នៅក្នុងអន្លង់ព្រះសង្ឃ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់នឹងអន្លង់ផ្សោតកាំពី មានកូនផ្សោតកើតថ្មីមួយក្បាលត្រូវ បានប្រទះឃើញ ក្រោយហែលក្នុងហ្វូងសត្វផ្សោត៦ក្បាលផ្សេងទៀត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF បញ្ជាក់នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កូនផ្សោតកើតថ្មីនេះ ជាកូនផ្សោតទី៣ហើយ ដែលបានកើតក្នុងឆ្នាំ២០២៤។
រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអរគុណដល់មន្ដ្រីឆ្មាំទន្លេទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា និងការពារធនធានជលផលដ៏មានតម្លៃនេះ។
តែយ៉ាងណាកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក៏មានសត្វផ្សោតមួយក្បាល ក្នុងខេត្តក្រចេះ បានបាត់បង់ជីវិតផងដែរ ដោយជាប់ឧបករណ៍មងនេសាទ។ ក្នុងនោះរដ្ឋបាលជលផលបានបេ្ដជ្ញាធ្វើការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបបទល្មើសនេសាទ និងដាក់ទោសធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តិល្មើសស្ដីពីច្បាប់ជលផល និងមានរង្វាន់លើកទឹកចិត្តដល់អ្នករាយការណ៍ពេលឃើញមានអ្នកប្រើប្រាស់ឧបករណ៍មងនេសាទនៅតំបន់សត្វផ្សោតរស់នៅ និងឧបករណ៍ឆក់ត្រីជាដើម៕