en     km
en     km

ក្រុមកូដករហ្គាវើលដ៏បន្តដាក់ញ្ញត្ដិស្នើរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយវិវាទការងារ

Share

រូបភាពឯកសារ កូដករតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងឆ្នាំ២០២៣

ក្រុមកូដករហ្គាវើលដ៏បន្តដាក់ញ្ញត្ដិស្នើរដ្ឋមន្ត្រីក្រសួងការងារដោះស្រាយវិវាទការងារ ដែលពួកគេបានតវ៉ា រ៉ាំរ៉ៃអស់រយៈពេលជាង៣ឆ្នាំមកហើយ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារ លោកកត្តា អ៊ន អះអាងថា ករណីនេះត្រូវបានសម្របសម្រួលជាច្រើនសារតែមិនសះជា។ លោក គីម ចាន់ចាវ រាយការណ៍

 

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ៤០នាក់ ដែលភាគច្រើនជាស្ត្រីបានមកដាក់ញ្ញត្តិនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីស្នើសុំឱ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ អន្តរាគមន៍ពាក់ព័ន្ធទៅនឹងវិវាទដែលកើតឡើងនៅកាស៊ីណូ ណាហ្គាវើលដ៏ និងស្នើដល់រដ្ឋមន្ត្រីក្រសួងការងាររូបនេះ អន្តរាគមន៍ចំពោះតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យកូដករណាហ្គាវើលដ៍ដែលត្រូវបានក្រុមហ៊ុនបញ្ឈប់ចូលធ្វើការឡើងវិញ។ ក្នុងពេលដាក់ញត្តិនោះ ពួកគេបានលើកឡើងពីការលំបាកផ្នែកជីវភាពដែលចុះដុនដាប ក្រោយពេលក្រុមហ៊ុនណាហ្គាវើលដ៍ បញ្ឈប់ពួកគេពីការងារ ជាង៣ឆ្នាំមកនេះ ដោយមិនមានដំណោះស្រាយ។

ក្រសួងការងារកំពុងពិនិត្យមើលអំពីវឌ្ឍនភាពជុំវិញនៃការដោះស្រាយបញ្ហានេះ ក្រោយពីបានទទួលញ្ញត្តិរបស់កូដករណាហ្គាវើលដ៍ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

ការតវ៉ារបស់កម្មករទាំងនោះ   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទាររ៉ាំរ៉ៃមកដល់ពេលនេះ។

ឆ្លើយតបចំពោះបញ្ហានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្តា អ៊ន បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃ០៦​ ខែមីនានេះថា តាមនីតិវិធីដោះស្រាយវិវាទការងារតាមច្បាប់ការងារ ក្រសួងបានប្រឹងប្រែងដោះស្រាយករណីនេះ។ ករណីនេះតាមច្បាប់ផុតសមត្ថកិច្ចក្រសួងការងារហើយ ភាគីអាចប្តឹងទៅតុលាការ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ

អ្នកនាំពាក្យក្រសួងការងារូបនេះអះអាងថា កន្លងមកក្រសួងបានប្រឹងប្រែងសម្របសម្រួលដោះស្រាយ​វិវាទតាមយន្តការដោះស្រាយវិវាទតាមច្បាប់ការងារ ចំនួន២លើក និងបានបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់រួចហើយ។ ប៉ុន្តែក្រុមកូដករមិនអនុវត្តតាមសេចក្តីសម្រេចរបស់អជ្ញាកណ្តាល ចេញធ្វើការតវ៉ាជារូបភាព បាតុកម្ម និងកូដកម្ម។ ករណីនេះស្ថិតក្នុងសមត្ថកិច្ចគណៈកម្មការដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា ។ គណៈកម្មការនេះបានសម្របសម្រួល ២៧លើក តែភាគីមិនសះជា។

ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមីនា ឆ្នាំ២០២៤នេះ មានរយៈពេល ១ឆ្នាំកន្លះហើយ៕

 

Share

ព័ត៌មានទាក់ទង

Image