en     km
en     km

អង្គការតម្លាភាព៖ ឧបសគ្គ៣ចម្បងដែលរារាំងយុវជនមិនឱ្យចូលរួមសកម្មភាពនយោបាយក្នុងមូលដ្ឋាន

Share

ក្រោយធ្វើការស្ទង់មតិលើពលរដ្ឋ ជាពិសេសយុវជនប្រមាណ១៦០០នាក់ អង្គកាតតម្លាភាពកម្ពុជារកឃើញថា មានឧបសគ្គ៣ចម្បងដែលរារាំងយុវជនមិនឱ្យចូលរួមសកម្មភាពនយោបាយក្នុងមូលដ្ឋាន។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថា ជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច និងសង្គមព្រមទាំងជាធនធានមនុស្សដែលមានតម្លៃបំផុតរបស់ប្រទេស។ នេះបើតាមការលើកឡើងពីអង្គការតម្លាភាពកម្ពុជា។ តែមានឧបសគ្គចំនួន៣ ដែលរារាំងយុវជនមិនឱ្យចូលរួមក្នុងសកម្មភាពមូលដ្ឋាន។

បើផ្អែកតាមអង្គការតម្លាភាពកម្ពុជា ដែលសិក្សាលើយុវជនចូលរួមក្នុងការស្ទង់មតិចំនួន១៦០០នាក់ បានបង្ហាញថា ឧបសគ្គទាំង៣នេះ រួមមាន កង្វះការអញ្ចើញ កង្វះខាតព័ត៌មាន និងភាពមមាញឹករបស់យុវជន។ ក្នុងនោះ យុវជន៥៧% បាននិយាយថា ពួកគេមិនត្រូវបានឱ្យចូលរួមឱ្យចូលរួមក្នុងសកម្មភាពមូលដ្ឋាននោះទេ។ ចំណែក១៨% និយាយថា នយោបាយគឺជារឿងគ្រោះថ្នាក់ ទន្ទឹមគ្នា ៤៦% លើកឡើងថា ភាពមមាញឹកគឺជាមូលហេតុចម្បង និង៥៤% និយាយថា ពួកគេមិនមានព័ត៌មានពីសកម្មភាពទាំងនោះ។

ក្នុងរបាយការណ៍បន្ថែមថា មានយុវជនតែ១៧% ប៉ុណ្ណោះ ដែលចាប់អារម្មណ៍ ឬចាប់អារម្មណ៍ខ្លាំងលើកកិច្ចការនយោបាយ ហើយភាគច្រើនជាបុរសមានការអប់រំខ្ពស់រស់នៅទីប្រជុំជន និងមានចំណូលខ្ពស់ក្នុងគ្រួសារ។ ចំណែក៨២% នៃយុវជនថាពួកគេមិនចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៏តិចតួចលើកិច្ចការនយោបាយ។

លោក ហេង គឹមហុង ប្រធានបណ្ដាញសមាគមយុវជនកម្ពុជា (CYN) បានលើកឡើងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋមិនចូលរួមនយោបាយ មានដូចជាការអប់រំ វិបត្តិនយោបាយ និងភាពគ្មានសណ្ដាប់ធ្នាប់ក្នុងនយោបាយ និងការមិនលើកទឹកចិត្តរបស់អ្នកកាន់អំណាចជាដើម។

ប្រធានបណ្ដាញសមាគមយុវជនកម្ពុជារូបនេះបន្ដថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងដែលប្រជាពលរដ្ឋ ពិសេសយុវជនមិនចូលរួមក្នុងកិច្ចការនយោបាយបែបនេះ។ លោកសង្ឃឹមថា រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធត្រូវរកមធ្យោបាយដើម្បីឱ្យយុវជនគិតគូពីនយោបាយក្នុងប្រទេស ហើយយុវជនខ្លួនឯងត្រូវតែចូលរួមទាំងអស់គ្នាផងដែរ។

ទាក់ទងបញ្ហានេះ វិទ្យុស្ដ្រីមិនទាន់ទទួលបានការឆ្លើយតបពីអ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅឡើយទេតាមប្រព័ន្ធតេឡេក្រាម។

តាមអង្គការតម្លាភាពដដែលថា ទោះបីជានៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាមានការរីកចម្រើនក៏ដោយ តែនៅកម្ពុជាតម្រូវឱ្យមានការការចូលរួមរបស់យុវជនយ៉ាងសកម្មបន្ថែមទៀត ដើម្បីរៀបចំតួនាទីអនាគតប្រជាធិបតេយ្យសម្រាប់អនាគតពួកគេ៕

Share

ព័ត៌មានទាក់ទង

Image