en     km
en     km

អ្នកជំនាញ៖ សន្ទុះនៃការគាំទ្រទស្សនីយភាពល្ខោនស្បែកធំធ្លាក់ចុះ នៅយុគសម័យឌីជីថលនេះ

Share

 

ទស្សនីយភាពល្ខោនស្បែកធំសម្តែងជូនសាធារណជនទូទៅនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៤ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ 

ភ្នំពេញ៖លោក ម៉ាន់ កុសល ប្រធានអតីតសមាគមសិល្បៈសុវណ្ណភូមិ និងជាគ្រូបង្រៀនសិល្បៈល្ខោនស្បែកមួយរូប ផង មើលឃើញថា  សន្ទុះនៃការមកទស្សនាផ្ទាល់នូវការសម្តែងល្ខោនស្បែកធំមានការធ្លាក់ចុះ ក្នុងយុគសម័យឌីជីថល ស្របពេលបច្ចប្បន្នមនុស្សគ្រប់រូបអាចទស្សនាតាមប្រព័ន្ធអនឡាញបាន។

កញ្ញា យឿន ស្រីមុំ រាយការណ៍

ទស្សនីយភាពល្ខោនស្បែកធំត្រូវបានប្រារព្ធឡើងក្នុងឱកាសគម្រប់ខួបលើកទី២៦ នៃទិវាវប្បធម៌ជាតិ ៣មិនា ២០២៤ ដែលសម្តែងដោយ​លោកគ្រូ និងសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ជូនដល់សាធារណជននៅទីតាំងសាលាផ្ទាល់។ ទិដ្ឋភាពទូទៅនាឱកាសនេះ ឃើញថាមានការចាប់អារម្មណ៍ពីសំណាកមហាជនដែលរួមមាន យុវជន ក្មេងចាស់ ប្រុស ស្រី សម្តែងក្តីត្រេកអរដែលបានទស្សនានូវទស្សនីយភាពល្ខោនស្បែកធំ។ ក៏ប៉ុន្តែបើតាមការលើកឡើងរបស់ លោកម៉ាន់​ កុសល ប្រធានសមាគមសិល្បៈសុវណ្ណភូមិ និងជាគ្រូបង្រៀនសិល្បៈល្ខោនស្បែក ព្រមទាំងជាអ្នកសម្តែងល្ខោនស្បែកជើងចាស់មួយរូបផងមើលឃើញ​ថា សន្ទុះនៃការចាប់អារម្មណ៍មកទស្សនាផ្ទាល់ការសម្តែងល្ខោនស្បែកធំមានចំនួនតិចតួចនៅឡើយ។

«យើងឃើញថាក្នុងរយៈសម័យបច្ចេកវិទ្យាជឿនលឿនដែលយើងមានsmart phone កាន់គ្រប់ដៃយើងឃើញទស្សនិកជនធ្លាក់ក្នុងការមើលទស្សនីយភាពផ្ទាល់ ហើយក៏អសស្រ័យលើសេដ្ឋកិច្ចដែរ សេដ្ឋកិច្ចយើងរៀងធ្លាក់បន្តិចដែរអ៊ីចឹងធ្វើឱ្យមនុស្ស យកពេលវេ​លាដើម្បីសេដ្ឋកិច្ចច្រើនជាងយកពេលវេលាដើម្បីសិល្បៈ។»

ងាកទៅមើលការសង្កេតឃើញរបស់ក្រុមការងារទស្សនីយភាពល្ខោនស្បែកធំឯទៀតវិញគឺ លោក ឃួន​ សិទ្ធិគុណ វ័យ​ជិត៥០ឆ្នាំ អ្នកដុតភ្លើងនៅពីក្រោយផ្ទាំងទស្សនីយភាពល្ខោនស្បែក ដែលជាផ្នែកសំខាន់បង្កើតឱ្យមានការសម្តែងចេញជារូបរាងបាន មានប្រសាសន៍ស្រដៀងគ្នាទៅនឹងលោក​ម៉ាន់ កុសល ដែរ។ លោកថា ចំនួននៃអ្នកទស្សនាផ្ទាល់នៅតែមានចំនួនតិច ក៏ប៉ុន្តែសំឡេងនៃការគាំទ្រពីស្រទាបមហាជន ជាពិសេសយុវជន ទៅលើទស្សនីយភាពល្ខោនស្បែកមានច្រើនដែលជាការមួយជំរុញទឹកចិត្តដល់ក្រុមសិល្បៈ នៅតែលះបង់ និងខិតខំ​បន្តក្នុងវិស័យនេះតទៅមុខទៀត។

