en     km
en     km

គណៈកម្មការសហគមន៍សង្កែមួយក្នុងស្រុកឆែប ខេត្តព្រះវិហារចាត់ទុកការធ្វើកិច្ចសន្យាពីអាជ្ញាធរមកលើខ្លួនជាការរឹតត្បិតសេរីភាព

Share

ក្រោយផ្ដល់បទសម្ភាសដល់វិទ្យុអាស៊ីសេរីពីរឿងរ៉ាវក្នុងតំបន់ តែលើសពីដែនសមត្ថកិច្ចរបស់ខ្លួន គណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្ដាញព្រៃព្រះរកា លោក ហៀង គីមហុង ត្រូវបានអាជ្ញាធរក្នុងស្រុកឱ្យធ្វើកិច្ចសន្យាមួយបញ្ឈប់ផ្ដល់ព័ត៌មានតទៀតដល់អ្នកសារព័ត៌មានទូទៅ។ លោកហៀង គីមហុង ចាត់ទុកថានេះជាបិទសិទ្ធសេរីភាពរបស់លោកក្នុងផ្ដល់ព័ត៌មានពីរឿងរ៉ាងក្នុងតំបន់ដល់ប្រព័ន្ធផ្សព្វផ្សាយ។

លោក ឡាក់ ច័ន្ទតារា ជូននូវសេចក្ដីរាយការណ៍៖

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរក្នុងស្រុកឆែប ខេត្តព្រះវិហារ រួមមានរដ្ឋបាលស្រុក ការិយាល័យកសិកម្មស្រុក នាយករដ្ឋបាលព្រៃឈើ មេឃុំ និងមេប៉ុស្ដិ៍ បានឱ្យប្រជាពលរដ្ឋម្នាក់ ឈ្មោះ ហៀង គីមហុង មានតួនាទីជា គណៈកម្មការសហគមន៍សង្កែមួយ និងជាបណ្ដាញព្រៃព្រះរកា ធ្វើកិច្ចសន្យាផ្ដិតមេដៃ បញ្ឈប់ការផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី និងអ្នកសារព័ត៌មានផ្សេងៗករណីរឿងរ៉ាងកើតមានក្នុងតំបន់។

តែសម្រាប់អ្នកសារព័ត៌មានចុះដែលផ្សាយការពិត លោក ហៀង គីមហុងថាអាចផ្ដល់បទសម្ភាសតាមទូរសព្ទបាន។ លោកបានឱ្យវិទ្យុស្ដ្រីដឹងនៅថ្ងៃនេះថា ការដែលអាជ្ញាធរឱ្យលោកធ្វើកិច្ចសន្យានេះ មិនខុសនោះទេ តែគ្រាន់ជាការបិទសិទ្ធសេរីភាពរបស់លោកក្នុងផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានទូទៅ។ ការដែលលោកបញ្ជាក់ថាអាជ្ញាធរស្រុកឆែបមិនខុស ដោយសារលោកបានរាយការណ៍ពីរឿងរ៉ាងក្នុងតំបន់ពិតមែន តែលើសពីសហគមន៍របស់លោកគ្រប់គ្រង និងសារព័ត៌មានអាស៊ីសេរីផ្ទាល់បានចុះផ្សាយលើស ពីតួនាទីរបស់លោក។

សូមជម្រាបថា លោក ហៀង គីមហុង បានផ្ដល់បទសម្ភាសជាមួយវិទ្យុអាស៊ីសេរីរឿងបញ្ហាក្រុមហ៊ុនរ៉ែក្នុងស្រុកឆែប និងរឿងរ៉ាវមួយចំនួនទៀតដែលអាជ្ញាធរកំពុងដោះស្រាយបណ្ដើរៗ។ ខណៈលោកផ្ដល់បទសម្ភាសដូច្នេះ ធ្វើឱ្យកក្រើករឿងរ៉ាវមួយចំនួន មិនចំណេញដល់កិច្ចការដែលអាជ្ញាធរកំពុងធ្វើ។ នេះបើតាមការលើកឡើងពីអាជ្ញាធរ ដែលលោក ហៀង គឹមហុង បញ្ជាក់ប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រី។

យ៉ាងណា លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូបានលើកឡើងថា កាលដែលអាជ្ញាធរធ្វើវិធានការដូច្នេះ គឺផ្ទុយពីរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្ដរជាតិស្ដីពីសិទ្ធិមនុស្សដែលកម្ពុជាទទួលស្គាល់ និងកតិកាសញ្ញា ស្ដីពីសិទ្ធិពលរដ្ឋ។ លោកបញ្ជាក់ថា អាជ្ញាធ្វើបែបនេះ គឺជាការរំលោភលើសេរីភាពជាមូលដ្ឋាន និងការបញ្ចេញមតិពលរដ្ឋ។

តែបែបនេះក្ដី លោក ហៀង គឹមហុង អះអាងថា អាជ្ញាធរស្រុកមិនបានគំរាមកំហែងលោកនោះទេ ក្នុងការធ្វើកិច្ចសន្យានេះ គ្រាន់តែថាបើមានអ្នកសារព័ត៌ចង់សួរពីរឿងរ៉ាវក្នុងតំបន់ គួរទាក់ទងទៅអាជ្ញាធរផ្ទាល់៕

Share

ព័ត៌មានទាក់ទង

Image