en     km
en     km

រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីត្រូវដំឡើងជានាយឧត្តមសេនីយ៍ខណៈសង្គមស៊ីវិលរិះគន់រឿងអាស្រូវជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស

Share


រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ី លោក Prabowo Subianto និងជាបេក្ខជនជ្រើសតាំងជាប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់អាណត្តិថ្មី ត្រូវបានតែងតាំងជានាយកឧត្តមសេនីយ៍ផ្កាយបួនបន្ទាប់ពីចប់ការបោះឆ្នោត។ យ៉ាងណាការតែងតាំងនេះ ក្លាយជាចម្ងល់ពីសំណាក់សាធារណជន ពិសេស មន្រ្តីអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ជុំវិញបញ្ហាការរំលោភសិទ្ធិមនុស្សដែលលោករដ្ឋមន្រ្តីរូបនេះធ្លាប់បានប្រព្រឹត្តកាលពីពេលកន្លងទៅ។

(កញ្ញា កែវ សុជាតា រាយការណ៍)

លោក Prabowo Subianto ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី និងជាបេក្ខជនជ្រើសតាំងជាប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់អាណត្តិថ្មី បានទទួលឋានៈជាឧត្តមសេនីយ៍ផ្កាយបួនក្រោមការបំពាក់ស័កដោយផ្ទាល់ពីប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅចំពោះមុខមន្ត្រីយោធា និងប៉ូលីសជាន់ខ្ពស់ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមសារព័ត៌មាន AP ចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្នុងឱកាសនេះ លោក Joko Widodo មានប្រសាសន៍ថា ពានរង្វាន់នេះគឺជាការកោតសរសើរ និងបញ្ជាក់ពីការលះបង់ទាំងស្រុងរបស់បុគ្គលម្នាក់ចំពោះប្រជាជនជាតិ និងរដ្ឋសម្រាប់ប្រទេសឥណ្ឌូនេស៊ី។ ប្រធានាធិបតីរូបនេះបន្តទៀតថា ឋានៈជាឧត្តមសេនីយផ្កាយបួនគឺជាឋានៈយោធាខ្ពស់បំផុតលំដាប់ទីពីររបស់ប្រទេសឥណ្ឌូនេស៊ី ដែលជាធម្មតាមានតែមន្ត្រីដឹកនាំយោធារបស់ប្រទេសប៉ុណ្ណោះដែលអាចទទួលបានតំណែងមួយនេះ។

ស្របពេលគ្នានេះដែរ ក្រុមសិទ្ធិមនុស្សនៅឥណ្ឌូនេស៊ីចេញមុខអះអាងថា លោក Subianto ជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សជាបន្តបន្ទាប់នៅក្នុងប្រទេសទីម័រខាងកើតក្នុងឆ្នាំ១៩៨០-១៩៩០។ ក្រុមសិទ្ធិមនុស្សឥណ្ឌូនេស៊ីចោទប្រកាន់លោក Subianto ដែលជាឧត្តមសេនីយឯក និងជាមេបញ្ជាការនៃកងកម្លាំង ពិសេសកងទ័ព Kopassus ដែលបានធ្វើទារុណកម្មលើសកម្មជនចំនួន ២២នាក់ដែលប្រឆាំងនឹងការគ្រប់គ្រងរបស់លោក Suharto មេដឹកនាំផ្តាច់ការក្នុងឆ្នាំ១៩៩៨។

គួរបញ្ជាក់ដែរថា ចាប់តាំងពីមានការចោទប្រកាន់ លោក Subianto ត្រូវបង្ខំឱ្យលាលែងពីតំណែងចាកចេញពីជួរយោធា និងត្រូវបណ្តេញចេញពីជួរកងទ័ពក្រោមបទល្មើសមិនគោរពបញ្ជាក្នុងឆ្នាំ១៩៩៩៨។ ជាងនេះទៀត លោកត្រូវសហរដ្ឋអាមេរិកដាក់បម្រាមហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ជុំវិញការរំលោភសិទ្ធិមនុស្សដែលប្រឆាំងនឹងប្រជាជនទីម័រខាងកើត។ ក៏ប៉ុន្តែ រហូតដល់ឆ្នាំ២០២០ សហរដ្ឋអាមេរិកសម្រេចដកចេញនូវបម្រាមនេះប្រកបដោយប្រសិទ្ធភាព ដោយលោក Subianto អាចទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងនាមជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី។

ជុំវិញករណីនេះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌូនេស៊ីខាងលើនេះ ធ្លាប់បានចេញមុខច្រានចោល និងបដិសេធលើបញ្ហាការរំលោភសិទ្ធិមនុស្សទៅលើប្រជាជាតិទីម័រខាងកើត។ សូមជម្រាបថា ការឈ្នះឆ្នោតរបស់លោក Subianto មិនទាន់ជាផ្លូវការនៅឡើយទេ ក៏ប៉ុន្តែតួលេខក្រៅផ្លូវការបានបង្ហាញថា លោក Subianto ទទួលបានសំឡេងគាំទ្រជាង ៥៥%នៃសន្លឹកឆ្នោតទូទាំងប្រទេស។ ប្រសិនបើការរាប់ជាផ្លូវការ លោក Subianto នឹងចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីសម្រាប់អាណត្តិនៅខែតុលា ឆ្នាំ២០២៤ខាងមុខនេះ៕

ប្រភព៖ AP ចុះផ្សាយថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤

Share

Image
Image
Image