en     km
en     km

USAID ផ្តើមផ្តល់ជំនួយជុំទី១ផ្តោតលើពង្រឹងសមត្ថភាពយុវជនចូលរួមសកម្មភាពអភិវឌ្ឍន៍សហគមន៍

Share

ភ្នំពេញ៖ USAID បានប្រកាសពីជំនួយរបស់ខ្លួនជាបន្តនៅកម្ពុជា ដោយជំរុញលើកកម្ពស់យុវជនដែលស្ថិតនៅក្នុងក្រុមងាយរងគ្រោះពីការរើសអើងខ្ពស់ ដើម្បីឱ្យពួកគេមានសមត្ថភាពនិងលទ្ធភាពអាចចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍន៍សហគមន៍។ នេះបើតាមទំព័រហ្វេសប៊ុករបស់ USAID កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ដែលបានបង្ហោះកម្មវិធីសម្ពោធគម្រោង Advancing Youth Leadership (AYL)។

(អត្ថបទដោយ លោក កែវ សុខា និងកញ្ញា សៃ ចន្ធី ជូនសេចក្តីរាយការណ៍)

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានចាប់ផ្តើមការផ្តល់ជំនួយជុំទីមួយ ក្រោមគម្រោងថ្មីមួយដែលមានឈ្មោះ ថា Advancing Youth Leadership (AYL)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID កាលពីថ្ងៃទី០៤ ខែមីនា ហើយ USAID បានធ្វើកម្មវិធីសម្ពោធ គម្រោង AYLកាលពីថ្ងៃទី០៥ ខែមីនា ម្សិលមិញ។

 បើតាម USAID ​គម្រោង AYL នេះគឺជាកម្មវិធីមួយដែលមានរយៈពេលប្រាំឆ្នាំ ដើម្បីពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់យុវជន និងលើកស្ទួយយុវជនក្នុងការចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍន៍សហគមន៍។

មួយទៀតដែរ គម្រោង AYL ក៏មានគោលបំណងស្វែងរកយុវជនចន្លោះចាប់ពីអាយុ១៥-២៩ឆ្នាំ ដោយផ្តោត លើអ្នកដែលមកពីក្រុមដែលត្រូវបានគេរើសអើង និងសហគមន៍ដែលខ្វះខាត រួមទាំង​សហគន៍  LGBTQI+ អ្នកដែលមានពិការភាព និងអ្នកដែលមកពីក្រុមជនជាតិដើមភាគតិច ឬសាសនាជនជាតិភាគតិចជាដើម។

រូបភាពនៃពិធីសម្ពោធគម្រោង AYL ក្រោមជំនួយរបស់USAID។រូបភាពពីហ្វេសប៊ុកUSAID។

នៅក្នុងកម្មវិធីសម្ពោធនៅរាជធានីភ្នំពេញ លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ប្រចាំនៅកម្ពុជាបានកត់សម្គាល់ថា និន្នាការ សកលបង្ហាញថាយុវជនកំពុងជួបប្រទះការផ្លាស់ប្តូរនៃការវិ វឌ្ឍបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមដ៏សំខាន់ ស្របពេលសកលលោកកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ដូចនេះការគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជននៅថ្ងៃនេះ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតរបស់កម្ពុជា។

តាមរបាយការណ៍វាយតម្លៃ Cross-Sector Cambodia Youth របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ឆ្នាំ ២០១៩ បានរកឃើញថា យុវជនជាច្រើន ចាប់អារម្មណ៍លើរឿងរ៉ាវជាច្រើនដែលកំពុងកើតមាននៅក្នុងសហគមន៍របស់ពួកគេ។ ជាងនេះពួកគេចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ សហគមន៍ និងជួយដោះស្រាយបញ្ហានានាដែលកើតឡើងក្នុងសហគមន៍របស់គេផងដែរ។ ទោះជាដូច្នេះក្តី យុវជនកម្ពុជាជាច្រើននាក់គ្មានឱកាសដើម្បីចូលរួម ទទួលបានការអភិវឌ្ឍជំនាញ ការចែករំលែកគំនិត ឬទទួលបានបទពិសោធន៍ជាក់ស្តែងដើម្បីយកទៅអនុវត្តប្រកបដោយអត្ថន័យនោះទេ។ ការវាយតម្លៃនេះបានរកឃើញទៀតថា ភាគច្រើននៃគំនិតផ្តួចផ្តើមសមត្ថភាពរបស់យុវជននៅមានទំហំតូច និងមានដែនកំណត់នៅឡើយ។

ដោយឡែកលោកស្រី Nicole Johnson ប្រធានគ្រប់គ្រងកម្មវិធី AYL មានប្រសាសន៍ក្នុងពិធីសម្ពោធថា  តាមរយៈគម្រោង AYL ស្ថាប័នក្នុងស្រុកនឹងទទួលបានធនធាន និងការគាំទ្រដើម្បីចូលរួមជាមួយយុវជនក្នុងការអភិវឌ្ឍជំនាញ និងទទួលបានបទពិសោធដែលសមស្របដើម្បីរៀបចំអនាគតមួយដែលល្អប្រសើរ។”

តាមរយៈកម្មវិធីបើកឲ្យអនុវត្តជាផ្លូវការនៃ AYL ស្ថាប័នចូលរួមនឹងទទួលបានជំនួយមូលនិធិសម្រាប់ធ្វើអន្តរាគមន៍ ដើម្បីចូលរួមក្នុងការពង្រឹងសមត្ថភាពស្នូលរបស់យុវជន ដែលក្នុងនោះរួមមាន៖

