en     km
en     km

ត្រីនៅទន្លេមេគង្គកំពុងប្រឈមនឹងការផុតពូជ ប្រសិនបើពលរដ្ឋមិនបញ្ឈប់ការបំផ្លាញ

Share


ការអភិវឌ្ឍដែលគ្មាននិរន្តរភាពនៅទន្លេមេគង្គ បានគំរាមកំហែងដល់សុខភាព និងចំនួនត្រីចម្រុះជាច្រើននៅក្នុងទន្លេ ដែលក្នុងនោះប្រភេទត្រីប្រមាណ ១៩%ក្នុងចំណោមត្រីចំនួនជាង ១១៤៨ប្រភេទ កំពុងរងនូវការប៉ះពាល់ និងប្រឈមនឹងការជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសត្វព្រៃពិភពលោក (WWF) ដែលសារព័ត៌មានថៃ Bangkok Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤។

របាយការណ៍ក្រោមចំណងជើងថា The Mekong’s Forgotten Fishes ចងក្រងដោយមូលនិធិសត្វព្រៃពិភពលោក និងក្រុមអភិរក្សសត្វសមុទ្រ និងសត្វព្រៃពិភពលោកចំនួន ២៥ក្រុម បានឱ្យដឹងថា ត្រីដែលនឹងជិតផុតពូជនៅក្នុងទន្លេមេគង្គអាចមានចំនួនខ្ពស់ជាងនេះ ប្រសិនបើមនុស្សនៅតែបំប្លែងដីសើមសម្រាប់ធ្វើកសិកម្មនិងវារីវប្បកម្ម ជីកយករ៉ែខ្សាច់ដែលគ្មាននិរន្តរភាព បំផ្លាញទីជម្រករបស់មច្ឆា នេសាទខុសច្បាប់ ឬនេសាទតែត្រីកម្រ ធ្វើចរន្តទំនប់វារីអគ្គិសនីដែលបំបែកលំហូរនៃទន្លេ និងកត្តាប្រែប្រួលអាកាសធាតុ ក៏អាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។

លោក Zeb Hogan ប្រធានអង្គការ USAID អច្ឆរិយៈនៃទន្លេមេគង្គបាននិយាយថា ទំនប់វារីអគ្គិសនីធ្វើឱ្យលំហូរនៃទន្លេជីវចម្រុះទីបីរបស់ពិភពលោក ផ្លាស់ប្តូរគុណភាពទឹក និងរារាំងការធ្វើបម្លាស់ទីរបស់ត្រី។ លោកបញ្ជាក់ថា ក្នុងចំណោមប្រភេទសត្វដែលប្រឈមមុខនឹងការផុតពូជ ត្រីប្រមាណ ១៨ប្រភេទបានចុះបញ្ជីជាសត្វជិតផុតពូជក្នុងសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ រួមទាំងត្រីឆ្មាធំជាងគេចំនួន ២ ក្បាល ត្រីគល់រាំងធំជាងគេបំផុតរបស់ពិភពលោក និងត្រីឆ្លាមទឹកសាបយក្ស។

ជុំវិញបញ្ហានេះ លោក Hogan សម្តែងក្តីកង្វល់ថា អាចនឹងប៉ះពាល់ដល់សន្តិសុខស្បៀងអាហារសម្រាប់ប្រជាជនយ៉ាងហោចណាស់ ៤០លាននាក់នៅក្នុងអាងទន្លេមេគង្គក្រោម ដែលជីវភាពរស់នៅរបស់ពួកគេទាំងស្រុងគឺអាស្រ័យលើការនេសាទត្រី និងធ្វើកសិកម្មនៅតាមបណ្តោយច្រាំងទន្លេ។ ទន្លេមេគង្គនេះទៀតសោត លាតសន្ធឹងជិត ៥,០០០គីឡូម៉ែត្រពីខ្ពង់រាបទីបេទៅសមុទ្រចិនខាងត្បូង ដែលប្រទេសក្នុងអាស៊ីអាគ្នេយ៍ដូចជាឡាវ មីយ៉ាន់ម៉ា ថៃ កម្ពុជា និងវៀតណាម ទទួលផលពីទន្លេនេះផងដែរ៕

ប្រភព៖ Bangkok Post ចុះថ្ងៃច័ន្ទ ទី៤ ខែមីនា ឆ្នាំ២០២៤

Share

Image
Image
Image