en     km
en     km

អ្នកនាំពាក្យក្រសួងកសិកម្មប្រតិកម្មទំព័រហ្វេសប៊ុកមួយករណីផ្សាយបំភ្លៃពីតម្លៃកសិផលធ្លាក់ចុះពេលប្រមូលផល

Share

ភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហោះសារប្រតិកម្មតបទៅទំព័រហ្វេសប៊ុកមួយមានឈ្មោះTemple News ករណីផ្សព្វផ្សាយបំភ្លៃថាតម្លៃកសិផលបានធ្លាក់ចុះពេលប្រមូលផល។

ការហ៊ានអះអាងថា ទំព័រហ្វេសប៊ុកខាងលើផ្សព្វផ្សាយព័ត៌មានមិនពិត ដ្បិតអ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់ថា រូបភាពកសិករដែលយំសោកនិងមានអាការៈអស់សង្ឃឹមនោះ គឺជារូបភាពកសិករនៅប្រទេសឡាវនិងប្រទេសនេប៉ាល់ ពោលគឺពុំមែននៅកម្ពុជានោះទេ។

បន្ថែមពីនេះលោក ឃឹម ហ្វីណង់ ថែមទាំងភ្ជាប់តំណលីងនៃប្រភពរូបភាពទាំងនោះ ដើម្បីជាការបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយរបស់គណនីហ្វេសប៊ុក Temple News ពិតជាដកស្រង់រូបភាពពីបរទេសមកបំភ្លៃការពិតពីស្ថានភាពពិតនៅកម្ពុជា។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។រូបភាពពីហ្វេសប៊ុកលោក ហ្វីណង់។

ជាងនេះទៀត លោក ឃឹម ហ្វីណង់ ក៏ប្រើឆាតហ្វេសប៊ុកផ្ទាល់ខ្លួន ឆាតសួរបញ្ជាក់ក្នុងប្រអប់បញ្ចេញមតិឬComment ទៅកាន់គណនីហ្វេសប៊ុកខាងលើផងដែរជុំវិញរឿងនេះ ដោយសួរបញ្ជាក់ពីទីតាំងកើតហេតុ។

ជាការឆ្លើយតប គណនីហ្វេសប៊ុក Temple News  តបថា ខ្លួននឹងកែតម្រូវ និងព្យាយាមរកប្រភពទីតាំង។ តែយ៉ាងណា ព័ត៌មានមួយនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុក Temple News  លុបចោលវិញដោយមិនត្រូវមើលឃើញទេនៅថ្ងៃទី០៥ខែមីនានេះ។

ការប្រតិកម្មតបនេះ បន្ទាប់ពីទំព័រហ្វេសប៊ុកខាងលើកាលពីសប្តាហ៍មុនបានដកស្រង់រូបភាពកសិករទ្រហោយំដោយម្ចាស់គណនីបានបន្ថែមខ្លឹមសារអបជាមួយរូបភាពថា «អាណិតកសិករខ្មែរណាស់តម្លៃស្រូវនិងបន្លែកាន់តែធ្លាក់ចុះ ពេលចាប់ផ្តើមដាំតម្លៃថ្លៃ តែពេលប្រមូលផលតម្លៃក៏ធ្លាក់ចុះ»។

សម្រាប់លោក ឃឹម ហ្វីណង់ ចាត់ទុកទង្វើខាងលើថា ជាចេតនាបង្កភាពចលាចលក្នុងសង្គម និងដើម្បីតែកេងយកផលចំណេញផ្ទាល់ខ្លួនយ៉ាងអាត្មានិយមតែប៉ុណ្ណោះ។

រូបភាពដែលត្រូវបានដកស្រង់និងបង្ហោះបន្ត។រូបភាពពីហ្វេសប៊ុកលោក ហ្វីណង់។

 លោកបានប្រដូចករណីនេះទៅនឹងករណីការប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់នៅតំបន់កន្លុកបាយក្អែក នៅឃុំផាត់សណ្តាយកាលពីពេលថ្មីៗនេះផងដែរ ដោយថាគឺជាការបង្កើតមាតិកាព័ត៌មានប្រឌិតដើម្បីទាញយកការចុច Likes,Shares និងViews ដោយមិនខ្វល់ពីផលប៉ះពាល់ និងឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ ។

ទោះបីជាច្រានចោលករណីខាងលើក្តី តែអ្នកនាំពាក្យរូបនេះ នៅតែទទួលស្គាល់ពីបញ្ហាក្នុងវិស័យកសិកម្មដែលមានបញ្ហាត្រូវដោះស្រាយ ខណៈលោកអះអាងថារដ្ឋាភិបាល  កំពុងតែព្យាយាមដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយ៉ាងសស្រាក់សស្រាំ។

 

តាមរយៈព័ត៌មានខាងលើ អ្នកនាំពាក្យក្រសួងកសិកម្មសង្ឃឹមថា ករណីមួយនេះនឹងក្រើនរំលឹកដល់សាធារណៈជនទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន ថ្លឹងថ្លែង និងរង់ចាំផ្ទៀងផ្ទាត់ជាមុនសិន មុននឹងធ្វើការវិនិច្ឆ័យ ឬចែករំលែកព័ត៌មានល្បីណាមួយនៅលើបណ្តាញសង្គម៕

 

 

Share

Image
Image
Image