en     km
en     km

បុរស៧នាក់ត្រូវចាប់ខ្លួនក្នុងប្រទេសឥណ្ឌាពីបទរំលោភអ្នកទេសចរ

Share

អ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ ត្រូវជនមិនស្គាល់ជាច្រើននាក់វាយប្រហារ និងចាប់រំលោភនៅអំឡុងពេលស្រ្តីរងគ្រោះរូបនេះជិះម៉ូតូជាមួយប្តីទៅកាន់ស្រុក Dumka ក្នុងរដ្ឋ Jharkhand ភាគខាងកើតប្រទេសឥណ្ឌា ដែលជាកន្លែងដែលប្តីប្រពន្ធទាំងនេះបោះតង់។ នាថ្ងៃពុធ ទី៦ ខែមីនានេះ ប៉ូលិសឥណ្ឌាបានរាយការណ៍ឱ្យដឹងថា បច្ចុប្បន្នប៉ូលិសចាប់ខ្លួនជនសង្ស័យសរុបចំនួន ៨នាក់ ដែលសុទ្ធសឹងជាប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅក្នុងសហគមន៍នោះផ្ទាល់។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤។

ជុំវិញករណីនេះ ស្ត្រីរងគ្រោះរូបនេះ បានបង្ហោះសារលើបណ្តាញសង្គម Instagram ថា អ្នកស្រីមានស្នាមជាំនៅលើមុខ ក៏ប៉ុន្តែពេលនោះអ្នកស្រីថា នេះមិនមែនជាអ្វីដែលឈឺចាប់បំផុតនោះទេ ព្រោះពេលនោះអ្នកស្រីគិតថាខ្លួនបានស្លាប់ទៅហើយ។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិសម្រាប់ស្ត្រី (NCW) របស់ប្រទេសឥណ្ឌា បានថ្កោលទោសករណីនេះយ៉ាងខ្លាំង។ ប្រធាន NCW លោកស្រី Rekha Sharma បាននិយាយជាមួយជនរងគ្រោះ និងផ្តល់ជំនួយដែលត្រូវការទាំងអស់សម្រាប់ស្រ្តីរងគ្រោះរូបនេះទៅតាមសំណើសមស្រប។

ប្រទេសឥណ្ឌាបានតស៊ូអស់ពេលជាយូរខែឆ្នាំក្នុងការដោះស្រាយចំពោះអត្រាខ្ពស់នៃអំពើហឹង្សាលើស្ត្រី ជាមួយនឹងករណីរំលោភសេពសន្ថវៈខ្ពស់ជាច្រើន ពិសេសពាក់ព័ន្ធនឹងភ្ញៀវបរទេស។ យោងតាមការិយាល័យកំណត់ត្រាឧក្រិដ្ឋកម្មជាតិរបស់ប្រទេសឥណ្ឌា ករណីរំលោភសេពសន្ថវៈសរុបមានចំនួន ៣១,៥១៦ករណីក្នុងឆ្នាំ២០២២ ដែលជាមធ្យមមាន ៨៦ករណីក្នុងមួយថ្ងៃ។


ក្នុងនោះ អ្នកជំនាញព្រមានថា ចំនួនដែលបានកត់ត្រាទាំងនេះ គឺគ្រាន់តែជាផ្នែកតូចមួយនៃចំនួនពិតប៉ុណ្ណោះ ដ្បិតជនរងគ្រោះមួយចំនួនមិនហ៊ានផ្តល់ដំណឹងដល់អាជ្ញាធរ ឬក្រុមគ្រួសារនោះឡើយ ដោយសារតែខ្លាចការមាក់ងាយ៕

ប្រភព៖ CNA ចុះថ្ងៃពុធ ទី៦ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image