នកស្រី Keiko ជាភរិយារបស់លោក Collin និងជាតន្រ្តីករជនជាតិជប៉ុនមួយរូប និយាយទៀតថា ការសម្តែង Madison Now នេះបង្កប់នូវអត្ថន័យជាច្រើន ដែលអ្នកទស្សនាស្លុងអារម្មណ៍មិនហ៊ានឃើញក្រសែភ្នែកចេញពីឆាកសម្តែងនោះឡើយ។

រូបភាពដោយ៖ កញ្ញា កែវ សុជាតា

អ្នកស្រី Keiko៖ «​អ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំផ្ទាល់ភ្ញាក់ផ្អើលនោះគឺជាការបើកឱកាសឱ្យក្រុម LGBTIQ និងក្រុមស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា បានចូលរួមរាំ និងមានឱកាសបង្ហាញពីខ្លួនឯង។ បើធៀបករណីនេះនៅតាមបណ្តាប្រទេសដទៃ គឺរាងពិបាកបន្តិច ក៏ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេបើកបង្ហាញ រួមទាំងលើកទឹកចិត្ត។ ជាឧទាហរណ៍ សិល្បករម្នាក់បានពាក់សំពត់លោកយាយរបស់គេ[មកសម្តែងនៅលើឆាក] បើទោះបី[ដំបូង]លោកយាយប្រឆាំង[ចំពោះសិល្បករមានភេទប្រុសនេះទៅធ្វើរឿងមនុស្សស្រី] តែគេនៅតែស្រឡាញ់ និងគោរពលោកយាយជាខ្លាំង។ ដូច្នេះយើងឃើញច្បាស់ហើយថាកម្ពុជានៅតែប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់វប្បធម៌ ក៏ប៉ុន្តែពួកគេក៏បើកចិត្តយ៉ាងទូលាយក្នុងការទទួលយកនូវការគិតបែបសម័យថ្មីពាក់ព័ន្ធនឹងយេនឌ័រ។»។

រូបភាពដោយ៖ កញ្ញា កែវ សុជាតា

 

ក្រឡេកមកសិល្បករឯណ្ណេះវិញ ស្រ្តីមួយរូបមានភាពរហ័សរហួសស្វះស្វែងនៅគ្រប់ឈុតឆាកនៃកម្មវិធី Madison Now បើទោះបីជាស្រ្តីរូបនោះពាក់សំពត់វែងត្រឹមស្មងជើង តែការរាំពីមួយក្បាច់ទៅមួយក្បាច់មានភាពរស់រវើកសមជាអ្នកគ្រូបង្វឹកការរាំអាជីព។ អ្នកនាង ខេន វ៉ាន់ធី ជាអ្នករបាំខ្មែរបុរាណផង ជាអ្នករបាំទំនើបផង ជាអ្នកដំឡើងរបាំផង និងជាអ្នកគ្រូបង្គោលបង្ហាត់បង្រៀនដល់សិល្បករនៃកម្មវិធី Madison Now ផង ហើយអ្នកនាង ខេន វ៉ាន់ធី ក៏ជាសិល្បករមួយរូបសម្តែងនៅក្នុងកម្មវិធីនេះផងដែរ។

