en     km
en     km

បារាំងជាប្រទេសតែមួយគត់ដែលផ្តល់សិទ្ធិដល់ស្រ្តីក្នុងការរំលូតកូនស្របច្បាប់

Share

ក្រោមសំណើរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron សមាជិកសភាបារាំងសម្រេចអនុម័តច្បាប់ស្តីពីសិទ្ធិរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសបារាំងជាធរមានកាលពីថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤ ដែលធ្វើឱ្យបារាំងក្លាយជាប្រទេសតែមួយគត់ដែលអនុញ្ញាតឱ្យស្រ្តីទៅទទួលសេវារំលូតទារកក្នុងផ្ទៃយ៉ាងស្របច្បាប់ និងដោយស្ម័គ្រចិត្ត។ នេះបើយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

ជុំវិញច្បាប់ចែងថ្មីនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង​ បានមានប្រសាសន៍ថា ច្បាប់នេះនឹងក្លាយជាមធ្យោបាយមួយដើម្បីការពារសិទ្ធិស្រ្តីក្នុងការទទួលបានសេវារំលូតកូន និងផ្តល់សិទ្ធិសេរីភាពដល់មនុស្សគ្រប់រូបសម្រាប់ការសម្រេចចិត្តថាតើពួកគេត្រូវការមានកូន ឬក៏មិនទាន់ចង់បាន។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal យល់ថា នេះជាគំរូដ៏ល្អសម្រាប់ប្រទេសជុំវិញពិភពលោក។

យោងតាមការស្ទង់មតិថ្មីៗនេះបង្ហាញដែរថា សិទ្ធិរំលូតកូននេះទទួលបានការគាំទ្រពីសាធារណៈជនបារាំងច្រើនជាង ៨០% ដែលភាគច្រើនពលរដ្ឋបារាំងពេញចិត្តឱ្យរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ មនុស្សមួយចំនួនបានប្រឆាំងនឹងសិទ្ធិរំលូតកូននេះ ដោយអះអាងថា ប្រទេសជាច្រើនសូម្បីតែនៅក្នុងទ្វីបអឺរ៉ុប ពិសេសសហរដ្ឋអាមេរិក ក៏មានមតិដែលព្យាយាមរារាំងដល់សេរីភាពរបស់ស្ត្រីក្នុងការរំលូតកូននៅក្នុងផ្ទៃបើទោះបីស្រ្តីទាំងនោះមិនចង់មានក៏ដោយ។

វិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាដំណើរការដ៏លំបាក និងជាព្រឹត្តិការណ៍ដ៏កម្រមួយនៅក្នុងប្រទេសបារាំងដែលផ្តល់សិទ្ធិ និងការពារលើស្រ្តីជុំវិញការរំលូតកូន។ ច្បាប់លើកកម្ពស់សិទ្ធិស្រ្តីនេះ បានចាប់ផ្តើមអនុម័តនៅឆ្នាំ១៩៥៨ និងត្រូវរដ្ឋធម្មនុញ្ញបារាំងធ្វើវិសោធនកម្មចំនួន ១៧ដងរួចមកហើយ។ យ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា វិសោធនកម្មថ្មីនេះនឹងត្រូវប្រកាសជាផ្លូវការ និងដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងពិធីសាធារណៈមួយនៅក្នុងទីក្រុងប៉ារីសនៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ ដែលស្ថិតក្នុងថ្ងៃទិវានារីអន្តរជាតិខាងមុខនេះ៕

ប្រភព៖  AP ចុះថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image