en     km
en     km

ការពង្រឹងសមភាព យេនឌ័រ នៅតែចាំបាច់ ដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកបន្ត

Share

 

ក្រុមស្ត្រីជាបេក្ខភាពឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់តំណាងឱ្យគណបក្សនយោបាយ ស្ថិតនៅស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងវគ្គបណ្តុះបណ្តាល

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ត្រូវធានាលើការពង្រឹងសមភាពយេនឌ័រ ដោយនៅតែបន្តជាកិច្ចការអទិភាព និងកាន់តែចាំបាច់ ដើម្បីឲ្យស្ត្រី និងក្មេងស្រីគ្រប់រូប ទទួលបាននូវកាលានុវត្ត ភាពពេញលេញ និងប្រកបដោយសមភាព នៅក្នុងគ្រប់ទិដ្ឋភាព ទាំងវិស័យនយោបាយ សេដ្ឋកិច្ច ​និងសង្គម។

ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យត្រូវបានបន្តកំណត់ជាអាទិភាពក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្នដែលក្នុងនោះស្រ្តីគឺជាស្នូល។ នេះបើតាមវីដេអូសុន្ទរកថារបស់ សម្តេច ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិនារី០៨មីនា ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណងរំលេចអំពីសក្តានុពល និងសារៈ​សំខាន់នៃការចូលរួមនិងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

នៅក្នុងសុន្ទរកថានេះដែរ សម្តេច ហ៊ុន ម៉ាណែត ក៏បង្ហាញការគាំទ្រចំពោះមូលបទខាងលើ ដោយខ្លឹមសារនៃមូលបទ បានឆ្លើយតបនឹងបរិបត្តនៃការវិវត្តរបស់សង្គម នៅក្នុងយុគសម័យឌីជីថល ស្របតាមការកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ និងក្របខណ្ឌគោលនយោបាយនៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។

«រាជរដ្ឋាភិបាលបានបន្តកំណត់ជាអាទិភាព ក្នុងការលើកកម្ពស់សមភាពយែនឌ័រ និងការបង្កើតភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូល»

សម្តេចនាយករដ្ឋមន្ត្រីអះអាងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តដាក់ចេញនិងជំរុញការអនុវត្តវិធានការ គោលនយោបាយគាំទ្រ ដល់សហគ្រិនស្រ្តីដែលដឹកនាំសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងគាំទ្រដល់ការចូលរួមរបស់ស្រ្តីនៅក្នុងគ្រប់សកម្មភាពសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះរាជរដ្ឋាភិបាល ក៏កំពុងបន្តពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្នតាមរយៈការពង្រីកវិសាលភាពនៃការអនុវត្តក្របខណ្ឌជាតិគាំពារសង្គម ឱ្យដល់ក្រុមជនងាយរងគ្រោះ ទាំងវិស័យសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងធានាបាននូវការសម្រេចលើការគ្របដណ្តប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានដោយសមធម៌៕

ត្ថបទខ្លីសរសេរដោយ លោក សួន វីន សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action

Share

ព័ត៌មានទាក់ទង

Image