ក្នុងអាជីពជាអ្នករាំអស់ជាង ៣០ឆ្នាំនេះ អ្នកនាងឆ្លងកាត់បទពិសោធជាច្រើន ដោយអ្នកនាងប្រាប់វិទ្យុស្រ្តីកាលពីល្ងាចថ្ងៃសៅរ៍ ទី២ ខែមីនាថា កាលដើមឡើយអ្នកនាងជាសិល្បករខាងផ្នែករបាំប្រពៃណី តែនៅពេលអ្នកនាងមានឱកាសទៅសិក្សានៅប្រទេសក្រៅគួបផ្សំមានចំណេះដឹងមួយចំនួនលើរបាំទំនើប ទើបអ្នកនាងចាប់ផ្តើមមានចំណូលចិត្តលើការដំឡើងក្បាច់រាំថ្មីៗ។ សម្រាប់រាត្រី Madison Now ស្រ្តីសម្បុរសណ្តែកបាយរូបនេះបញ្ជាក់ថា សិល្បករទាំង ១៦នាក់ដែលខ្លះជាសិស្ស និស្សិត គ្រូពីសាលាសិល្បៈនានា និងជាសិល្បករពីបណ្តារាជធានីភ្នំពេញ និងខេត្តបាត់ដំបង បានខិតខំព្យាយាមបញ្ចេញសមត្ថភាពរៀងៗខ្លួននៅក្នុងការសម្តែងដែលមានរយៈពេលជាង ១ម៉ោង ដោយក្បាច់នីមួយៗបូកបញ្ចូលទាំងរបាំខ្មែរ និងក្បាច់បរទេស ពិសេសបង្ហាញពីសៀករហ័សកម្ម និងល្ខោនដ៏វិសេសវិសាលផងដែរ។

«យើង based on (ផ្អែកតាម)ម៉ាឌីហ្សុន ប៉ុន្តែនៅក្នុងម៉ាឌីហ្ស៊ុនហ្នឹង ពេលដែលយើងធ្វើការលើរឿង…កាលពីមុន ប្រជាជនខ្មែរទាំងអស់សូម្បីតែខ្ញុំ ខ្ញុំក៏គិតដែលថាម៉ាឌីហ្ស៊ុនហ្នឹងគឺរបស់ខ្មែរ ក៏ព្រោះខ្ញុំរាំរហូត ខ្ញុំចូលចិត្តចង្វាក់ហ្នឹងជាងគេ។ អ៊‌ីចឹងចង្វាក់ម៉ាឌីហ្សុនរាំបានទាំងក្មេងទាំងចាស់។ តែនៅពេលយើងធ្វើការនេះ យើងធ្វើការ explore (ស្វែងរក) ធ្វើការជជែកគ្នាបានយើងដឹងថា ម៉ាឌីហ្សុនតាមពិតជារបស់បរទេសទេ តែខ្មែរយើងបានលំហូរហូរចូលចង្វាក់នេះ ហើយ adapt (កែច្នៃ) ចង្វាក់នេះទៅជាចង្វាក់របស់ខ្មែរ ហើយមានក្បាច់របស់ខ្មែរយ៉ាងពិតប្រាកដ ហើយនៅពេលដែលយើងយកក្បាច់ហ្នឹងយកមកធ្វើ យកមកសិក្សាត្រឡប់មកវិញ យើងមានថែមអត្តសញ្ញាណខ្មែរបញ្ចូលទៅក្នុងហ្នឹងទៀត ដោយមានប្រើខ្មែរ gesture ដោយប្រើក្បាច់រាំខ្មែរខ្លះចូលទៅក្នុងហ្នឹង។ អ‌៊ីចឹងយើងឃើញពេលខ្លះមានរាំ មានលើកជើងឌៀវដែលជាក្បាច់រាំរបស់ខ្មែរ ពេលខ្លះមានដៃជីប ទី២ក៏មានក្បាច់រាំបរទេសក៏មាននៅក្នុងហ្នឹងដែរ។ អ‌៊ីចឹង ខ្មែរនិងបរទេសគឺលាយបញ្ចូលគ្នានៅក្នុងរឿងហ្នឹងតែមួយ ហើយបច្ចេកទេសក៏យើងមានដូចគ្នា យើងមានល្ខោន យើងមានចម្រៀង យើងមានអ្នករបាំ យើងមានសៀកបញ្ចូលទៅក្នុងហ្នឹង។»។

អ្នកនាង ខេន វ៉ាន់ធី កំពុងពុតដៃសិស្សហាត់របាំ (រូបភាពដោយ៖ Oyen Rodriguez )

 

