en     km
en     km

CCHR អំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទលើស្ដ្រីជាប់ពន្ធនាគារ២រូប ក្នុងឱកាសសិទ្ធិនារីអន្ដរជាតិ

Share

នៅក្នុងឱកាសទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទលើស្ដ្រីជាប់ពន្ធនាគារ២រូប គឺកញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព និងកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរ-អាមេរិកាំង។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា ស្ដ្រីទាំងពីររូបនេះ ត្រូវជាប់ពន្ធនាគារដោយសារតែសកម្មភាពសិទ្ធិមនុស្សរបស់គាត់។ ក្នុងនោះ CCHR ទាមទារឱ្យបញ្ចប់រាល់ទម្រង់នៃការយាយីទៅលើពួកគាត់ និងអ្នកមានសំឡេងមិនស្របផងដែរ។

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤នេះ CCHR បានបញ្ចេញវីដេអូក្នុងការឱ្យដោះលែង និងទម្លាក់បទចោលលើកញ្ញា ឈឹម ស៊ីថរ ដោយរៀបរាបដំណើរដើមទងនៃការជាប់ពន្ធនាគាររបស់កញ្ញា។ វីដេអូប្រមាណជិត២នាទី បានបញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ បានជាប់ព​ន្ធនាគារកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពេលកញ្ញាវិលមកពីប្រជុំមួយពាក់ព័ន្ធសិទ្ធិការងារនៅប្រទេសអូស្ដ្រាលី ដោយតុលាចោទប្រកាន់កញ្ញាថាបានបំពានលក្ខខណ្ឌឱ្យនៅក្រៅឃុំបណ្ដោះអាស្នន។  កញ្ញាត្រូវបានតុលាការប្រកាសសាលក្រមឱ្យជាប់ពន្ធធនាគារ២ឆ្នាំ ពីបទញុះញង់ កាលពីថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ក៏សម្រេចតម្កល់សាលក្រមដាក់ទោសកញ្ញា។

ចំណែកកញ្ញា សេង ធារី មេធាវីសញ្ជាតិខ្មែរ-អាមេរិក CCHR បានបញ្ចេញវីដេអូ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ដោយបានលើកឡើងដែរថា សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសឱ្យកញ្ញា សេង ធារី ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងបទញុះញង់ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ កញ្ញាត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារក្នុងខេត្តព្រះវិហារជាងមួយឆ្នាំ និងបញ្ជូនមកពន្ធនាគារភ្នំពេញវិញកាលពីខែកញ្ញា ឆ្នាំ២០២៣។

គួរជម្រាបថា ទិវាសិទ្ធិនារីអន្ដរជាតិ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី៨ ខែមីនា ទូទាំងពិភពលោក ដើម្បីអបអរដល់សមិទ្ធផលនៃការចូលរួមរបស់ស្ដ្រី ក្នុងសកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ។ សម្រាប់CCHR ក្នុងឆ្នាំ២០២៤នេះ បានរៀបចំទិវាអន្ដរជាតិនារីក្រោមមូលបទ “វិនិយោគលើស្ដ្រី នាំមកនូវវឌ្ឍនភាពឆាប់រហ័ស”។ បន្ថែមលើការទាមទារឱ្យដោះលែងស្ដ្រីជាប់ពន្ធនាគារទាំងពីរខាងលើ CCHR នឹងមានការបង្ហោះសារផ្ដល់កម្លាំងចិត្តដល់ស្ដ្រីការពារសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាស្ដ្រីផងដែរ។

ទាក់ទងនឹងការអំពាវនាវឱ្យដោះលែង និងទម្លាក់បទចោទនេះដែរ វិទ្យុស្ដ្រីមិនទាន់ទទួលបានការឆ្លើយតបពីលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌តាមប្រព័ន្ធតេឡេក្រាមទេ គិតត្រឹមព្រឹកនេះ។

យ៉ាងណាកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ សង្គមស៊ីវិលចំនួន២០ស្ថាប័នបានចេញសេចក្ដីថ្លៃការណ៍រួមគ្នាមួយក្នុងការរៀបចំទិវានារីអន្ដរជាតិខួបលើកទី១១៣ ក្រោម ​ប្រធាន​បទ “ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម”។ ក្នុងនោះដែរនៅថ្ងៃទី៨ ខែមីនា ផ្ទាល់សង្គមស៊ីវិលទាំង២០ស្ថាប័ននេះ នឹងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យរាជធានី​ភ្នំពេញ ដើម្បី​លើក​ឡើង​ពី​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ស្វែង​រក​ដំណោះស្រាយ​ពី​រដ្ឋាភិបាល៕

Share

ព័ត៌មានទាក់ទង

Image