en     km
en     km

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាបន្តបោះជំហានកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនិងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យគិតគូពីបញ្ហាប្លាស្ទិក

Share

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមហ៊ុនកែច្នែប្លាស្ទិក បានជួបពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ និងកែច្នៃប្លាស្ទិកនៅកម្ពុជា ពិសេសបង្កើតទីផ្សារនាំចេញផលិតផលទាំងនេះទៅលក់នៅទីផ្សារអន្តរជាតិ។ ជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG ក៏មានគម្រោងវេចខ្ចប់ក្រដាសដោយប្រើប្រអប់ជ័រដែលអាចឱ្យអតិថជនអាចប្រើប្រអប់ជ័រឡើងវិញ ជាជាងការរុំក្រដាសអនាម័យដោយប្រើថង់ប្លាស្ទិកពីក្រៅ។

តាមរយៈការដាក់ចេញនូវយុទ្ធនាការការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ការនាំចូលថង់ប្លាស្ទិកមកកាន់កម្ពុជានាពេលថ្មីៗនេះ មានការថយចុះជាង ៥០%។ តួលេខនេះ បង្ហាញពីការបោះជំហានដែលស្របតាមការដាក់ចេញនូវយុទ្ធសាស្រ្តចក្រាក្នុងវិស័យបរិស្ថាន ដោយមានការចូលរួមពីសិស្សានុសិស្ស កម្មករ កម្មការនី ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមូលដ្ឋានជាច្រើនលាននាក់។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន។

ក្រោមកិច្ចខិតខំប្រឹងប្រែងនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានជួបសំណេះសំណាលជាមួយលោកស្រី លី ហុងឡានដេបូរា អាន់នី (LEE Hong Lan Deborah Anne) ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត (A1 Plastics Resource Limited) ដោយបានពិភាក្សាអំពីការវិនិយោគលើកាកសំណល់ប្លាស្ទិកនៅកម្ពុជាតាមរយៈការកែច្នៃឡើងវិញ ពិសេសនាំយកផលិតផលដែលកែច្នៃរួចយកទៅលក់នៅទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោក អ៊ាង សុផល្លែត មានប្រសាសន៍លើកទឹកចិត្តរាល់ការវិនិយោគដែលគិតគូរពីផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងមូល និងជាពិសេសទាក់ទិននឹងផលប៉ះពាល់ដល់បរិស្ថាន។ រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ក្នុងយុទ្ធសាស្ត្រដំណាក់កាលទី១នេះ ផ្តោតសំខាន់លើការកាត់បន្ថយការបំពុលបរិស្ថាន ដោយបន្តពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិកនិងគ្រោះថ្នាក់ ការគ្រប់គ្រងការបំពុលទឹក ខ្យល់ និងសំឡេង។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន អេ១ ប្លាស្ទីក រីសសន៍ លីមីធីត (A1 Plastics Resources) មានឯកទេសក្នុងការកែច្នៃដបប្លាស្ទិកប្រភេទប៉ូលីអេទីឡែន (PET) ទៅជាបំណែកនិងគ្រាប់តូចល្អិតៗ ដែលអាចយកទៅប្រើប្រាស់ដើម្បីបង្កើតផលិតផលជាច្រើនប្រភេទដូចជា វាយនភណ្ឌ ធុងអាហារ និងដបជាដើម។ ក្រុមហ៊ុននេះទៀតសោត មានគោលដៅកាត់បន្ថយបរិមាណកាកសំណល់ PET នៅក្នុងប្រទេសកម្ពុជា។

ដោយគិតគូពីបញ្ហានេះ ក្រុមហ៊ុន MG PACIFIC COMPANY LIMITED ជាក្រុមហ៊ុនផលិតក្រដាសអនាម័យម៉ាក់MG បាននិងកំពុងរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងជាក្រុមហ៊ុនមួយដែលផ្តួចផ្តើចគម្រោង «ផ្តើមចេញពីអ្នក»។ គម្រោង «ផ្តើមចេញពីអ្នក»នេះ មានគោលដៅកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសនៅក្នុងប្រទេសកម្ពុជា ពិសេសធ្វើឡើងក្នុងទិសដៅកែច្នៃការវេចខ្ចប់។

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា ក្រុមហ៊ុន MG ដ្បិតតែជាក្រុមហ៊ុនផលិតក្រដាសអនាម័យក៏ពិតមែន តែក្រុមហ៊ុនមានចក្ខុវិស័យខ្ពស់ក្នុងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពក្នុងនាមជាក្រុមហ៊ុននៅក្នុងស្រុកនិងជាស្នាដៃរបស់កូនខ្មែរ។ លោកបន្តទៀតថា ក្រៅពីរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រុមហ៊ុនផលិតក្រដាសអនាម័យ MG PACIFIC COMPANY LIMITED ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។

នៅក្នុងគម្រោងនេះ លោក តាំង សុបិន បញ្ជាក់ទៀតថា អាជីវករអាចជាវក្រដាសអនាម័យសម្រាប់ប្រើប្រាស់នៅក្នុងបន្ទប់ទឹកដោយមានការវេចខ្ចប់ជាប្រអប់ជ័រ ដែលនៅពេលអាជីវករប្រើប្រាស់អស់ អាចយកទៅប្តូរ ឬទទួលសេវាកម្មពីក្រុមហ៊ុនដោយដឹកប្រអប់ថ្មីជូនអតិថិជនដល់ទីតាំងផងដែរ។ លោកអះអាងថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិត និងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា៕

 

Share

Image
Image
Image