នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញការប្រកាសលទ្ធផលបណ្ដោះអាស្នននៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ គណបក្សដែលទទួលបានសំឡេងបោះឆ្នោតច្រើន គឺគណបក្សប្រជាជកកម្ពុជានៅទូទាំង៨ភូមិភាគសរុបចំនួន ១០០៥២ សំឡេង។ ចំណែកគណបក្សឆន្ទៈខ្មែរ ទទួលបាន ១៣៩៤សំឡេង នៅទូទាំង៨ភូមិភាគ គណបក្សកម្លាំងជាតិ ទទួលបាន ២៣៤ សំឡេង នៅទូទាំង៨ភូមិភាគ និងគណបក្សហ្វុន ស៊ិន ប៉ិច ទទួលបាន១៩ សំឡេង ប៉ុណ្ណោះ នៅទូទាំង ៨ភូមិភាគ។
គ.ជ.ប បញ្ជាក់ថា គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អាចប្ដឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោងយ៉ាងយូ បន្ទាប់ពីការប្រកាសលទ្ធផលបណ្ដោះអាស្ននចេញថ្ងៃនេះ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ ព្រឹទ្ធសភាកើតឡើងដោយការបោះឆ្នោតជាអសកលផង ជ្រើសតាំងផង និងចាត់តាំងផង។ សមាជិកព្រឹទ្ធសភា មានសមាជិកស្មើនឹងពាក់កណ្តាលនៃចំនួនសមាជិករដ្ឋសភា។ អនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាឆ្នាំ២០០៥ សមាជិកព្រឹទ្ធសភាសម្រាប់នីតិកាលទី៥នេះ មានចំនួន៦២រូប។ ក្នុងនោះសមាជិក ២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និងសមាជិក ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប និង៥៨រូបផ្សេងជ្រើសរើសតាមការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់៕