en     km
en     km

ស្ត្រីកូដករណាហ្គាវើលដ៍ ដែលរងបួសដៃ អះអាងថា ដំណោះស្រាយវិវាទនៅស្ងាត់ឈឹងនៅឡើយ

Share

រូបភាពឯកសារ នកនាង ម៉ម សុវឌ្ឍិន តវ៉ានៅមុខ កាស៊ីណូណាហ្គាវើលដ៍ (NagaWorld) កាលពីឆ្នាំ២០២៣

ស្ត្រីកូដករណាហ្គាវើលដ៍ ដែលរងបួសដៃ អះអាងថា ដំណោះស្រាយវិវាទនៅស្ងាត់ឈឹងនៅឡើយ។ ស្ត្រីកូដកររូបនេះបានរងបួសដៃ និងជើង ដោយសារ សន្តិសុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) ប្រើហិង្សារុញច្រាន កាលពីរសៀលថ្ងៃទី០២ ខែមីនា។ លោក គីម ចាន់ចាវ រាយការណ៍

 

កូដករជាស្ត្រីម្នាក់ ដែលសកម្មលើការតវ៉ានៅមុខក្រុមហ៊ុន កាស៊ីណូណាហ្គាវើលដ៍ គឺអ្នកនាង ម៉ម សុវឌ្ឍិន បានរងរបួសត្រង់ម្រាមដៃ និងជើង នៅពេលជិះម៉ូតូជ ទៅមុខកាស៊ីណូណាហ្គាវើលដ៍ ដើម្បីធ្វើកូដកម្មតវ៉ាទាមទារសិទ្ធិការងារដែលពួកគេអះអាងថាត្រូវបានថៅកែកាស៊ីណូមួយនេះបំពាន។

កូដករណាហ្គាវើលដ៍ អ្នកនាង ម៉ម សុវឌ្ឍិន បានប្រាប់វិទ្យុស្ត្រីថា ដំបូងឡើយសន្តិសុខមិនទាន់បិទទ្វានៅឡើយទេ លុះដល់ឃើញអ្នកនាង ជិះម៉ូតូ ជាមួយកូដករម្នាក់ទៀត មកដល់មុខក្រុមហ៊ុន ស្រាប់តែមេសន្ដិសុខណាហ្គាវើលដ៍យករនាំងដែកមករុញអ្នកនាង បណ្ដាលឱ្យរងរបួសដៃ និងជើង។ អ្នកនាងចាត់ទុកទង្វើរហិង្សារបស់មេសន្ដិសុខកាស៊ីណូណាហ្គាវើលនេះ ថាជាការបម្រើប្រយោជន៍បរទេស ដោយមើលរំលងការទាមទារ ដែលជាសិទ្ធិ និងប្រយោជន៍របស់កម្មករនិយោជិត។

«មុនដំបូងខាងក្រុមហ៊ុន គេអត់ទាន់បិទប៉ារ៉ាស់ទេ ហើយពេលដែលយើងជិះទៅដល់អាកន្លែងហ្នឹង (កន្លែងមុខក្រុមហ៊ុនហ្នឹង ស្រាប់តែឃើញ ខាងសន្តិសុខ មេសន្ដិសុខគាត់យកប៉ារ៉ាស់ហ្នឹងមកបំបុកយើងមកតែម្ដង។ ហើយបំបុកហ្នឹងត្រូវដៃកណ្ដាលយ៉ាងខ្ទាំតែម្ដង»។

