en     km
en     km

ជនជាតិភាគតិចកួយ ៤នាក់ត្រូវតុលាការខេត្តព្រះវិហារកោះហៅខណៈប្រជាសហគមន៍ជាង២០០នាក់មកប្រមូលផ្តុំឃ្លាំមើល

Share

សកម្មភាពរបស់ប្រជាពលរដ្ឋមកតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីរបស់តុលានៅខាងក្រៅបរិវេណតុលាការខេត្ត

កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ សមាជិកសហគមន៍ជនជាតិភាគតិចកួយចំនួន ៤ នាក់ ចូលខ្លួនតាមការកោះហៅរបស់តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ តាមបទចោទ រារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញុងប្រជាពលរដ្ឋឱ្យចូលកាន់កាប់ប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់។ ដោយឡែកប្រជាសហគមន៍ប្រមាណជា ២០០នាក់បាននាំគ្នាមកតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីនេះផងដែរនៅខាងក្រៅបរិវេណតុលាការខេត្ត។

 

កាលពីថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៤ ម្សិលមិញលោក ថុល គីមហ៊ឹង តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានកោះហៅជនសង្ស័យជាជនជាតិភាគតិចកួយចំនួន ៤ នាក់ឱ្យចូលខ្លួនមកបំភ្លឺតាមតាមការសាកសួររបស់តំណាងអយ្យការ បន្ទាប់ពីអ្នកទាំងបួនរងការចោទប្រកាន់ពីបទ«រារាំងការអនុវត្តការងាររបស់ក្រុមហ៊ុន និងញុះញុងប្រជាពលរដ្ឋឲ្យចូលកាន់កាប់ប្រើប្រាស់ដីរដ្ឋដោយខុសច្បាប់»ដែលប្រព្រឹត្តនៅស្រុកឆែប ខេត្តព្រះវិហា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។
យោងតាមការកោះហៅក្នុងសំណុំរឿងព្រហ្មទណ្ឌលេខៈ ៥៣ អ.ក ចុះនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យដែលជាជនជាតិភាគតិចកួយទាំង ៤រូបនោះរួមមានទី១ លោក សឿន ថា ភេទប្រុសអាយុ ៣១ឆ្នាំ រស់នៅភូមិប្រើសក្អក ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ទី២. លោក ពាន សុផាត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិប្រើសក្អក ឃុំម្លរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារដូចគ្នា។ ទី៣.លោក អៀម អោន ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ និងទី៤. លោក រឹម ធឿយ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបុះ ឃុំម្លូរព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។
ប្រជាសមាគមន៍ជនជាតិដើមភាគតិចកួយមួយរូបគឺលោក ងន ហ៊ឹម ឱ្យដឹងថា ជនជាតិដើមដែលរងការចោទប្រកាន់នេះ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពរារាំងហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនដែលធ្វើសកម្មភាពឈូសឆាយ ព្យួរដំឡូងរបស់ពួកគេចោលតាំងពីចុងឆ្នាំ២០២៣ និងអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ននេះ។

សកម្មភាពរបស់ប្រជាពលរដ្ឋមកតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីរបស់តុលានៅខាងក្រៅបរិវេណតុលាការខេត្ត

