en     km
en     km

រដ្ឋបាលជលផល៖ឧបករណ៍នេសាទមានរាងដូចព្រួញជាឧបករណ៍ស្របច្បាប់ តែត្រូវផ្អែកលើទំហំនិងប្រវែងអួន

Share

ប៉ុន្មានថ្ងៃមកនេះមានការប្រតិកម្មយ៉ាងខ្លាំង លើរូបភាពមួយដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះការដាក់របាំងសាច់អួន និងលបនៅក្នុងបឹងទន្លេសាប ដែលមានរាងដូចជាព្រួញ និងស្អេកស្កាស់ពេញផ្ទៃបឹង។

ជាការឆ្លើយតបនឹងការប្រតិកម្មនេះ​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានឱ្យដឹងថា ឧបករណ៍នេសាទដែលមានរាងដូចជាព្រួញនោះ គឺជាឧបករណ៍ស្របច្បាប់ ឱ្យតែទំហំក្រឡា និងប្រវែងរបាំងសាច់អួនស្របតាមច្បាប់ស្ដីពីជលផល។

រដ្ឋបាលជលផលបញ្ជាក់ថា រដ្ឋបាលនិងសមត្ថកិច្ច តែងតែធ្វើការត្រួតពិនិត្យជាប្រចាំនូវទំហំក្រឡានៃរបាំងសាច់អួន និងកាត់តម្រឹមប្រវែងដែលវែងខុសច្បាប់ក្នុងតំបន់នោះ។ ប្រភពពីរដ្ឋបាលជលផលអះអាងថា ការដែលឃើញអួនស្អេកស្កាស់ពេញផ្ទៃបឹងបែបនេះ ដោយសារជាប្រពៃណីនៅពេលរដូវទឹកស្រក កន្លែងនេះបានរួមតូច ទើបធ្វើឱ្យការដាក់របាំងលបចាប់ត្រីនៅកៀកៗគ្នា ជាហេតុធ្វើឱ្យប្រជានេសាទមានលទ្ធភាពអាចរកត្រីបានគ្រប់គ្នា សម្រាប់ជាប្រភពអាហារ និងសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

យ៉ាងណា សម្រាប់របាំងអួនដែលលើសប្រវែង និងទំហំក្រឡាដែលកំណត់ដោយច្បាប់ រដ្ឋាបាលជលផលបានហាមជាដាច់ខាតមិនអនុញ្ញាតឱ្យដាក់នោះទេ។ កន្លងមកគណៈកម្មការអន្ដរក្រសួងបានបង្ក្រាបការធ្វើអាជីវកម្មនេសាទខុសច្បាប់ទ្រង់ទ្រាយធំដោយខុសច្បាប់ តាមរយៈការប្រើឧបករណ៍របាំងសាច់អួន និងស្បៃមុងបានប្រវែងជាង១លាន ៦៥ម៉ឺនមែត្រ លបនិងលូជាង១ម៉ឺន ៥ពាន់គ្រឿង ឧបករណ៍ឆក់ក្ដៅ ឆក់ត្រជាក់ជាង១ពាន់គ្រឿង  និងឧបករណ៍ផ្សេងៗដូចជា អួនអូសទឹកសាប អួនហ៊ុម ម៉ាញ់ ឈ្នក់រួមផ្សំភ្លើង និងឈិបយន្ដជាដើម។

បន្ថែមពីលើការឆ្លើយតបនេះដែរ រដ្ឋបាលជលផលបញ្ជាក់ថា ទីតាំងដែលត្រូវបានផ្សព្វផ្សាយ គឺជាផ្នែកតូចមួយនៃបឹងទន្លេសាបប៉ុណ្ណោះ មានឈ្មោះថា កន្លុកបាយក្អែក ស្ថិតនៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវដែលត្រីឆ្លងកាត់នោះទេ៕

Share

Image
Image
Image