អត្រាបង្កកំណើតបន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសជប៉ុន ដែលធ្វើឱ្យចំនួនប្រជាពលរដ្ឋសរុបធ្លាក់ចុះយ៉ាងគំហុក ពិសេសចំនួនទារកដែលកើតក្នុងប្រទេសជប៉ុនមានអត្រាធ្លាក់ចុះក្នុងកម្រិតថ្មីមួយ ដែលទាបក្នុងរយៈពេល ៨ឆ្នាំជាប់ៗគ្នា។ ក្នុងនោះ មន្រ្តីនៃរដ្ឋាភិបាលជប៉ុនបង្ហាញថា ទារកដែលកើតក្នុងប្រទេសជប៉ុនក្នុងឆ្នាំ២០២៣ មានចំនួនជិត ៨០ម៉ឺននាក់ ដែលជាចំនួនទាបបំផុតមួយបើធៀបនឹងឆ្នាំ២០២២ និងចាប់តាំងពីប្រទេសជប៉ុនចាប់ផ្តើមរៀបស្ថិតិចំនួនមនុស្សក្នុងឆ្នាំ១៨៩៩។ នេះបើយោងតាមសារព័ត៌មាន The Guardian ចុះផ្សាយនៅថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។
បើយោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ជប៉ុនកាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ យុវជនជប៉ុនចាប់ផ្តើមស្ទាក់ស្ទើរក្នុងការមានកូន និងយុវជនជនជាតិជប៉ុនជាច្រើននាក់លែងចាប់អារម្មណ៍លើចំណងអាពាហ៍ពិពាហ៍ ឬមានក្រុមគ្រួសារ ពីព្រោះកត្តាមួយចំនួនដូចជាជំងឺបាក់ទឹកចិត្ត ការឱ្យតម្លៃលើអនាគតការងារ តម្លៃនៃការរស់នៅមានការកើនឡើងក្នុងល្បឿនលឿនជាងប្រាក់ខែដែលប្រជាពលរដ្ឋទទួលបាន និងវប្បធម៌សាជីវកម្មដែលឪពុកម្តាយទាំងពីរចេញទៅធ្វើការរៀងខ្លួន ឬរកលុយនៅខាងក្រៅបន្ថែម។ ជាពិសេស ការយំរបស់ទារក និងការមើលថែទាំកុមារតូចៗក្លាយជាក្តីកង្វល់ និងជាភាពរំខានរបស់ឪពុកម្តាយវ័យក្មេងជាច្រើននៅប្រទេសជប៉ុន។
តាមការស្ទង់មតិបញ្ជាក់ថា ចំនួនអាពាហ៍ពិពាហ៍បានធ្លាក់ចុះ ៥.៩% មកនៅត្រឹមជិត ៤០ម៉ឺនគូ ដែលធ្លាក់ចុះក្រោមកន្លះលាននាក់ជាលើកដំបូងក្នុងរយៈពេល ៩០ឆ្នាំ ដែលជាហេតុផលសំខាន់មួយសម្រាប់ការថយចុះនៃការបង្កកំណើតផងដែរ។ ជាងនេះ តាមការវាយស្ទង់មតិពីយុវជនជប៉ុនឱ្យដឹងដែរថា ការបង្កកំណើតក្រៅអាពាហ៍ពិពាហ៍ ឬមានកូននៅមុនពេលរៀបការ គឺកម្រមានណាស់នៅក្នុងប្រទេសជប៉ុន ដោយសារតម្លៃគ្រួសារផ្អែកលើប្រពៃណីនិយម។
ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី លោក Yoshimasa Hayashi បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី២៧ ខែកុម្ភៈថា អត្រាកំណើតដែលកំពុងធ្លាក់ចុះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកព្រមានថា ក្នុងរយៈពេល ៦ឆ្នាំខាងមុខ ឬរហូតដល់ឆ្នាំ២០៣០ ចំនួនប្រជាជនបញ្ចេញកម្លាំងពលកម្មនឹងចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័ស ដែលអាចជះផលប៉ះពាល់យ៉ាងធំសម្រាប់សេដ្ឋកិច្ចនិងសន្តិសុខជាតិ នៅពេលដែលប្រទេសជប៉ុនអនុវត្តផែនការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងមហិច្ឆិតារបស់ចិន។ លោកថា នេះជាឱកាសសម្រាប់ជប៉ុនក្នុងការផ្លាស់ប្តូរនិន្នាការ ដើម្បីសង្គមនិងប្រទេសជាតិទាំងមូល៕
ប្រភព៖ The Guardian ចុះថ្ងៃពុធ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