លោក ងន ហ៊ឹម ចាត់ទុកការចោទប្រកាន់និងការកោះហៅអ្នកទាំងបួនខាងលើ ឱ្យចូលខ្លួនមកតុលាការបែបនេះ ប្រៀបដូចជាការគំរាមកំហែងបំបាក់ស្មារតីកុំឱ្យពួកគេហ៊ានចេញតវ៉ាទាមទារសិទ្ធិដីធ្លីរបស់ពួកគេតទៅទៀត។
លោក ងន ហ៊ឹម ៖«ចំពោះការកោះហៅរបស់ពួកគាត់នេះ ដូចជារូបភាពគំរាមកំហែងដែល!!! មួយទៀតគឺបំបាក់ស្មារតីពួកគាត់កុំឱ្យពួកគាត់ធ្វើការទាមទារទៅលើដីហ្នឹងវិញ។»
ជុំវិញប្រជាសហគមន៍ប្រមាណ២០០នាក់ដែលឡើងមកតាមដាននៅបរិវេណតុលាការខេត្តនោះ លោក ងន ហ៊ឹម និយាយថា គឺដើម្បីមកគាំទ្រនិងការពារតំណាងរបស់ខ្លួនពីការចាប់ឃាត់ខ្លួន ដោយពីពួកគេបានយកបាយមកទទួលទានហើយបានយាមគ្រប់ច្រកតុលាការ។
លោកប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៨ ខែកុម្ភៈនេះបន្ថែមថា អ្នកទាំងបួនត្រូវបានតុលាការឱ្យត្រឡប់មកផ្ទះវិញកាលពីម្សិលមិញ។ តែលោកជាក់ជឿថា តុលាការនឹងកោះហៅជាថ្មីដើម្បីបំបាក់ស្មារតីពួកគេកុំឱ្យហ៊ានចេញតវ៉ាបន្តទៀត។ លោក ងន ហ៊ឹម ៖«អ៊ីចឹងខ្ញុំជាសហគមន៍ខ្ញុំគិតថាគេនឹងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ព្រោះជាគោលបំណងនិងចេតនារបស់អ្នកពាក់ព័ន្ធ ឬក៏អ្នកនៅពីក្រោយខ្នងនៃរឿងហ្នឹង គឺគេចងគំរាមគំហែងអ្នកសហគមន៍ខ្លាចរអាលមិនហ៊ានទៅតតាំងលើដីខ្លួនឯង។ អានេះជាអ្វីដែលខ្ញុំមើលឃើញករណីពីមុនៗមក ទោះបីជាមិនមានភស្តុតាងជាក់លាក់ ជាក់ស្តែងក៏នៅតែគេកោះហៅលើកទី២ ព្រោះដើម្បីឱ្យប្រជាពលរដ្ឋអ្នកភូមិខ្លាចរអាក្នុងការចូលរស់នៅ ឬចូលទៅអាស្រ័យផលលើដីរបស់គាត់ នេះជាអ្វីដែលខ្ញុំមើលឃើញក្នុងរូបភាពកន្លងមក។»។

សកម្មភាពរបស់ប្រជាពលរដ្ឋមកតាមដាននិងឃ្លាំមើលដំណើរការនីតិវិធីរបស់តុលានៅខាងក្រៅបរិវេណតុលាការខេត្ត

តាមការឱ្យដឹងពីប្រជាសហគមន៍ ក្រុមហ៊ុនបានដំណើការដំបូងលើដីទាំងនេះអំឡុងឆ្នាំ២០១២-២០១៣។ ប៉ុន្តែមួយរយៈក្រោយមកក្រុមហ៊ុនអសកម្មទៅវិញ ទើបប្រជាសហគមន៍ទាំងអស់បានចូលទៅកាន់ដីអាស្រ័យផលរបស់ពួកគាត់វិញ។ បន្តបន្ទាប់មកគឺកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ជនជាតិដើមភាគតិចប្រមាណ ៧នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយប៉ះទង្គិចគ្នាជាកម្មកររបស់ក្រុមហ៊ុនចម្ការអំពៅរបស់ចិន ខណៈជនជាតិដើមភាគតិចចុះទប់ស្កាត់គ្រឿងចក្ររបស់ក្រុមហ៊ុននេះមិនឱ្យឈូសឆាយដីធ្លីរបស់ពួកគាត់។
គួររំលឹកថា ក្រុមហ៊ុន រូយ ហ្វេង គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយក្នុងចំណោមក្រុមហ៊ុនចំនួន៤ ផ្សេងទៀតរបស់ក្រុមហ៊ុនមេឈ្មោះ ក្រុមហ៊ុន ហេងហ្វូ ដែលទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំជាង ៤ម៉ឺនហិកតា (៤២០០០) តាំងពីឆ្នាំ២០១១ សម្រាប់វិនិយោគដាំអំពៅ និងកៅស៊ូ៕

  

អត្ថបទខ្លីសរសេរដោយ កញ្ញា ងិន ស៊ាងលីម សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយឧបត្ថម្ភពី ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ (SDC) ជាមួយនិងស្ថានទូតស៊ុយអែតប្រចាំកម្ពុជា តាមរយៈអង្គការ BBC Media Action៕

Share

ព័ត៌មានទាក់ទង

Image