ការតវ៉ារបស់កម្មករទាំងនោះ   បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការចោទប្រកាន់ក្រុមហ៊ុនថា បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំ ហើយភាគច្រើននៃអ្នកដែលត្រូវបញ្ឈប់នោះគឺជាសមាជិកសហជីព។ យ៉ាងណាក្រោយការតវ៉ានេះ ក៏មានកូដករមួយចំនួនបានងាកទៅចូលធ្វើការវិញផងដែរក្រោយការចរចាពីភាគីក្រុមហ៊ុន ប៉ុន្តែអ្នកនៅសេសសល់នៅតែបន្តសកម្មភាពតវ៉ាទាមទាររ៉ាំរ៉ៃមកដល់ពេលនេះ។ ពាក់ព័ន្ធនឹងការតវ៉ាលើវិវាទការងារកាស៊ីណូណាហ្គាវើលដ៍នេះ កញ្ញា ឈឹម ស៊ីថរ ជាប្រធានសហជីពណាហ្គាវើលដ៍ដែលធ្លាប់ដឹកនាំការតវ៉ានេះ កំពុងជាប់ពន្ធនាគារជាលើកទី២នៅឡើយបើគិតមកទល់នឹងខែមីនា ឆ្នាំ២០២៤នេះ មានរយៈពេល ១ឆ្នាំកន្លះហើយ។ ទន្ទឹមនឹងនេះក៏មានភាគីមួយចំនួនបានចោទប្រកាន់ថាក្រុមកូដករណាហ្គានេះជាអ្នកស៊ីឈ្នួលធ្វើបាតុកម្ម ប៉ុន្តែការចោទប្រកាន់នេះត្រូវបានក្រុមកូដករច្រានចោលក្នុងការតវ៉ាជាច្រើនលើកកន្លងមក។

ទោះយ៉ាងណា គេសង្កេតឃើញថា ខាងភាគីក្រុមហ៊ុនណាហ្គាវើលដ៍នៅតែមិនអើពើនិងប្រតិកម្មតបចំពោះការធ្វើកូដកម្មរបស់ក្រុមបុគ្គលិកឡើយ ទោះបីជាក្នុងការតវ៉ារបស់ក្រុមកូដករស្ទើររាល់លើកបានចោទប្រកាន់ទៅក្រុមហ៊ុនយ៉ាងណាក្តី។ ជាក់ស្តែងទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនណាហ្គាវើលដ៍បង្ហោះតែកម្មវិធីកំសាន្តនិងសេវាកម្មរបស់ក្រុមហ៊ុននិងដំណឹងជ្រើសរើសបុគ្គលិកតែប៉ុណ្ណោះ។ អ្នកនាង ម៉ម សុវឌ្ឍិន អះអាងថា ភាគីពាក់ព័ន្ធផ្សេងទៀត ហាក់ព្រងើយកន្តើយជុំវិញវិវាទនេះ។

«នៅពេលនេះ អត់ទាន់មានដំណោះស្រាយឱ្យពួកខ្ញុំទេ សូម្បីមួយចំណិតក៏អត់មានដែរ ហើយដាក់ញត្តិទៅខុទ្ធកាល័យអីហ្នឹងស្ងាត់ឈឹង។ ក្រសួងការងារក៏លែងមានការហៅចរចាអីដែរ អត់មានទេឥលូវនេះ អស់ៗរលីងតែម្ដង ស្ងាត់ឈឹងតែម្ដង។ ហើយបើនិយាយពីថៅកែឡើងថ្មីវិញ ឡើងហើយតែអត់ដែលចេញមុខជាសាធារណៈ ឬក៏មកដោះស្រាយរឿងហ្នឹងអត់ទេ»។

ក៏ប៉ុន្តែកាលពីពេលកន្លងទៅ រដ្ឋាភិបាលបានចេញសេចក្ដីប្រកាសមួយជុំវិញបញ្ហាវិវាទកូដករណាហ្គាវើលដ៍នេះ ដោយបញ្ជាក់ថា ក្រសួងបានផ្ដល់ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដល់បុគ្គលិកដែលបានប៉ះពាល់ដោយសារការកាត់បន្ថយបុគ្គលិកនេះ ហើយអះអាងថាបានបន្តធានាថា ផលប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិតដែលត្រូវបានកាត់បន្ថយ ត្រូវបានធានា។ យ៉ាងណាក្រុមកូដក៏ណាហ្គាវើលដ៏អះអាងថា ពួកគេនៅតែបន្ត ទាមទារស្វែងរកអន្តរាគមន៍ពីក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធ ដើម្បីជាពន្លឺសម្រាប់ពួកគេ៕

Share

ព័ត៌មានទាក់ទង

Image