en     km
en     km

អ្នកចម្រៀង ម៉ៅ ហាជី សុំទោសសាធារណជន ក្រោយយកបទជាតិមកបំប្លែងជាបទREMIX

Share

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ អ្នកចម្រៀងសម័យ ម៉ៅ ហាជី ជ្រកក្រោមផលិតកម្មថោន បានចេញមុខសុំទោសសាធារណជន ខណៈបានផលិតបទចម្រៀងថ្មីដែលយកលំនាំតាមបទ ដែនដីខ្មែរ ជាព្រះរាជនិពន្ធទំនុកច្រៀងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត ទៅធ្វើការ Remix។

លោក ម៉ៅ ហាជី បានសុំទោសតាមរយៈហ្វេសប៊ុក និងបានលុបចម្រៀងRemix នោះផងដែរ។ លោកបានសន្យាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ភ្លេងជាតិទៀតនោះទេ សម្រាប់ការផលិតបទចម្រៀងលើកក្រោយ។

គួរជម្រាបថា ក្រោយបទចម្រៀងលោក ម៉ៅ ហាជី ចេញផ្សាយលើកបណ្ដាញសង្គម កាលពីថ្ងៃទី៦ ខែមីនា មានសាធារណជនជាច្រើនបានប្រតិកម្មនឹងបទចម្រៀងនេះ ថាយកភ្លេងជាតិ និងព្រះរាជនិពន្ធរបស់សម្ដេចសង្ឃមកធ្វើឱ្យខូចទម្រង់ដើមនៃបទភ្លេង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានចេញលិខិតព្រមានមួយទៅកាន់ម្ចាស់ផលិតកម្មថោន នឹងបានបញ្ជាក់ថា បទចម្រៀងរបស់លោក ម៉ៅ ហាជី គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសីលធម៌របស់អ្នកនិពន្ធ និងការប្រើប្រាស់បទភ្លេងដែលមានតម្លៃសម្រាប់ជាតិ និងប្រជាជន ទៅបំភ្លៃដោយពុំមានខ្លឹមសារអប់រំ និងគ្មានប្រយោជន៍សម្រាប់សង្គម។

គួរជម្រាបថា បទដែនដីខ្មែរ ដែលសម្ដេចព្រះសង្ឃរាជនិពន្ធ បានអង្រួនចិត្ត អង្រួនអារម្មណ៍យុវជនខ្មែរឱ្យស្រឡាញ់ និងរួមរួមគ្នា ដើម្បីការពារជាតិមាតុភូមិ និងផ្ដល់តម្លៃដល់ទឹកដី ដូចឃ្លាផ្ដើមដំបូងនៃច្រៀងបានសរសេរថា ដែនដីខ្មែរប្រែថាសុវណ្ណភូមិ។

យ៉ាងណា ក្រសួងវប្បធម៌បានអំពាវនាវឱ្យគ្រប់ផលិតកម្មទាំងអស់ គោរពឱ្យបានម៉ឺងម៉ាត់នូវច្បាប់សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ព្រមទាំងរួមគ្នាលើកតម្លៃសីលធម៌សង្គម និងកិត្តិយសជាតិ៕

Share

ព័ត៌មានទាក់ទង

Image