នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានបើកសវនាការលើសំណុំរឿងស្ដ្រីជនជាតិដើមភាគតិច៣រូប ដែលជាសកម្មជនដីធ្លីនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ស្ដ្រីទាំងបីនោះមាន អ្នកស្រី ផ្លឹក ភីរុំ អ្នកស្រី ទុំ សុភឿន និងអ្នកស្រី ឃ្លើម ដាំ។ យោងតាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បញ្ជាក់ថា ស្ដ្រីទាំងបីនឹងត្រូវប្រកាសសាលក្រមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ បន្ទាប់ពីសវការម្សិលមិញ។
កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ សម្មជនដីធ្លីដល់ទៅ៥រូប មានអ្នកស្រី ផ្លឹក ភីរុំ អ្នកស្រី ទុំ សុភឿន និងអ្នកស្រី ឃ្លើម ដាំ អ្នកស្រី ស្រៀវ ទ្រាន និងលោកផ្លឹក ភីឌូ ត្រូវបានសាលាដំបូងខេត្តមណ្ឌលគិរីផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ខែ ពីបទ«ប៉ះពាល់កម្មសិទ្ធិឯកជន និងប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» តាមមាត្រា២៤៨ និងមាត្រា២៥៣ នៃច្បាប់ភូមិបាល។ តែយ៉ាងណាទោសរបស់សកម្មជនទាំង៥ត្រូវបានព្យួរ។
ទោះបីបែបនេះក្ដី សកម្មជនពីរនាក់បានទទួលមរណភាពទៅហើយ មុនសវនាការរបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ចាប់ផ្ដើម។ ក្នុងនោះអ្នកស្រី ស្រៀវ ទ្រាន បានស្លាប់ក្នុងឆ្នាំ ២០២២ និងលោក ផ្លឹក ភីឌូ បានស្លាប់នៅឆ្នាំ ២០២៤ ។ ជាមួយគ្នាបណ្ដឹងអាជ្ញាររបស់អ្នកទាំងពីរត្រូវបានរលត់ផងដែរ។ គួរជម្រាបថា សកម្មជនដីធ្លីទាំង៥នាក់នេះ ត្រូវបានឈ្មួញរកស៊ីលក់ដីធ្លីប្ដឹងនៅពេលពួកគាត់ការពារដី ព្រៃ ភ្នំរបស់រដ្ឋ។