អ្នកស្រី អ៊ាត សោភា ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ត្រូវបានព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានឋានៈស្មើ រដ្ឋមន្ដ្រី។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ តែត្រូវបានចេញផ្សាយនៅថ្ងៃទី២៩ ខែកុម្ភៈ ម្សិលមិញ។
ការត្រាស់បង្គាប់របស់ព្រះករុណា ធ្វើឡើងក្រោយព្រះរាជក្រឹត្យមួយផ្សេងទៀតដែលចុះព្រះហស្ថលេខានៅថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០២៤ដែរ ដោយបញ្ចប់មុខតំណែងអ្នកស្រី អ៊ាត សោភា ពីឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងប្រចាំប្រទេសកាណាដា ដែលមាននិវេសនដ្ឋាននៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ឱ្យចូលប្រទេសវិញ។
តាមព្រះរាជក្រឹត្យនោះដដែលនោះ អ្នកស្រីត្រូវបានតែងតាំងត្រឹមជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្ដរជាតិកម្ពុជាប៉ុណ្ណោះ។ រហូតមានព្រះរាជក្រឹត្យថ្មីទើបអ្នកស្រីទទួលបានការតែតាំងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ដ្រី។
អ្នកស្រី អ៊ាត សោភា ទើបតែបានតែងតាំងជាឯកអគ្គរាជទូតតំណាងអចិន្ដ្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជតិ និងប្រចាំប្រទេសកាណាដា ទើបតែជាងមួយឆ្នាំប៉ុណ្ណោះ ពោលអំឡុងខែវិច្ឆិកា ឆ្នាំ២០២២។ ចំពោះការបញ្ចប់មុខតំណែងអ្នកស្រី មុនអាណត្តិបែបនេះ មិនត្រូវបានបញ្ជាក់ក្នុងព្រះរាជក្រឹត្យនោះទេ តែលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានវិទ្យុស្ដ្រីតាមប្រព័ន្ធតេឡេក្រាមថា ផ្លាស់ប្តូរលោកស្រី អ៊ាត សោភា មកបំរើការនៅក្រសួងវិញ គឺដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្ស។ នេះជាគោលការណ៌ការងារបស់មន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ពីកន្លែងមួយទៅកន្លែងមួយទៀត យោងតាមការចាំបាច់ និងតម្រូវការរបស់ស្ថាប័ន ។
មន្ដ្រីនាំពាក្យរូបនេះ បន្ថែមថា បន្ទាប់ពីការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី សកម្មភាពការងារការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកើនឡើងគួរឲ្យកត់សំគាល់ ធ្វើឱ្យមន្រ្តីថ្នាក់ដឹកនាំមួយចំនួនត្រូវបានផ្លាស់ប្តូរទៅកាន់តួនាទីផ្សេងៗនៅក្រៅក្រសួងផងដែរ ។
គួរជម្រាបថា អ្នកស្រី អ៊ាត សោភា គឺជាអ្នកការទូតស្រ្តីចាស់វស្សាមួយរូប ដែលបានចាប់ផ្ដើមបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេស តាំងពីឆ្នាំ១៩៨៥។ បន្ថែមពីនេះ អ្នកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃរយៈពេលប្រមាណ៣ឆ្នាំ និងធ្លាប់ធ្វើជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង៕