បន្ទាប់ពីមានការងឿងឆ្ងល់ និងរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជនលើបណ្តាញសង្គមពាក់ព័ន្ធនឹងករណី មានការបោះតង់ពីសំណាក់ទាហានវៀតណាម ក្នុងបរិវេណសាលា បឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ពេលនេះ រដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្តាល អះអាងថាការបោះតង់ពីសំណាក់រៀតណាមនេះ គឺជាការចុះអនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ រុករកអដ្ឋិធាតុអតីតកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមរបស់ខ្លួនកាលសង្គ្រាម។
(កញ្ញា ងិនស៊ាងលីម រាយការណ៍)
នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល និងសំណាក់អ្នកលេងតាមបណ្តាញសង្គមមានការងឿងឆ្ងល់ និងចោទសំណួរទៅថ្នាក់ដឹកនាំ ពាក់ព័ន្ធក្រុមទាហានវៀតណាមបានមកបោះតង់ ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ថា« ខ្ញុំមានសំណួរចង់សួរថាតើទាហានវៀតណាមមកបោះតង់ ក្នុងបរិវេនសាលានិងវត្តកោះទៀវ តើភូមិឃុំដឹងឮទេ? ហើយមកក្នុងគោលបំណងអ្វី?»។ ចំណែកអ្នកផ្សេងទៀតបានបង្ហោះថា «អ្នកភូមិឆ្ងល់ថា៖ ហេតុអ្វីឲ្យសញ្ជាតិគេរាប់ម៉ឺននាក់ហើយ មិនអស់ចិត្តឲ្យកងទ័ពពួកគេមកបោះតង់ក្នុងវត្តរបស់ពួកគាត់ទៀត???…. សូមអានសាររបស់ពួកគាត់៖ ខ្ញុំមានសំណួរចង់សួរថាតើទាហានវៀតណាមមកបោះតង់ក្នុងបរិវេន សាលានិងវត្តកោះទៀវ តើភូមិឃុំដឹងឮទេ? ហើយមកក្នុងគោលបំណងអ្វី?»។ មិនខុសពីអ្នកមុនៗ ក្នុងបណ្តាញសង្គមមានការបង្ហោះតៗគ្នាដោយចោទជាសំណួរបែបនេះជារឿយៗ។
ក្រោយពីមានការលើកឡើងបែបនេះ ជាការឆ្លើយតបទៅមហាជន និងប្រជាពលរដ្ឋទាក់ទងបញ្ហានេះ នៅទី០៤ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលក្រុងសំពៅពូន ខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺដោយមានខ្លឹមសារថា «ដោយកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ មានការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានតាម រយៈបណ្តាញសង្គម “ហ្វេសបុក”និងសារព័ត៌មាន ដោយគ្មានមូលដ្ឋានព័ត៌មានផ្លូវការណ៍ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងករណី មានការបោះតង់ពីសំណាក់ទាហានវៀតណាម ក្នុងបរិវេណសាលាបឋមសិក្សាកោះទៀវ និងវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ រដ្ឋបាលក្រុងសំពៅពូន សូមអះអាងថា ការណ៍ដែលក្រុមទាហ៊ានវៀតណាមបោះតង់នៅទីនោះ គឺជាការចុះអនុវត្តតាមកំណត់ហេតុកិច្ចសហប្រតិបត្តិការ ស្តីពីផែនការបន្តស្រាវជ្រាវ រុករក ជីកលើក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានបាត់បង់ជីវិតក្នុងសម័យសង្គ្រាមកន្លងមកនៅភូមិសាស្រ្តក្រុងសំពៅពូននេះ ហើយជាជំហានទី២៣ ក្នុងឆ្នាំ២០២៣-២០២៤ រវាងគណៈប្រតិភូ គណៈកម្មាធិការថ្នាក់ជាតិ នៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម និងគណៈប្រតិភូ គណៈកម្មាធិការ នៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ដោយឡែកការចុះស្រាវជ្រាវ និងរុករកនេះ គឺចុះអនុវត្តចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
រដ្ឋបាលក្រុងសំពៅពូន អះអាងថាក្រោយពីការបំពេញភារកិច្ចត្រូវបានបញ្ចប់ ក្រុម K90 ភាគីវៀតណាម នឹងចាកចេញត្រលប់ចូលប្រទេសវៀតណាមវិញតាមច្រកទ្វារ អន្តរជាតិជ្រៃធំ។
ទោះយ៉ាងណាករណីដែលមានក្រុមទាហានវៀតណាមបានមកបោះតង់ នៅលើទឹកដីព្រំព្រទល់ជាមួយកម្ពុជានេះ កំពុងស្ថិតក្នុងការតាមដាន ពីសំណាក់ប្រជាពលរដ្ឋនៅឡើយ៕
អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