en     km
en     km

ខេត្តកណ្តាល៖កម្មកររោចក្រអេវ៉ាយស៊ីជាង២០០នាក់ធ្វើកូដកម្មស្នើឱ្យដោះស្រាយបញ្ហាកង្វះការងារធ្វើនិងទូទាត់ប្រាក់អតីតភាព

Share

ភ្នំពេញ៖កម្មករ កម្មាការិនី នៃរោងចក្រហ្គាម៉ិនស្ថិតក្នុងខេត្តកណ្តាលប្រមាណ ២០០នាក់នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ បានប្រមូលផ្តុំគ្នាតវ៉ាទទូចដល់ខាងរោងចក្រដោះស្រាយវិបត្តិខ្វះការងារធ្វើ និងការទូទាត់ប្រាក់អតីតភាពការងារជូនកម្មករករណីរោងចក្រគ្មានលទ្ធភាពដំណើរការផលិតសម្លៀកបំពាក់ទៀតនោះ។ ជុំវិញរឿងនេះរដ្ឋបាលរោងចក្រថាភាគីក្រុមហ៊ុនកំពុងប្រជុំរកដំណោះស្រាយ។

(លោក កែវ សុខា ជូនសេចក្តីរាយការណ៍)

នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤នេះ កម្មករ កម្មាការិនីនៃរោងចក្រអេវ៉ាយស៊ី ហ្គាម៉ិន ហ្វេកធើរី ស្ថិតក្នុងស្រុកអង្គស្នួល  ខេត្តកំពង់ស្ពឺ ប្រមាណ២០០នាក់ បានមកប្រមូលផ្តុំគ្នាក្នុងបរិវេណរោងចក្រធ្វើកូដកម្មស្នើឱ្យថៅកែជួយដោះស្រាយបញ្ហាកង្វះការងារធ្វើ បន្ទាប់ពីរោងចក្របានព្យួរការងារកម្មករពាក់កណ្តាលហើយប្រាក់ខែក៏ទទួលបានតែ៥០%តែប៉ុណ្ណោះ។

អ្នកស្រី ទន រឿន វ័យ៤៨ឆ្នាំ ដែលបំរើការងារនៅរោងចក្រញ៉ូអូខិតជាង១០ឆ្នាំដែលបច្ចុប្បន្នប្តូរមកឈ្មោះថា អេវ៉ាយស៊ី ហ្គាម៉ិន ហ្វេកធើរី បានប្រាប់វិទ្យុស្រ្តីថា កម្មករសព្វថ្ងៃជួបប្រទះការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង បន្ទាប់ពីរោងចក្របានកាត់បន្ថយការងារកម្មករពី ១០០% មកសល់ត្រឹម ៥០% ។ ជួបការលំបាកព្រោះកម្មករត្រូវចំណាយលើការហូបចុក ការធ្វើដំណើរ និងផ្គត់ផ្គង់ការសិក្សារបស់កូនៗ ក៏ដូចជាថ្លៃបង់ធនាគារ ខណៈប្រាក់ខែដែលធ្លាប់ទទួលបានជាង ៣០០ដុល្លារ នៅសល់តែជាង១៥០ដុល្លារក្នុងមួយខែ។ អ្នកស្រីថា ប្រាក់តិចតួចបែបនេះពុំអាចឱ្យអ្នកស្រីក៏ដូចជាកម្មកផ្សេងទៀតបន្តការងារបានទៀតឡើយ ដោយកម្មករស្នើឱ្យថៅកែរោងចក្រទូទាត់ប្រាក់សំណងនានានិងប្រា​ក់អតីតការងារ ករណីបើសិនរោងចក្រពុំអាចបន្តដំណើរការបានទៀតមែននោះ។

អ្នកស្រី ទន រឿន៖«លំបាកណាស់អូន បើបង់អង្គការផង បងប្តីក៏ឈឺហើយចេញតែម៉ោងបួន ការងារអត់គ្រប់ថ្ងៃទៀត។ទាមទារថា បើអត់បិទទេសុំឱ្យមានការងារធ្វើគ្រប់គ្រាន់ បើមិននេះទេទាមទារ១០០%ហ្មង»។

កម្មករមកតវ៉ាមិនព្រមចូលធ្វើការខណៈរោងចក្រព្យួរការងារជាបន្តបន្ទាប់។រូបភាពពីហ្វេសប៊ុកសហព័ន្ធសហជីបសេរីឯករាជ្យ។

