en     km
en     km

ក្រសួងបរិស្ថានព្រមានវិធានការច្បាប់ស្របពេលមានចលនាបំផុសពលរដ្ឋឱ្យទន្ទ្រានដីព្រៃធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន

Share

ភ្នំពេញ៖ ក្រសួងបរិស្ថានកាលពីថ្ងៃទី២៧ខែកុម្ភៈម្សិលមិញ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយព្រមានវិធានការផ្លូវច្បាប់លើបុគ្គល ឬ ក្រុមហ៊ុនណាដែលបានបំផុសចលនាឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ និង ដីព្រៃក្នុងតំបន់ការពារធម្មជាតិ យកមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនក្នុងរូបភាពជាដីអាស្រ័យផល។

ការព្រមាននេះ បន្ទាប់ពីក្រសួងបរិស្ថានសង្កេតឃើញថា នៅពេលបច្ចុប្បន្ននេះ នៅតែមានបុគ្គលខិលខូចមួយចំនួនប្រើឧបាយកលបំផុសឱ្យប្រជាពលរដ្ឋចូលកាប់ រុករាន ទន្ទ្រានដីដែលជាកម្មសិទ្ធិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ក្រសួងចាត់ទុកសកម្មភាពខាងលើថាជាទង្វើប្រព្រឹត្តខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងមាត្រា២៦ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ មានត្រា ២៦ បានចែងថា “សហគមន៍មូលដ្ឋាន និងជនជាតិដើមភាគតិចពុំមានសិទ្ធិកាប់គាស់ ឬឈូសឆាយដីព្រៃក្នុង សហគមន៍ តំបន់ការពារធម្មជាតិ ដែលបានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួង បរិស្ថាន និងបង្វែធ្វើជាដីកសិកម្ម ឬ ធ្វើជាកម្មសិទ្ធិបុគ្គល ឬ លក់ ប្តូរ ជួល បញ្ចាំ ប្រវាស់ បែងចែក ដោះដូរ ឬធ្វើការផ្ទេរតំបន់គ្រប់គ្រងរបស់សហគមន៍តំបន់ការពារធម្មជាតិឱ្យទៅជារូបវន្តបុគ្គល ឬនីតិបុគ្គល ណាមួយបានឡើយ»។

ដើម្បីទប់ស្កាត់ចលនានេះ ក្រសួងបរិស្ថានស្នើដល់គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ត្រូវការពារថែរក្សាផ្ទៃដីព្រៃសហគមន៍ឱ្យបានគង់វង្ស និងផ្តល់ព័ត៌មានជាបន្ទាន់ជូនមន្ទីរបរិស្ថានខេត្តសាមី ដើម្បីចាត់វិធានការតាមផ្លូវច្បាប់លើអ្នកប្រព្រឹត្តិឱ្យទាន់ពេល ដើម្បីបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពកាប់ឆ្ការ រុករាន ទន្ទ្រាន ហ៊ុមព័ទ្ធ ដាំដុះដំណាំនៅលើដីសហគមន៍តំបន់ការពារធម្មជាតិ។

ជាងនេះក្រសួងស្នើឱ្យបុគ្គលដែលបានកាប់រុករាន ទន្ទ្រានដីព្រៃសហគមន៍តំបន់ការពារធម្មជាតិ ត្រូវប្រគល់ ដីនោះឱ្យទៅសហគមន៍វិញដោយឥតលក្ខខណ្ឌ និងធ្វើការដាំស្តារព្រៃឈើនៅលើដីដែលបានកាប់រានឡើងវិញ។

ចំណែកមន្ទីរបរិស្ថានខេត្ត ត្រូវដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពមាន សមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តទប់ស្កាត់រាល់សកម្មភាពកាប់ឆ្ការដីព្រៃសហគមន៍ ស្របតាមច្បាប់ជាធរមាន។

សូមរំលឹកថា កាលពីពេលកន្លងទៅអាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បានចុះ​រុះរើ​សំណង់​អនាធិបតេយ្យដែលប្រជាពលរដ្ឋបានសង់លើដីរបស់បុគ្គលឯកជន តាមការឃោសនារបស់មេខ្យល់ញុះញង់ដែលប្រើល្បិច«ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»។ ល្បិចបំផុសពលរដ្ឋនេះ គឺមេខ្យល់ប្រើរូបភាពប្រជាពលរដ្ឋចូលទៅកាន់កាប់ដីរបស់រដ្ឋ ឬរបស់បុគ្គលឯកជនដែលទុកចោល ដោយយកលេសថាពួកគេជាពលរដ្ឋក្រីក្រគ្មានទីជ្រកកោន។

លុះដល់ពេលសមត្ថកិច្ចអាជ្ញាធរឬម្ចាស់កម្មសិទ្ធិប្រើវិធានការបណ្តេញចេញ ពលរដ្ឋទាំងនោះទាមទារសំណងជាថវិកា។ តែបើអាជ្ញាធរមិនមានវិធានការណ៍បណ្តេញនោះទេ នោះក្រុមប្រជាពលរដ្ឋនឹងបានដីកាប់កាន់អាស្រ័យផលលើដីនោះ៕

Share

ព័ត៌មានទាក់ទង

Image