ជំនាញជីវិត និងមូលដ្ឋានគ្រឹះនៃភាពជាអ្នកដឹកនាំ ដោយមានការតម្រង់ទិស ការត្រិះរិះពិចារណា និងជំនាញទំនាក់ទំនង។ មួយទៀត គឺជំនាញអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ក្នុងនោះផ្តោតទៅលើ ការចូលរួមរបស់ពល រដ្ឋ ការកំណត់ចំណោទបញ្ហា និងស្វែងដំណោះស្រាយ។ ជាងនេះទៀត គម្រោងក៏បានគិតគូរលើបញ្ហាជំនាញ ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ អ្វីដែលគម្រោងត្រូវអនុវត្តទៀតនោះ គឺជំនាញវិជ្ជាជីវៈ ដោយមានមជ្ឈមណ្ឌលអភិវឌ្ឍន៍អាជីពការងារ កម្មវិធីសិក្សាដែលផ្ដល់ប្រាក់បៀវត្សរ៍ ការតម្រង់ទិសអាជីព និងបទពិសោធជាក់ស្តែង  ដែលមានជំនួញខ្នាតតូចដឹកនាំដោយយុវជន កម្មវិធីដែលផ្តោតលើសហគមន៍ និងកម្មវិធីផ្សេងៗដែលរៀបចំឡើងដោយយុវជនផងដែរ។

ក្នុងពិធីសម្ពោធកាលពីម្សិលមិញនោះដែរ យុវជន ទេព ប៊ុណ្ណាក់ មកពីរាជធានីភ្នំពេញ បានចែករំលែកអត្ថប្រយោជន៍ដែលខ្លួនទទួលបានតាមរយៈការចូលរួមជាយុវជនស្ម័គ្រចិត្តជាមួយអង្គការសង្គមស៊ីវិល ក្នុងស្រុក។ ប៊ុណ្ណាក់ បន្តថា រូបគេបានបង្កើនភាពក្លាហាន និងទទួលបានឱកាសដើម្បីចូលរួមក្នុងកម្មវិធីជាច្រើនដើម្បីពង្រឹងសមត្ថភាពបន្ទាប់ពីបានប្រឡូកការងារសង្គម។ យុវជនរូបនេះបន្ថែមថា រូបគេចាប់ផ្ដើមស្រឡាញ់សង្គមកាន់តែច្រើន មានទំនាក់ទំនងល្អ និងមានការជួយជ្រោមជ្រែងពីមនុស្សជុំវិញខ្លួន។

សូមជម្រាបថា កម្មវិធីជំនួយរបស់ USAID ខាងលើតាមរយៈគម្រោង AYL ​នឹងដាក់ឱ្យដំណើរការនៅខែក្រោយៗ ទៅតាមទីតាំងចំនួនបីបន្ថែមទៀត រួមមានតំបន់ជុំវិញខេត្តសៀមរាប ដោយគ្របដណ្តប់លើខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងនោះដែរ គម្រោងក៏មានសកម្មភាពនៅតាមតំបន់ជុំវិញខេត្តរតនៈគិរីផងដែរ ដោយគ្របដណ្តប់លើខេត្តស្ទឹងត្រែង និងមណ្ឌលគិរី និងតំបន់ជុំវិញខេត្តតាកែវ មានខេត្តកំពត ព្រៃវែង និងស្វាយរៀង។ តំបន់ទាំងនេះត្រូវបានបង្កើតឡើងដើម្បីគ្រប ដណ្តប់ខេត្តទាំង ១៤ ដែលតំណាងឱ្យជាង ៦៦ភាគរយនៃចំនួនប្រជាជនកម្ពុជា ដែលមានដង់ស៊ីតេប្រជា ជនវ័យជំទង់ និងក្រុមដែលត្រូវបានគេរើសអើងខ្ពស់។

USAID កត់សម្គាល់ឃើញថា ​ប្រទេសកម្ពុជាមានយុវជន និងក្មេងជំទង់ច្រើនជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានជាង ៦០ ភាគរយនៃចំនួនប្រជាជនដែលមានអាយុ ក្រោម ៣០ឆ្នាំ និងស្ទើរតែ ៣៧ភាគរយដែលមានអាយុចន្លោះពី ១០ ទៅ ២៩ ឆ្នាំ។ បច្ចុប្បន្ននេះជិត ៤៣ភាគរយនៃប្រជាជនដែលមានអាយុធ្វើការនៅក្នុងប្រទេសកម្ពុជាគឺចន្លោះពីអាយុ១៥ ទៅ ២៩ ឆ្នាំ។

USAID ផ្តល់ការគាំទ្រដល់ AYL តាមរយៈ Chemonics International ដែលជាដៃគូអនុវត្តរបស់ខ្លួន។ បន្ថែម ពីលើការលើកស្ទួយយុវជន USAID ក៏បានផ្តោតសំខាន់លើការជួយដល់ប្រជាជនកម្ពុជា តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព ការពង្រឹងវិស័យសុខភាព ការអប់រំ និងសុខុមាលភាពសម្រាប់ប្រជាជនកម្ពុជា ព្រមទាំងការការពារសិទ្ធិមនុស្ស គណនេយ្យភាព និងតម្លាភាពរបស់រដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង៕

 

 

Share

Image
Image
Image