en     km
en     km

របាយការណ៍៖ ត្រីទន្លេមេគង្គមួយប្រភេទក្នុងចំណោម ៥ ប្រភេទប្រឈមនឹងការផុតពូជ

Share

ជលផលត្រីទន្លេមេគង្គដែលប្រជាកសិករប្រមូលបាន។ រូបភាព៖ USAID។

ភ្នំពេញ៖ ត្រីទន្លេមេគង្គដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាច្រើននាក់ រួមទាំងជាផ្នែកមួយនៃប្រព័ន្ធទន្លេមេគង្គ បច្ចប្បន្នត្រូវបានគេរកឃើញថា ត្រីមួយប្រភេទក្នុងចំណោម ៥ ប្រភេទកំពុងតែប្រឈមនឹងការផុតពូជ ដែលទាមទារឱ្យមានការចូលរួមការពាររកដំណោះស្រាយលើបញ្ហាប្រឈមនេះ។ របកគំហើញនេះមានគូសបញ្ជាក់នៅរបាយការណ៍ថ្មីមួយមានចំណងជើងថា «Mekong’s Forgotten Fishes» បោះពុម្ពផ្សាយដោយ Wonders of the Mekong ជាមួយអង្គការ WWF-Cambodia ដែលនិយាយពីការព្រមានអំពីការធ្លាក់ចុះរបស់ត្រីទន្លេមេគង្គ។
របាយការណ៍ក៏បង្ហាញពីមូលហេតុមួយចំនួនដែលបង្កឱ្យមានការប្រឈមនេះផងដែរ។ បញ្ហាប្រឈមរួមមាន ការបាត់បង់ទីជម្រក ឥទ្ធិពលនៃការសាងសង់ទំនប់វារីអគ្គីសនី កត្តាប្រែប្រួលអាកាសធាតុ និងការគម្រាមកំហែងផ្សេងទៀត ដែលបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនត្រីក្នុងតំបន់។
របាយការណ៍បន្តថា ការគម្រាមកំហែងទាំងនេះកំពុងបំផ្លិចបំផ្លាញមច្ឆា និងជលផលត្រីនៅបឹងទន្លេសាប រហូតដល់ ៨៨ ភាគរយ នៅចន្លោះឆ្នាំ ២០០៣-២០១៩ និងមួយភាគបីនៃតម្លៃជលផលទន្លេមេគង្គរវាងឆ្នាំ ២០១៥-២០២០។
ទិន្នន័យបង្ហាញបន្ថែមថា ត្រីទន្លេមេគង្គមួយចំនួនត្រូវបានគេមើលរំលង ហើយយ៉ាងហោចណាស់ ១៩ភាគរយនៃត្រីទាំងអស់នេះ កំពុងឆ្ពោះទៅរកការផុតពូជ ដោយមាន១៨ ប្រភេទត្រូវបានចុះបញ្ជីជាប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។
របាយការណ៍នេះក៏បានលើកឡើងពីតួនាទីសំខាន់របស់ត្រីទាំងអស់នេះដែលផ្តល់អត្ថប្រយោជន៍សម្រាប់គាំទ្រដល់សង្គម និងសេដ្ឋកិច្ចនៅទូទាំងតំបន់។
ទន្លេមេគង្គមានធនធានជលផលទឹកសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ដែលមានចំនួនជាង១៥ ភាគរយនៃត្រីក្នុងពិភពលោកទាំងមូលដោយរកចំណូលបានជាង១១ ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយជាប្រភពដ៏សំខាន់សម្រាប់សន្តិសុខស្បៀង និងជីវភាពរស់នៅរបស់ប្រជាជនជាង៤០ លាននាក់នៅក្នុងសហគមន៍អាងទន្លេមេគង្គ។
ជាដំណោះស្រាយដើម្បីការពារការផុតពូជនៃប្រភេទត្រីដែលកំពុងប្រឈមការគំរាមកំហែង ក្នុងរបាយការណ៍បំផុសឡើងនូវដំណោះស្រាយមួយចំនួនដូចជា ការកែលម្អគុណភាពទឹក បញ្ឈប់ការកេងប្រវ័ញ្ចធនធាន បង្កើនការយល់ដឹងទៅដល់អ្នកនេសាទក្នុងស្រុក និងសហគមន៍៕

Share

Image
Image
Image