មិនខុសគ្នាពីស្រ្តីកម្មការិនីខាងលើនោះទេ អ្នកស្រី តុប យ៉ាវ អាយុ៥០ឆ្នាំក៏ត្អូញត្អែរពីការលំបាកក្នុងជីវភាពរស់នៅផងដែរបន្ទាប់រោងចក្របានព្យួរការងារកម្មករ៥០%។ អ្នកស្រីថា ដោយសារខ្វះការងារធ្វើបែបនេះ ទើបកន្លងមកធ្វើឱ្យកម្មករជាច្រើនយល់ព្រមទទួលប្រាក់សំណងតិចតួចពីរោងចក្រហើយលាឈប់តែម្តង។ តែសម្រាប់អ្នកស្រីវិញក៏ធ្លាប់ភាគីរោងចក្របញ្ចុះបញ្ចូលឱ្យទទួលប្រាក់សំណងតិចតួចតែជាង៦០០ដុល្លារនោះដែរ តែអ្នកស្រីមិនព្រម ខណៈប្រាក់សំណងនិងប្រាក់អតីតភាពរបស់អ្នកអាចត្រូវទទួលបានជាង២០០០ ដុល្លារឯណ្ណោះ។

ទេ អ្នកស្រី តុប យ៉ាវ៖«តាំងចិត្តថាឱ្យគេដោះស្រាយ បើសិនថាងាកឈប់ៗចឹងបើថាបិទក៏បិទទៅ ត្រូវបង់ឱ្យប៉ុន្មានក៏បង់ទៅនិយាយគ្នាឱ្យស្រួលបួលទៅ។ ខ្ញុំមិនអាចត្រូវមកអង្គុយនៅផ្ទះទេ ខ្ញុំត្រូវការរកកន្លែងផ្សេងធ្វើការបង់គេដែរ»។

ជុំវិញរឿងនេះ លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ FUFI ប្រាប់វិទ្យុស្រ្តី ដោយយល់ថា ប្រការដែលភាគីរោងចក្រយកលេសព្យួរការងារកម្មករបែបនេះ គឺអាចជាវិធីសាស្រ្តព្យាយាមធ្វើឱ្យកម្មករទទួលយកសំណងតិចតួច ហើយលាឈប់ដោយមិនចាំបាច់ទូទាត់ប្រាក់សំណងនានានិងប្រាក់អតីតភាពការងារដែលកម្មករមានជាង ១០ ឆ្នាំមកហើយនោះ។ លោកបញ្ជាក់ថា ដោយសារការព្យួរការងារពីសំណាក់រោងចក្រនេះ ធ្វើឱ្យកម្មករដែលធ្លាប់បំរើការងារជាង៤ពាន់នាក់ បានលាឈប់អស់ស្ទើរគ្មានសល់ដោយបច្ចុប្បន្នសល់មិនដល់៤០០នាក់នោះទេ។ លោកថា កម្មករចង់ឱ្យរោងចក្រដោះស្រាយប្រាក់អតីតភាពការងារសម្រាប់កម្មករដែលនៅសល់ព្រោះពួកគេមានអតីតភាពការយូរឆ្នាំដោយមិនអាចទទួលសំណងតិចតួចហើយលាឈប់នោះទេ។

លោក សយ ចន្ធូ៖«​សេដ្ឋកិច្ចពិភពលោកកំពុងតែមានបញ្ហា តែយើងក៏មិនចង់ឱ្យគេកេងកម្លាំងកម្មករ ព្រោះអាហ្នឹងជាអ្វីដែលគាត់ត្រូវទទួលបានតាមផ្លូវច្បាប់។យើងគិតមើលរោងចក្របើកជាង១០ឆ្នាំមកហើយ ហើយក៏មានទ្រព្យសម្បត្តិច្រើនដែរ ចឹងទូទាត់តាមច្បាប់ឱ្យកម្មករទៅ»។

លោក សយ ចន្ធូ ប្រធានសហព័ន្ធសហជីពសេរីឯករាជ្យ FUFI។រូបភាពលើតេឡេក្រាម។

ទាក់ទងរឿងនេះ រដ្ឋបាលរោងចក្រអេវ៉ាយស៊ីដែលសុំមិនបញ្ជាក់ឈ្មោះប្រាប់ថា ខាងភាគីរោងកំពុងតែប្រជុំរកដំណោះស្រាយលើបញ្ហាការតវ៉ារបស់កម្មករកាលពីព្រឹកមិញនេះ ដោយលោកសុំមិនបកស្រាយអ្វីច្រើននោះទេ។

នេះ រដ្ឋបាលរោងចក្រអេវ៉ាយស៊ី៖«ដោយសារតែខ្ញុំកំពុងប្រជុំ ចឹងខ្ញុំមិនអាចនិយាយអ្វីច្រើនបានទេ»។

ភាគីកម្មករបញ្ជាក់ថា នៅព្រឹកស្អែកពួកគេនឹងបន្តពាហិការចេញតវ៉ាដដែល ដើម្បីឱ្យភាគីរោងចក្ររកដំណោះស្រាយសមរម្យជូនពួកគេ ទើបក្រុមកម្មករយល់ព្រមចូលធ្វើការដូចដើម៕

Share

Image
Image
Image