លោក រ៉ុង ឈុន ទីប្រឹក្សាគណៈកម្លាំងជាតិត្រូវបាន លោក ឆាយ ហុង តំណាងអយ្យការ អមសាលាដំបូងក្រុងភ្នំពេញ បង្គាប់ឱ្យលោកទៅបង់ប្រាក់ពិន័យចំនួន២លានរៀល លើសំណុំរឿងរបស់លោកតាមអំណាចសាលដីការបស់តុលាការកំពូល ដែលចុះកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។
លោក រ៉ុង ឈុន ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធធនាគាររយៈពេល១ឆ្នាំ ៣ខែ ១១ថ្ងៃ និងពិន័យជាប្រាក់២លានរៀល ក្នុងសំណុំរឿង «ញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»កាលពីឆ្នាំ២០២០» ខណៈដែលលោកចុះទៅពិនិត្យនៅព្រំដែនខេត្តត្បូងឃ្មុំ ដែលពលរដ្ឋអះអាងថា វៀតណាមបានរំលោភយកដីស្រែចម្ការរបស់ពួក។ ក្នុងនោះសាលាដំបូងបានផ្ដន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំ ប៉ុន្តែសាលាឧទ្ធរណ៍ បន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹមរយៈពេល ១៥ខែ និង១១ថ្ងៃ នៃទោសជាប់ពន្ធនាគារសរុបចំនួន ២៤ខែ ហើយទោស នៅសល់ត្រូវបានព្យួរ និងពិន័យជាប្រាក់ ២លានរៀល។
ផ្អែកតាមលិខិតរបស់គណបក្សកម្លាំងជាតិចេញនៅរសៀលថ្ងៃទី២៩ ខែកុម្ភៈនេះ ថាលោក រ៉ុង ឈុន នឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តលិខិតរបស់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយគ្នា សមាជិកនៃគណបក្សកម្លាំងជាតិនឹងអមដំណើរលោកក្នុងការទៅបង់ប្រាក់ពិន័យផងដែរ។ តែបើតាមការបញ្ជាក់ពីអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីលោក រ៉ុង ឈុន មិនអនុវត្តតាមការជូនដំណឹងអំពីការបង់ប្រាក់នេះទេ លោកនឹងទទួលបានដីកាបញ្ជាឱ្យបង្ខំ និងឱ្យឃុំខ្លួនតាមនីតិវិធី៕