មិនមែនតែអ្នកនាង ខេន វ៉ាន់ធី ម្នាក់ប៉ុណ្ណោះទេដែលបង្រៀននិងដំឡើងការសម្តែងទាំងពីរថ្ងៃនៃកម្មវិធី Madison Now ដែលធ្វើឡើងនៅសាលាអន្តរជាតិកាណាដា CIS នៃរាជធានីភ្នំពេញ ក្នុងនោះក៏មានផងដែរលោក Michael Laub ដែលជាចំណែកមួយនៅក្នុងការដឹកនាំការសម្តែង។  លោក Michael Laub ព្យាយាមសិក្សាប្រៀបធៀបរវាងវប្បធម៌ខ្មែរ និងវប្បធម៌បរទេសដោយត្រិះរិះបញ្ច្រៀតចូលក្នុងនូវចំណុចនានា ដើម្បីមូលមតិគ្នាលើចំណុចដែលភាគីទាំងសងខាងអាចយល់ស្របគ្នា។ ក្រៅពីការយល់ពីវប្បធម៌ទាំងសងខាង អ្នកនាង ខេន វ៉ាន់ធី បន្ថែមទៀតថា អ្នកនាងនិងលោក Michael សិក្សាពីចរិកលក្ខណៈរបស់យុវជនសម័យទំនើប និងការយល់ឃើញរបស់មនុស្សចំណាស់លើក្បាច់រាំចង្វាក់ម៉ាឌីហ្សុន។

ដោយឡែក ស្រ្តីវ័យ ២០ឆ្នាំជាងដែលអំឡុងពេលសម្តែងមានកាយវិការបត់បែនយ៉ាងប៉ិនប្រសប់ ឱ្យដឹងថា ក្នុងនាមជាអ្នករបាំបុរាណ កញ្ញាប្រឡូកមកច្រើនកម្មវិធីរួចមកហើយ តែនេះជាលើកទី១របស់ខ្លួនក្នុងការរាំចង្វាក់ម៉ាឌីហ្សុនសម័យទំនើប និងជាមួយក្រុមហ្វារពន្លឺសិល្បៈដែលដឹកនាំដោយលោក Michael Laub។ កញ្ញា ទូច ស្រីធី ជាសិល្បកររបាំបុរាណខ្មែរ និងជាអតីតនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈមួយរូប និយាយទៀតថា ការហ្វឹកហាត់មានរយៈពេលយូរគួរសមដែលជួនត្រូវឡើងទៅដល់ខេត្តបាត់ដំបងដើម្បីហ្វឹកហាត់ ខ្លះធ្វើនៅក្នុងរាជធានីភ្នំពេញ។ កញ្ញាបញ្ជាក់ទៀតថា នៅអំឡុងពេលហាត់ខ្លួនជួបបញ្ហារបួសជើង ដែលរារាំងការហាត់សម តែកញ្ញាមិនបោះបង់ចោលឱកាសនេះឡើយ ដោយព្យាយាមព្យាបាល និងបន្តឆន្ទៈរបស់ខ្លួន។

រូបភាពដោយ៖ Oyen Rodriguez 

 

ជាមួយគ្នានេះ​ កញ្ញាមានទឹកមុខស្រស់ស្រាយ ញញឹមពព្រាយដោយរៀបរាប់ថា កញ្ញាមិនមានភាពភ័យខ្លាចនៅអំឡុងពេលសម្តែងនៅលើឆាកមុខទស្សនិកជននោះឡើយ ដ្បិតនៅអំឡុងពេលហាត់សម គ្រូបង្វឹកប្រាប់ឱ្យអ្នកសម្តែងទាំងអស់ធ្វើឱ្យអស់ពីសមត្ថភាព និងចេញពីចិត្តពិតៗ ដើម្បីកុំឱ្យពួកគេភ័យ ឬភ្លេចភ្លាំងក្បាច់រាំភ្លាមៗនៅកណ្តាលហ្វូងមនុស្សជាច្រើននៅខាងមុខឆាក។ លើសពីនេះ កញ្ញាថា ខ្លួនសប្បាយទៅវិញទេដែលបានបង្ហាញអ្វីជាខ្លួនឯងនៅលើឆាក និងបង្ហាញពីតថភាពនៅក្នុងសង្គម។

