en     km
en     km

រដ្ឋលេខាធិការកិច្ចការព្រំដែនអះអាងកោះអាចម៍សេះជារបស់កម្ពុជា មិនដូចការបង្ហោះថាកោះនេះជារបស់វៀតណាមឡើយ

Share

ក្នុងសេចក្ដីបំភ្លឺព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការព្រំដែន បានបញ្ជាក់យ៉ាងច្បាស់ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា កោះអាចម៍សេះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា។


ការបំភ្លឺរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនបែបនេះ ក្រោយមានការលើកឡើងមួយលើបណ្ដាញសង្គមហ្វេសប៊ុកមានឈ្មោះថា អ៊ុក សីលា/Seila បានបង្ហោះសារថា កោះអាចម៍សេះរបស់ខ្មែរម៉េច Google ដាក់ថាកោះរបស់វៀតណាម។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ ថែមទាំងបានភ្ជាប់រូបភាពចេញពី Google Map និងរូបថតកោះអាចម៍សេះដាក់ក្នុងការបង្ហោះផងដែរ។


យ៉ាងណា រដ្ឋលេខាធិការកិច្ចការព្រំដែនថា កោះអាចម៍សេះ មានទីស្នាក់ការប៉ុស្ដិ៍នគរបាលការពារព្រំដែនឈរជើងយាមនៅទីនោះ និងមានភ្ញៀវទេសចរណ៍ចេញចូលទស្សនាកម្សាន្ដជាប្រចាំ។ ជាមួយគ្នា រដ្ឋលេខាធិការកិច្ចការព្រំដែនអះអាងថា ផែនទី Google Map មិនមែនជាផែនទីផ្លូវការ ដែលកំណត់ខ្សែបន្ទាត់ព្រំដែនរវាងរដ្ឋ និងរដ្ឋឡើយ ផែនទីបង្កើតឡើងគោលដៅសម្រាប់គោលដៅពាណិជ្ជកម្មរបស់ខ្លួនតែប៉ុណ្ណោះ។ ក្នុងករណីនេះ រដ្ឋលេខាធិការកិច្ចការព្រំដែនថានឹងធ្វើកិច្ចការបន្ដជាមួយក្រុមហ៊ុន Google។


គួរជម្រាបថា កោះអាចម៍សេះត្រូវបានជ្រើសរើសធ្វើជាទីតាំងសម្រាប់ អង្គការអភិរក្សសមុទ្រកម្ពុជា Marine Conservation Cambodia ដោយធ្វើជាកន្លែងអភិរក្សធនធានក្នុងសមុទ្រ ព្រមទាំងមានការស្ម័គ្រចិត្តចូលរួមពីជនបរទេស និងយុវជនខ្មែរជាច្រើននាក់។ កោះនេះមានទេសភាពពិសេសខ្លាំង ដោយអាចមើលឃើញធ្លុះដល់បាតសមុទ្រ និងអាចមើលឃើញត្រីជាច្រើនប្រភេទ៕

Share

ព័ត៌មានទាក់ទង

Image