« អ្នកគាំទ្រអាចកើនឡើងរាល់ថ្ងៃហ្នឹង ហើយក្នុងនាមជាអ្នកសិល្បៈដល់ឃើញអ្នកគាំច្រើនអរណាស់។»

ដោយឃើញថាសន្ទុះនៃអ្នកទស្សនាផ្ទាល់នូវទស្សនីយភាព​ធ្លាក់ចុះ លោក ម៉ាន់​កុសល ប្តេជ្ញាថាក្នុងនាមជាអ្នកសិល្បៈ និងស្រលាញសិល្បៈមួយរូបលោកនឹងខិតខំថែរក្សាសម្បត្តិវប្បធម៌មួយនេះ តាមរយៈការបណ្តុះថ្នាលចំណេះជំនាញទៅដល់យុវជនដែលចាប់អារម្មណ៍នឹងល្ខោនស្បែកនេះ។

«ប្រសិនបើខ្ញុំនៅ(ប្រឡូកក្នុងវិស័យសិល្បៈ) អ៊ីចឹងវាជាជំនាញមួយដែលមិនអាចបេះចេញរួចស្រាប់ហើយ គឺខ្ញុំមិនឱ្យទៅណាទេ​គឺខ្ញុំនៅតែធ្វើវា ហើយអ្វីៗនៅពេលអនាគតអ្វីៗគឺស្ថិតនៅលើក្មេងៗនេះហើយ ហើយនឹងកាអប់រំរបស់ខ្ញុំទៅលើគាត់ថាតើអាស្រ័យទៅលើគាត់ចាប់អារម្មណ៍ប៉ុណ្ណា ចាប់បានប៉ុណ្ណា ស្រលាញ់ប៉ុណ្ណា។»

ដើម្បីឱ្យទស្សនីយភាពមួយនេះនៅតែបន្តវត្តមានសម្តែងជូនសាធារណជន លោក ម៉ាន់ កុសល ស្នើឱ្យមនុស្សគ្រប់គ្នាគួរស្វែងយល់បន្ថែមពីសិល្បៈ និងបន្តគាំទ្រដើម្បីលើកកម្ពស់ និងរក្សាតម្លៃនៃសិល្បៈល្ខោនស្បែកមួយនេះ។

«ម្ហូបដែលយើងកំពុងស្លរាល់ថ្ងៃនេះតាមរយៈល្ខោនស្បែកធំនេះគឺថាជួយទិញជួយមកហូបទៅជួយគ្នា ព្រោះថាទាំងនេះជារបស់ខ្មែរ ជួយទាំងការមកទស្សនា និងផ្សព្វផ្សាយបន្តទៅឱ្យមានតម្លៃដើម្បីយើងទាំងអស់គ្នា»។

កន្លងមកបណ្តាអ្នកសម្តែងសិល្បៈល្ខោនស្បែកធំមួយចំនួនសម្តែងក្តីព្រួយបារម្ភចំពោះការឈានទៅរកការបាត់បង់សិល្បៈល្ខោនស្បែកមួយនេះ រហូតព្រួយខ្លាចមានការដកចេញពីបញ្ជីបេតិភណ្ឌពិពភលោកដែលត្រូវបានអង្គការ​យូ​ណេស្កូ​ការ​​ដាក់បញ្ចូល​ល្ខោន​ស្រមោល​ស្បែក​ធំ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបីថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​0​៥ ទៀតផង​។ ព្រួយបារម្ភព្រោះថាបន្ទាប់ពីមានការឆ្លងជំងឺឆ្លងសាកលកូវីដ-១៩ ទស្សនីយភាពល្ខោនស្បែកធំត្រូវបានអាក់ខានសម្តែង ហើយសមាគមសិល្បៈខ្លះក៏ចាប់ផ្តើមបិទទ្វាជាបន្តបន្ទាប់ដោយសារវិបត្តហិរញ្ញវត្ថុ៕

Share

Image
Image
Image