«សម្រាប់ show (ការសម្តែង) ហ្នឹង ខ្ញុំបានបង្ហាញអីដែលជាខ្លួនរបស់ខ្ញុំ បានបង្ហាញពីអត្តចរិក​ បានបង្ហាញពីអ្វីដែលខ្ញុំតែងតែចង់និយាយជាច្រើនក្នុងការឱ្យទស្សនិកជន ឬក៏អ្នកដទៃបានដឹងថាខ្ញុំជាមនុស្សបែបណា។»។

រូបភាពដោយ៖ Oyen Rodriguez 

 

​ជាការអំពាវនាវដល់ទស្សនិកជនទាំងចាស់ទាំងក្មេង អ្នកនាង ខេន វ៉ាន់ធី សង្ឃឹមថា ប្រជាពលរដ្ឋខ្មែររួមចំណែកផ្សព្វផ្សាយ និងមកទស្សនាឱ្យបានយ៉ាងច្រើនកោះកុរនៅក្នុងរោងល្ខោន ឬឆាកសម្តែងនានាដែលបង្ហាញពីសិល្បៈខ្មែរ។ អ្នកនាងបន្តទៀតថា ការណ៍នេះញ៉ាំងចិត្តអ្នកទស្សនាឱ្យមានភាពសប្បាយរីករាយ រំសាយទុក្ខកង្វល់ បំភ្លេចនូវបញ្ហាផ្សេងៗ និងដើម្បីចូលរួមចំណែកលើកស្ទុយវប្បធម៌ខ្មែរមួយកម្រិតទៀត។

«ខ្ញុំអត់អ្វីច្រើនទេ គ្រាន់តែថាជូនទៅទស្សនិកជនទាំងអស់ឱ្យយល់ថា សិល្បៈគឺជាការសប្បាយរីករាយ enjoy ប្រសិនបើអ្នកទាំងអស់គ្នាហត់ពីការងារ ក៏គួរណាស់តែមកអង្គុយនៅក្នុងរោងល្ខោនដើម្បីមើលសិល្បៈផ្ទាល់ យើងអត់មើលតាមកញ្ចក់ទូរទស្សន៍ទេ។ វាអត់ខុសគ្នាពីប្អូនទាំងអស់គ្នា យុវជនដែលហត់ចូលទៅមើលរឿង​នៅក្នុងរោងល្ខោននោះទេ [ព្រោះ]វាជាសាច់រឿងដូចគ្នា ខ្ញុំចង់និយាយអ‌៊ីចឹងណា។ ហើយសិល្បៈមានចំណុចសំខាន់ ហើយសិល្បៈមានតួនាទីបំពេរអារម្មណ៍លួងលោមមនុស្សដែលមានវិបត្តិ លួងលោមមនុស្សដែលស្តេសអីអ៊‌ីចឹងណា។ អ៊‌ីចឹងខ្ញុំចង់អញ្ជើញទស្សនិកជនទាំងអស់ចូលរួមឱ្យបានច្រើនកុះករមិនថាជាគម្រោងមួយនេះ ជាសាច់រឿងមួយនេះ ឬជាសាច់រឿងផ្សេងទៀតទេ គួរតែអញ្ជើញចូលរួមចំណាយពេលវេលានៅក្នុងរោងល្ខោនឱ្យបានច្រើន ដើម្បីយល់ដឹងពីសាច់រឿងមួយៗ តើ director គេចង់បានអី គេនិយាយអ្វី តើសង្គមផ្នែកសិល្បៈរបស់យើងដើរដល់កន្លែងណាហើយ។»៕

 

Share

Image
Image
Image